អន្តរជាតិ
លោក មូ​ន ប្រា​ប់លោក ស៊ី ថា ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ មិនល្អ​ដល់​ចិន​ឡើយ​
23, Dec 2019 , 3:55 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ស្វាគមន៍សមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅមហាវិមានប្រជាជន។ រូបភាព AFP
ប្រធានាធិបតីចិន ស៊ី ជិនភីង ស្វាគមន៍សមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅមហាវិមានប្រជាជន។ រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៣ ខែធ្នូ បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ទីក្រុង​ប៉េកាំង មុន​បន្តដំណើរ​ទៅកាន់​ទីក្រុង​ឆឹង​ទូ ដើម្បី​ចូលរួម​ជំនួប​ត្រីភាគី​មេដឹកនាំ​ចិន​-​ជប៉ុន​-​កូរ៉េខាងត្បូង​។ បញ្ហា​កូរ៉េខាងជើង ជា​របៀបវារៈ​សំខាន់​មួយ​នៃ​ជំនួប​មេដឹកនាំ​កូរ៉េខាងត្បូង និង​ចិន ដោយ​លោក មូ​ន ប្រា​ប់លោក ស៊ី ថា ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ មិនមាន​ប្រយោជន៍​ដល់​តំបន់​ឡ់យ​សូម្បីតែ​ចិន​ក៏ដោយ​។​

 
​ក្នុង​ដំណើរ​ទៅកាន់​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈ័ន​ដើម្បី​ចូលរួម​ជំនួប​មេដឹកនាំ​ចិន​-​ជប៉ុន​-​កូរ៉េខាងត្បូង ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក៏​ឆ្លៀត​ចូល​សំចត​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ជជែក​ជាមួយ​សមភាគ​ចិន ស៊ី ជិន​ភីង ។ លោក មូ​ន ប្រា​ប់លោក ស៊ី នៅពេល​ចាប់ផ្ដើម​ជំនួប​ពី​ភាពចាំបាច់​ក្នុងការ​បញ្ចៀស​ភាព​តានតឹង​ផ្នែក​យោធា​នៅ​ឧបទ្វីប​កូរ៉េ​ដែល​ទំនង​កើតឡើង​វិញ ខណៈដែល​ការចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក មិនមាន​ដំណើរការ​អ្វី​នោះ​។​
 
​នា​ជំនួប​នៅ​មហា​វិមាន​ប្រជាជន លោក មូ​ន លើកឡើងថា ភាព​តានតឹង​ណាមួយ មិនល្អ​ឡើយ​សម្រាប់​តំបន់​អាស៊ី​ខាងកើត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មេដឹកនាំ​កូរ៉េខាងត្បូង​បញ្ជាក់ថា​៖ «​ស្ថានភាព​ថ្មីៗ​នេះ​ដែល​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ត្រូវបាន​ផ្អាក ហើយ​ភាព​តានតឹង​កើត​ខ្ពស់​វិញ គឺ​មិន​ផ្ដល់​ផល​ល្អ​ឡើយ​សម្រាប់​ប្រទេស​ទាំងពីរ និង​កូរ៉េខាងជើង​។​»
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​លើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​ចិន​ក្នុង​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​ផងដែរ​។ ប្រធានាធិបតី​ចិន ឆ្លើយ​វិញ​ថា ចិន និង​កូរ៉េខាងត្បូង​ជា​មិត្ត និង​ជា​ដៃគូ​យូរ​មកហើយ និង​មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​។ លោក​បន្តថា ប្រទេស​ទាំងពីរ ក៏មាន​ការយល់ដឹង​រួមគ្នា​លើ​វិស័យ​ច្រើន រួមទាំង​ការសម្របសម្រួល​គ្នា​ទៅមក​ដើម្បី​សន្តិភាព និង​វិបុលភាព​តំបន់​ព្រមទាំង​ការពារ​ប្រព័ន្ធ​ពហុភាគី​និយម និង​ពាណិជ្ជកម្ម​សេរី​។​
 
​ទីក្រុង​សេ​អ៊ូ​ល តែង​រំពឹងថា ក្រុង​ប៉េកាំង​ដែលមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ក្រុង​ព្យុងយ៉ាង ជួយ​រក្សា​បរិយាកាស​ល្អ​ដូច​សព្វថ្ងៃ​ដើម្បី​ឈានទៅ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​។ យ៉ាងណាមិញ ជំហរ​របស់​ក្រុង​ប៉េកាំង ហាក់​ដើរ​ផ្ទុយ​ពី​ជំហរ​ក្រុង​វ៉ាស៊ីនតោន​។ ថ្មីៗ​នេះ ចិន​បានស្នើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​លើកលែង​ទណ្ឌកម្ម​ខ្លះ​លើ​កូរ៉េខាងជើង ដើម្បី​ជា​កាតាលីករ​ជំរុញ​ការចរចា​ដែល​ជាប់គាំង​។ ប៉ុន្តែ​អាមេរិក​ជំទាស់​។​
 
​បញ្ហា​កូរ៉េខាងជើង ទំនងជា​ស្ថិតក្នុង​របៀបវារៈ​ជំនួប​ត្រីភាគី​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែធ្នូ​ខាងមុខ​ផងដែរ​។ តាម​គម្រោង នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង នឹង​ស្វាគមន៍​លោក មូ​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ទីក្រុង​ឆឹង​ទូ​ក្នុងជំនួប​ត្រីភាគី​ប្រចាំឆ្នាំ​។ មេដឹកនាំ​ទាំងបី​នឹង​ជជែក​ពី​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និង​បរិស្ថាន​។ ចិន ទំនងជា​ឆ្លៀត​ពេលនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​ផងដែរ​៕ 

Tag:
 ​ចិន​
  កូរ៉េខាងត្បូង​
  ស៊ី ជិន​ភីង​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com