អន្តរជាតិ
វៀតណាម​ស្នើ​អឺរ៉ុប​ព​ន្លឿ​ន​ការអនុម័ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ទាំងសងខាង​
23, Dec 2019 , 2:27 pm        
រូបភាព
ឧបនាយករដ្ឋមន្ត្រីវៀតណាម ផាម ប៊ិញមិញ ជួបជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបសម្រាប់កិច្ចការការបរទេស និងគោលនយោបាយសន្តិសុខ Josep Borrell ។ រូបភាពក្រសួងការបរទេសវៀតណាម
ឧបនាយករដ្ឋមន្ត្រីវៀតណាម ផាម ប៊ិញមិញ ជួបជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបសម្រាប់កិច្ចការការបរទេស និងគោលនយោបាយសន្តិសុខ Josep Borrell ។ រូបភាពក្រសួងការបរទេសវៀតណាម
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានស្នើ​ត្រង់ៗ​ឲ្យ​មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប​ជួយ​ព​ន្លឿ​ន និង​ជំរុញ​សភា​សហភាព​អឺរ៉ុប​ដើម្បី​អនុម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អឺរ៉ុប និង​វៀតណាម ដែល​ពុំទាន់​ចូល​ជា​ធរមាន​នៅឡើយ​នោះ​។ ក្រុង​ហាណូយ ថ្លែង​បែបនេះ ដោយ​អះអាងថា ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​របស់​ភាគី​ទាំងពីរ​។

 
​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម Phạm Bình Minh នៅ​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា វៀតណាម បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ពិភាក្សា និង​សម្របសម្រួល​ការងារ​ជាមួយនឹង​សហភាព​អឺរ៉ុប​លើ​បញ្ហា​ដែលជា​ក្តីបារម្ភ​រួម​របស់​ភាគី​ទាំងពីរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់លោក​ឧបនាយករដ្ឋមន្ត្រី ធ្វើឡើង​នា​ជំនួប​ក្រៅផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៤ ក្នុងប្រទេស​អេ​ស្ប៉ា​ញ ជាមួយនឹង​លោក Josep Borrell តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​ផងដែរ ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ឆ្លៀតឱកាស​នោះ នៅ​ចំពោះមុខ​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ប្រមុខ​ការទូត​វៀតណាម​រូបនេះ បានស្នើ​ត្រង់ៗ​ឲ្យ​សហភាព​អឺរ៉ុប​ជំរុញ​សភា​សហភាព​អឺរ៉ុប​អនុម័ត​លើ​កិច្ចព្រមព្រៀង​សំខាន់​ពីរ រួមមាន​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​សេរី សហភាព​អឺរ៉ុប​-​វៀតណាម (EVFTA) និង​កិច្ចព្រមព្រៀង​ស្តីពី​ការការពារ​ការវិនិយោគ​សហភាព​អឺរ៉ុប​-​វៀតណាម ( IPA)​។​
 
​សម្រាប់​វៀតណាម នៅពេលដែល​កិច្ចព្រមព្រៀង​ទាំងពីរ ដែលជា​កិច្ចព្រមព្រៀង​បើកផ្លូវ​ដល់​វៀតណាម​ក្នុងការ​ទទួលបាន​លក្ខ​ខណ្ឌ​អនុគ្រោះ​ដ៏​សម្បូរបែប​ពី​សហភាព​អឺរ៉ុប​ក្នុងការ​នាំចេញ និង​នាំចូល​ផលិតផល និង​ទំនិញ​ផ្សេងៗ ចូល​ជា​ធរមាន នោះ​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ គឺ​អ្នកជំនួញ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​តែម្តង​។​
 
​តាម Vietnam News តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប មិនបាន​អះអាង និង​សន្យា​តាម​សំណើ​របស់​វៀតណាម​ទេ ក៏ប៉ុន្តែ​តំណាង​រូបនេះ បានបង្ហាញ​ពី​ការ​ចំណុច​វិជ្ជមាន​របស់​ប្រជាជន និង​ប្រទេស​វៀតណាម ដោយ​លោក គូសបញ្ជាក់ថា វៀតណាម គឺជា​ប្រទេសមួយ ដែលមាន​ការលូតលាស់​ឆាប់រហ័ស និង​សេដ្ឋកិច្ច​មាន​សក្តានុពល​បំផុត​នៅក្នុង​តំបន់​អាស៊ី​។ 
 
​គួរ​ជម្រាប​ថា សហភាព​អឺរ៉ុប​-​វៀតណាម បាន​ចុះហត្ថលេខា​ជាមួយគ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​កន្លងទៅ​។ កិច្ចព្រមព្រៀង​នេះ នៅ​មិនទាន់​ចូល​ជា​ធរមាន​នៅឡើយ​នោះទេ ដ្បិត​ត្រូវ​រង់ចាំ​ការសម្រេច​អនុម័ត​ពី​សភា​សហភាព​អឺរ៉ុប​ជាមុនសិន​។ វៀតណាម រំពឹង​ខ្ពស់ ថា នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន ដ្បិត​សហ​អឺរ៉ុប គឺជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​របស់​ពិភពលោក​៕ 

Tag:
 វៀតណាម​
  សហភាព​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com