អន្តរជាតិ
ចិន នឹង​បន្ថយពន្ធ​នាំចូល​លើ​សាច់ជ្រូក ថ្នាំពេទ្យ​និង​ឧបករណ៍​អេឡិចត្រូនិក​
24, Dec 2019 , 8:29 am        
រូបភាព
ប្រភព៖ China Daily
ប្រភព៖ China Daily
ដោយ:
​ចាប់ពី​ឆ្នាំក្រោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​កាត់​បន្ថយពន្ធ​នាំចូល​លើ​ទំនិញ​រាប់់រយ​ប្រភេទ រាប់​ចាប់ពី​សាច់ជ្រូក​ក្លាសេ ថ្នាំពេទ្យ និង​ឧបករណ៍​អេឡិចត្រូនិក​បច្ចេកវិទ្យា​ខ្ពស់​។ គោលដៅ​គឺ​ដើម្បី​បន្ទាប​របាំង​ពាណិជ្ជកម្ម​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ចិន ខណៈ​កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ​យឺត​ព្រោះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។

 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួង​ហិរញ្ញវត្ថុ​ចិន នៅ​ថ្ងៃ​ចន្ទ ២៣ ខែ​ឆ្នូ បញ្ជាក់ថា ពន្ធ​នាំចូល​លើ​ផលិតផល ៨៥៩ ប្រភេទ នឹងត្រូវ​បន្ធូរបន្ថយ ចាប់ពី​ថ្ងៃ ០១ មករា ឆ្នាំ​២០២០ តទៅ​។ ក្រសួង​បន្តថា ការកែប្រែ​អត្រាពន្ធ​ជា​បណ្តោះអាសន្ន​នេះ គឺធ្វើឡើង​ដើម្បី​បង្កើន​ការនាំ​ចូល​ផលិតផល ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ក្នុងស្រុក ឬ​ទំនិញ​ពិសេស​របស់​បរទេស​ស​ម្រា​ប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters  អត្រាពន្ធ​នាំចូល​លើ​សាច់ជ្រូក​ក្លាសេ នឹងត្រូវ​បន្ថយ​ពី ១២ ភាគរយ​មក​ត្រឹម ៨ ភាគរយ សម្រាប់​ប្រទេស​មួយចំនួន ខណៈ​ចិន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។ ជំងឺ​ដ៏​កាច​សាហាវ​នេះ បានសម្លាប់​ជ្រូក​ពាក់កណ្ដាល​ក្នុងប្រទេស​ចិន ហើយ​ប៉ះពាល់​ខ្លាំង​ដល់​ឧស្សាហកម្ម​សាច់ជ្រូក​។ ក្រុង​ប៉េកាំង កំពុង​ព្យាយាម​បំពេញ​ចន្លោះប្រហោង​ដ៏​ធំ​នៃ​ការផ្គត់ផ្គង់​សាច់​ដែល​ប្រជាជន​ចិន​ពេញនិយម​បរិភោគ និង​ទប់ស្កាត់​ការឡើង​តម្លៃ​ហួសហេតុ​ពេក​។ 
 
​ទំនិញ​នាំចូល​ផ្សេងទៀត ដែល​នឹង​ធ្លាក់​អត្រាពន្ធ រួមមាន ផ្លែ​ប៊័រ​ក្លាសេ (avocado) និង​ផលិតផល​ក្រដាស និង​ឈើ​ផ្សេងទៀត​។ ទន្ទឹមនេះ ចិន ក៏​នឹង​លុបចោល​ពន្ធគយ​លើ​ថ្នាំ​ព្យាបាល​ជំងឺហឺត​និង​ទឹកនោមផ្អែម​មួយចំនួន ក៏ដូចជា ឧបករណ៍​អេឡិចត្រូនិក​មួយចំនួន​ផងដែរ​។  ការបន្ថយ​ពន្ធ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់ដៃ​គូ​ពាណិជ្ជកម្ម​ចិន រួមមាន នូ​វែ​ល​សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង​ប៉ា​គី​ស្ថាន​។ 
 
​សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​ចិន ធ្លាក់ចុះ​យឺត​ខ្លាំង​បំផុត ក្នុង​រយៈពេល​ជិត ៣០​ឆ្នាំ​ចុងក្រោយ ហើយ​អាច​ប្រឈម​នឹង​សម្ពាធ​បន្ថែមទៀត​នា​ឆ្នាំក្រោយ​។ នោះ​គឺ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។ មន្ត្រី​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​អះអាងថា  ចិន បាន​យល់ព្រម​ទិញ​ផលិតផល​និង​សេវាកម្ម​អាមេរិក​បន្ថែម ដែល​ស្មើនឹង ២០០​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ​។ វា​គឺជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី ១ ដែល​គ្រោង​នឹង​ចុះហត្ថលេខា នា​ដើមខែ​ឆ្នាំ​២០២០​។ ប្រសិនបើ​ការបញ្ជាទិញ ត្រូវបាន​ធ្វើឡើង​មែន​នោះ នេះ​នឹង​តំណាង​ឲ្យ​ការ​នាំចូល​បរិមាណ​ដ៏​ធំ​មួយ​របស់​អាមេរិក​ទៅកាន់​ប្រទេស​ចិន​៕ 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com