អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ដល់​សិស្ស​ជំនា​ន់ទី​២
23, Dec 2019 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ព្រឹក​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៩ វិទ្យាស្ថាន​អ​ន្ថ​រ​ជាតិ កម្ពុជា​-​អាស៊ាន (CAM-ASEAN) បានរៀបចំ​កម្មវិធី «​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​សិស្ស​បញ្ចប់​ការសិក្សា​ជំនា​ន់ទី​២»​។ កម្មវិធី​ត្រូវបាន​រៀបចំឡើង នៅ​សាល​ពហុ​បំណង​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​កា​កម្ពុជា​-​កូរ៉េ​។​
 
​កម្មវិធី​នេះ មានការ​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​និស្សិត​ជ័យលាភី​បញ្ចប់ កម្មវិធីសិក្សា​ភាសា​អង់គ្លេស​បែប​ពាណិជ្ជកម្ម ភាសា​អង់គ្លេស​ទូទៅ និង​ភាសា​ចិន​ជំនា​ន់ទី​២ ក៏ដូចជា​
​អបអរសាទរ ដល់​បេក្ខជន​ជ័យលាភី​នៃ​កម្មវិធី (​កុមារ​ឆ្លាត​សតវត្ស​ទី ២១, ការប្រកួតប្រជែង​តាម​ប្រពន្ធ​ប្រព័ន្ធ​អេឡិចត្រូនិក​, និង​ការប្រកួត​និយាយ​ភាសា​ចិន​)​។ ក្រៅពីនេះ ក៏មាន​ការ​
 ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​បាន​ពិន្ទុ​ខ្ពស់បំផុត​នៃ​ការប្រឡង​ចេញ និង ​សិស្សានុសិស្ស​ដែល​បាន​ប្រលង​ជាប់​កម្មវិធី Cambridge​ផងដែរ​។ 


 
​កម្មវិធី​ដ៏​មហោឡារិក ប្រកបដោយ​មោទកភាព និង​សេចក្តី​សោម​ន្ស​រីករាយ​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈ​គ្រប់គ្រង អាណាព្យាបាល សាស្ត្រាចារ្យ​ជាតិ​-​អន្តរជាតិ សិស្ស​-​និស្សិត​សរុប​ប្រមាណ ៥០០​រូប​។​
 
​ក្នុងឱកាស​នោះដែរ លោក ហេង វណ្ណពុធបណ្ឌិត នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​លើកឡើងថា វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន និង​កំពុង​ផ្តល់ជូន នូវ​កម្មវិធីសិក្សា​ភាសាបរទេស និង​វគ្គ​បណ្តុះបណ្តាល​បំ​ណិ​ន​ការងារ​ប្រកបដោយ​គុណភាព​ខ្ពស់ ជូន​ដល់​សិស្ស និស្សិត​កម្ពុជា​រាប់ពាន់នាក់​មកហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​កសាង​នូវ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ព្រមទាំង​បាន​បំពាក់បំប៉ន​ចំណេះដឹង និង​បំ​ណិ​ន ឲ្យ​សិស្ស​-​និស្សិត មាន​សមត្ថភាព​ប្រកួតប្រជែង ទាំង​ក្នុងស្រុក និង​ក្នុង​តំបន់​។​


 
​ទន្ទឹមនឹងនេះ លោក​ក៏បាន​លើកទឹកចិត្ត​ឲ្យ​ប្អូនៗ​ទាំងអស់គ្នា បន្ត​រៀនសូត្រ ដើម្បី​ភាព​រីកចម្រើន និង​ស្វែងរក​ភាពជោគជ័យ​ថ្មីៗ​បន្ថែមទៀត ក្រោម​ពាក្យស្លោក​ជា​ភាសា​អង់គ្លេស​មួយ​ថា​(Success is a journey, not a destination)​។ លោក ហេង វណ្ណពុធបណ្ឌិត បញ្ជាក់​ដូច្នេះ​៖«​វិញ្ញាបនបត្រ​ថ្ងៃនេះ មិន​តំណាង​ការបញ្ចប់​នោះទេ តែ​វា​គឺជា​ការចាប់ផ្ដើម នូវ​ដំណើរ​ដ៏​វែងឆ្ងាយ​មួយ ដែល​ប្អូនៗ​សិស្ស​-​និស្សិត​ទាំងអស់ គួរ​បន្ត​បំពាក់បំប៉ន​នូវ​ចំណេះដឹង បំ​ណិ​ន និង​ឥរិយាបទ សម្រាប់​ការជោគជ័យ​នា​ថ្ងៃមុខ​ទៀត ជាពិសេស​សម្រាប់​អាជីព​ការងារ​»​។​
 
​ក្នុង​បរិយាកាស​ប្រកបដោយ​ភាព​រីករាយ​នេះ លោក ស៊ា​ង សុ​បញ្ញា អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ ជាតិ​-​អន្តរជាតិ បុគ្គលិក ដែលមាន​ឆន្ទៈ​មោះមុត គោលដៅ​ច្បាស់លាស់ បំពេញការងារ​តាម​វិជ្ជាជីវៈ ប្រកបដោយ​ព្រហ្ម​វិហារធម៌ ព្រមទាំង​ទទួលបាន​នូវ​ការទទួលស្គាល់ និង​ការគាំទ្រ​ពី​សិស្ស​និស្សិត និង​ជាពិសេស​ដៃគូរ​សហការ​ជាតិ និង​អន្តរជាតិ​។​
 
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​តំណាង​ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ដែល​បាន​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​រាប់ពាន់នាក់​កន្លងមក​។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ក៏បាន​សំណូមពរ ឱ្យ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បន្ត​ចូលរួម​ពង្រឹងគុណភាព​សិក្សា​ជា​បន្តទៀត ដើម្បី​ឲ្យ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា កាន់​តែមាន​សមត្ថភាព និង​រឹងមាំ​ថែមទៀត​នាពេលខាងមុខ​។​
 
​ក្រោយពី​បានបញ្ចប់​ការ​ថ្លែង​សន្ទរកថា និង​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ​រួចហើយ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី និង​បាន​ថតរូប​អនុស្សាវរីយ៍ ជាមួយ​ប្អូនៗ​សិស្ស​-​និស្សិត ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com