កីឡាអន្តរជាតិ
អន្តរជាតិ
De Gea ចាប់​បាល់​ក្រឡាច់​ធ្វើ​ឲ្យ Man Utd ចាញ់​ក្រុម​បាត​តារាង Watford ២-០
23, Dec 2019 , 11:11 am        
រូបភាព
Manchester United ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោយ​ចាញ់​ក្រុម​​បាត​តារាង Watford ២-០ នា​ជំនួប​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃទី​២២ ខែធ្នូ​។ ១​គ្រាប់​ដំបូង កើតឡើង​ដោយសារ​អ្នកចាំទី David de Gea ហក់​ចាប់​បាល់​ក្រឡាច់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​។​


 
២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ Watford រកបាន​ត្រឹម​រយៈពេល​៤​នាទី​ប៉ុណ្ណោះ ពោលគឺ​នៅ​នាទី​៥០ ដោយ​ខ្សែប្រយុទ្ធ Ismaila Sarr និង​នាទី​៥៤ ដោយ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​របស់​ខ្សែប្រយុទ្ធ Troy Deeney នៅក្នុង​តង់​ទី​២​។​
 
​បរាជ័យ​នេះដែរ នឹងធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer រឹតតែ​ពិបាក​ប្រជែង​យក​ចំណាត់ថ្នាក់ Top4 រដូវ​កាល​នេះ ដើម្បី​បាន​កៅអី​លេង​នៅ​ក្របខណ្ឌ Champions League រដូវ​កាល​ក្រោយ​។​


 
​ឆ្លងកាត់​ការប្រកួត​១៨​លើក បិសាច​ក្រហម​រកបាន​២៥​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​៨ បណ្តោះអាសន្ន តាម​ពីក្រោយ​ក្រុម​លេខ​៤ Chelsea ចំនួន​៧​ពិន្ទុ​។ ក្រុម​តោ​ខៀវ កើន​ដល់​៣២​ពិន្ទុ ក្រោយ​ពួកគេ​យកឈ្នះ Tottenham Hotspur ដោយ​លទ្ធផល ២-០​។​
 
​ដោយឡែក ជ័យជម្នះ​របស់ Watford នេះ​ក៏​មិនទាន់​ធ្វើ​ឲ្យ​ពួកគេ​រួច​ផុតពី​បាត​តារាង​ក្របខណ្ឌ​កំពូល​អង់គ្លេស​នៅឡើយ​ដែរ​។ ក្រោយ​បាន​៣​ពិន្ទុ​ពី Man Utd ក្រុម Watford កើន​បាន​១២​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ស្មើ Norwich City តែ​ចាញ់​សំណល់​គ្រាប់​ស៊ុត​បញ្ចូល​ទី ខណៈ Aston Villa ឈរ​នៅ​តំបន់​ត្រូវ​កាត់ចោល​ដូចគ្នា ក្នុង​លេខ​រៀង​ទី​១៨ មាន​១៥​ពិន្ទុ​។​
 
Leicester City នៅតែ​រក្សា​ចំណាត់ថ្នាក់​ទី​២ របស់ខ្លួន​បើ​ទោះ​ចាញ់ Manchester City ៣-១ ក្តី​។ Leicester រកបាន​៣៩​ពិន្ទុ នាំមុខ​ក្រុម​មេឃ​ខៀវ​ចំនួន​១​ពិន្ទុ ខណៈ Liverpool ខក​មួយ​ប្រកួត​នៅ​ឈរ​កំពូល​តារាង​មាន​៤៩​ពិន្ទុ​៕ 



Tag:
 Premier League
  David de Gea
© រក្សាសិទ្ធិដោយ thmeythmey.com