ជាតិ
NGO Forum ៖ ៥​ចំណុច ដែល​កម្ពុជា​គួរតែ​រៀន​ពី​ហ្វីលីពីន ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​
23, Dec 2019 , 4:22 pm        
រូបភាព
​ហ្វីលីពីន​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​យ៉ាង​យកចិត្តទុកដាក់ រយៈពេល​៥​ថ្ងៃ​នៅ​ប្រទេស​ហ្វីលីពីន វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum  on Cambodia) បានកំណត់​ចំណុចខ្លាំង​៥​យ៉ាង​របស់​ហ្វីលីពីន លើ​ការគ្រប់គ្រង​ព្រៃឈើ ដែល​កម្ពុជា​គួរតែ​រៀនសូត្រ​តាម​។


 
​លោក អ៊ុក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​រង នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum  on Cambodia) បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ក្នុង​ថ្ងៃ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន​ថា កម្ពុជា​គួរតែ​យក​គំរូ​ល្អ​ពី​ប្រទេស​ហ្វីលីពីន ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ក៏ដូចជា​យន្តការ​លើក​កម្ពស់​សិទ្ធិ​និង​ជីវភាព​ជនជាតិដើម​ភាគតិច​។ 
 
​លោក អ៊ុក វណ្ណា​រ៉ា បញ្ជាក់បន្ថែម​៖«​មក​ហ្វីលីពីន ខ្ញុំ​បាន​សង្កេតឃើញថា ប្រទេស​នេះ​មាន​ចំណុច​ល្អ​ច្រើន​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ គ្រប់គ្រង​ព្រៃឈើ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​ជនជាតិដើម​ភាគតិច​។ ខ្ញុំ​គិតថា​ចំណុច​ទាំងនេះ កម្ពុជា​គួរតែ​រៀនសូត្រ​តាម​»​។​
 
​នាយក​ប្រតិបត្តិ​រង​រូបនេះ​បានលើកឡើង​៥​ចំណុច​ដែល​ហ្វីលីពីន​អនុវត្តន៍​បានល្អ ហើយ​កម្ពុជា​គួរ​រៀនសូត្រ​តាម​នោះ គឺ​ទី​១ ហ្វីលីពីន​បាន​បង្កើត​គោលនយោបាយ​គតិយុត្តិ ដើម្បី​លើកកម្ពស់​សិទ្ធិ​ជនជាតិដើម​ភាគតិច ក៏ដូចជា​ការការពារ​ធនធានធម្មជាតិ​។ ទី​២ ហ្វីលីពីន បាន​អនុវត្តន៍​តាមច្បាប់​ដែល​បានកំណត់​បានល្អ ដោយ​មិនមាន​អ្នកណា​ហ៊ាន​បំពាន​ច្បាប់​។ 
 
​ទី​៣ សមត្ថភាព​របស់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច មាន​ភាពល្អប្រសើរ មានន័យថា​ជនជាតិដើម​ភាគតិច​ហ្វីលីពីន ក៏​អាចមាន​មុខតំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ​។ ចាស់ព្រឹទ្ធាចារ្យ​នៃ​ជនជាតិដើម​ភាគតិច បានឱ្យ​តម្លៃ​លើ​ការសិក្សា ជាពិសេស​ពួកគេ​លើកទឹកចិត្ត​ក្មេងជំនាន់ក្រោយ​គ្រប់​រូបភាព​ឱ្យ​រៀន​កាន់តែ​ខ្ពស់ ដើម្បី​ត្រឡប់មក​អភិវឌ្ឍន៍​សហគមន៍​វិញ​។  
 
​ទី​៤ ហ្វីលីពីន មាន​គោល​ការណែនាំ​ពី​រដ្ឋាភិបាល ក្នុងការ​វិភាគ​ថវិកា​គាំទ្រ​នូវ​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​ក្នុង​សហគមន៍ ក៏ដូចជា​ការការពារ​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។ ចុងក្រោយ ហ្វីលីពីន​មាន​យុន្តការ​ការពារ​ធនធាន​ធម្មជាតិ ក៏ដូចជា​ការលើកកម្ពស់​សិទ្ធិ​ជនជាតិដើម​ភាគតិច​តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន​។​
 
​សូមបញ្ជាក់ថា វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) បាន​អញ្ជើញ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​រួមមាន​តំណាង​ក្រសួងមហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​កិច្ចការនារី ក្រសួង​ដែនដី មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​សាលាខេត្ត​ជាដើម​។ ហើយ​ក្នុងនោះ​ក៏មាន​សមាជិក​បណ្ដាញ​ព្រៃឈើ និង​បណ្ដាញ​ជនជាតិដើម​ភាគតិច ហៅ​កាត់​ថា​( IPFN) រួមទាំង​បណ្ដាញ​សិទ្ធិ​លំនៅស្ថាន​និង​ដីធ្លី ហៅ​កាត់​ថា (LAHRIN) ទៅ​ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ហ្វីលីពីន​។ ដំណើរ​ទស្សនកិច្ច​នេះ​មាន​រយៈពេល​៥​ថ្ងៃ គឺ​ពី​ថ្ងៃទី​៩​ដល់​១៣​ធ្នូ​ឆ្នាំ​២០១៩៕ 

Tag:
 ហ្វីលីពីន​
  NGO Forum
  កម្ពុជា​
 ​ធនធានធម្មជាតិ​
  ជនជាតិដើម​ភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com