អន្តរជាតិ
រដ្ឋាភិបាល​ថៃ គ្រោង​ផ្តល់​កម្ចី​ជិត​៤០​លាន​ដុល្លារ​ដល់​កម្ពុជា​សង់​ផ្លូវ​ប្រវែង​១៣១​គីឡូម៉ែត្រ​
23, Dec 2019 , 11:47 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចន្ទអូចា ជិះរថភ្លើង អំឡុងពិធីសម្ពោធឲ្យប្រើប្រាស់បណ្តេញផ្លូវដែករវាងកម្ពុជា និងថៃ កាលពីថ្ងៃ ២២ ខែមេសា ឆ្នាំ ២០១៩ (AFP)
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចន្ទអូចា ជិះរថភ្លើង អំឡុងពិធីសម្ពោធឲ្យប្រើប្រាស់បណ្តេញផ្លូវដែករវាងកម្ពុជា និងថៃ កាលពីថ្ងៃ ២២ ខែមេសា ឆ្នាំ ២០១៩ (AFP)
ដោយ:
​រាជាណាចក្រ​ថៃ មាន​គម្រោង​ផ្តល់​កម្ចី ៨,៥​ពាន់​លាន​បាត ឬ​ស្មើនឹង ២៨១,៥៦​លាន​ដុល្លារ​នា​ឆ្នាំក្រោយ ដល់​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ ដើម្បី​សាងសង់​ផ្លូវ​ឆ្លង​ប្រទេស​ថ្មី​ចំនួន ៤ ក្រោម​គំនិត​ផ្តួចផ្តើម​ការតភ្ជាប់​អាស៊ាន​។ ក្នុងចំណោម​កម្ចី​នេះ កម្ពុជា នឹង​ទទួលបាន​ជិត​៤០​លាន​ដុល្លារ​។

 
«​អត្រា​ការប្រាក់​សម្រាប់​គម្រោង​ផ្លូវជាតិ​នីមួយៗ គឺ​គ្មាន​ប្រែប្រួល​ឡើយ ត្រឹមតែ ០,១ ភាគរយ ប៉ុណ្ណោះ​»​។ លោក Perames Vudthitornetiraks ប្រធាន​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង លើកឡើង​បែបនេះ ដោយ​បន្ថែមថា រដ្ឋាភិបាល​ក្រុង​បាងកក ចង់យក​គម្រោង​ទាំងនេះ​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ម​ហា​អនុតំបន់​ទន្លេមេគង្គ (GMS) ។ 
 
​ក្នុងចំណោម​កម្ចី​ទាំង​៨,៥​ពាន់​លាន​បាត​នេះ រដ្ឋាភិបាល​ថៃ នឹង​ផ្តល់​កម្ចី​១,២​ពាន់​លាន​បាត ឬ​ស្មើនឹង​ជិត​៤០​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា ដើម្បី​កសាង​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១៣១​គីឡូម៉ែត្រ​។ ផ្លូវ​ដែល​ត​ភ្ជាប់​ប្រទេស​ទាំងពីរ​នេះ នឹង​ឆ្លងកាត់​តំបន់​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា ដូចជា ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៣ ខែធ្នូ ។​
 
​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ឯណោះ​វិញ ផ្លូវ​ប្រវែង​១៣៨​គីឡូម៉ែត្រ​មួយ​ខ្សែ ដែល​គិត​ជា​ទឹកប្រាក់​តម្លៃ ៤​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង ១៣២,៥​លាន​ដុល្លារ  នឹងត្រូវ​សាងសង់​ផ្លូវ ដើម្បី​ត​ភ្ជាប់​តំបន់​សេដ្ឋកិច្ច​ពិសេស Dawei របស់​មី​យ៉ាន់​ម៉ា​ជាមួយ​ខេត្ត Kanchanaburi នៃ​ប្រទេស​ថៃ​។ តាម​បាងកក​ប៉ុស្តិ៍ លោក Perames អះអាងថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ផ្លូវ​នេះ​។ 
 
​ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ថៃ ក៏មាន​ផែនការ​ផ្តល់​កម្ចី​ដល់​ការសាងសង់​ស្ពាន​មិត្តភាព ថៃ​-​ឡាវ ទី ៥ ដែល​ត​ភ្ជាប់​ខេត្ត Bueng Kan ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ និង​ខេត្ត Bolikhamsai ក្នុងប្រទេស​ឡាវ ។ លុយ​ប្រមាណ ១,៣​ពាន់​លាន​បាត នឹងត្រូវ​ចំណាយ​ដើម្បី​កសាង​ផ្នែក​មួយ​នៃ​ស្ពាន​ដែល​ស្ថិត​លើទឹក​ដី​ឡាវ​។ ចំណែក​គម្រោង​ផ្លូវថ្នល់​មួយទៀត​ក្នុងប្រទេស​ថៃ គឺ​ការកសាង​ផ្លូវ​ប្រវែង ១៤៧​គីឡូម៉ែត្រ ដែលមាន​តម្លៃ​២​ពាន់​លាន​បាត ដែល​នឹង​ចាប់ផ្តើម​ក្នុង​ខេត្ត Nakhon Phanom ប្រទេស​ថៃ ឆ្ពោះទៅកាន់​ទីក្រុង Thakhek ប្រទេស​ឡាវ ហើយ​ហួស​ទៅដល់​រដ្ឋធានី​ហាណូយ នៃ​ប្រទេស​វៀតណាម ផងដែរ​។  
 
​សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​ថៃ នឹង​ទទួលបាន​សំណើ​ឲ្យ​ផ្តល់​ការយល់ព្រម​សម្រាប់​ការអភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នេះ​។ បើតាម​កាសែត បាងកក​ប៉ុស្តិ៍ អ្នកឃ្លាំមើល យល់ឃើញថា ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ជឿនលឿន ដូចជា កម្ពុជា និង​មី​យ៉ាន់​ម៉ា ដែល​ពុំទាន់​មាន​បំណុល​ច្រើន គួរតែ​សាក​សម​នឹង​ទទួលបាន​គំនិត​ផ្តួចផ្តើម​បែបនេះ​៕

Tag:
 ថៃ​
  កម្ពុជា​
  ឡាវ​
  មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com