កីឡាអន្តរជាតិ
អន្តរជាតិ
Salah, Mane និង Mahrez ត្រូវ​ប្រជែង​តំណែង​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​
23, Dec 2019 , 9:19 pm        
រូបភាព
​ម្ចាស់​ពាន​ឆ្នាំ​ចាស់ Mohamed Salah នឹងត្រូវ​ប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម Liverpool ខ្សែបម្រើ Sadio Mane រួមទាំង​ខ្សែបម្រើ Riyad Mahrez របស់​ក្រុម Manchester City សម្រាប់​តំណែង​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក (African Player of the Year) ឆ្នាំ​២០១៩​។​


 
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក (CAF) បានបង្ហាញ​ឈ្មោះ​បេក្ខភាព​បី​រូប​ចុងក្រោយ​ដែល​រួមមាន​កីឡាករ​ឆ្នើម​សញ្ជាតិ​អេ​ហ្ស៊ី​ប Salah ខ្សែបម្រើ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ Mane រួមជាមួយ​ខ្សែប្រយុទ្ធ​របស់​អាល់​ហ្សេ​រី Mahrez​។​
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ Salah និង Mane វ័យ​២៧​ឆ្នាំ​ដូចគ្នា ហើយ​ជា​កីឡាករ​មកពី​ក្លិប​តែមួយ ត្រូវ​ប្រជែង​គ្នា​សម្រាប់​ពាន African Player of the Year ពីរ​ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​ពួកគេ​បាន​ជួយ Liverpool ឈ្នះ​ពាន Champions League រដូវ​កាល​មុន និង​ឈ្នះ​ពាន FIFA Club World Cup នៅ​កាតា ថ្មីៗ​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ទាំងពីរ​ក៏​កំពុង​សាង​ភាពលេច​ធ្លោ​ក្នុង​ក្របខណ្ឌ Premier League តាម​ពីរ​យៈ​ការជួយ​ហង្ស​ក្រហម​មាន​ពិន្ទុ​នាំមុខ​ដាច់​រដូវ​កាល​នេះ​។​
 
​ចំណែក Mahrez វ័យ​២៨​ឆ្នាំ ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្រុម​លោក Pep Guardiola ក្នុង​ការជួយ Man City អាច​ការពារ​តំណែង​ជើងឯក Premier League ដោយ​ជោគជ័យ​កាលពី​រដូវ​កាល​មុន​។ មិន​ត្រឹម​ប៉ុណ្ណោះ Mahrez បាន​ជួយ​ជម្រើសជាតិ​អាល់​ហ្សេ​រី​ឈ្នះ​ពាន​ទ្វីបអាហ្វ្រិក African Nations Cup ឆ្នាំ​២០១៩​ផង​។​
 
​សម្រាប់​តំណែង​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក Salah ធ្លាប់​ឈ្នះ​ពីរដង​ជាប់​គ្នា​ក្នុង​ឆ្នាំ ២០១៧ និង​២០១៨ ខណៈ Mahrez បាន​ម្តង​នៅ​ឆ្នាំ ២០១៦​។​
 
​ការប្រកាស​ជ័យលាភី​អ្នកឈ្នះ African Player of the Year ឆ្នាំ​២០១៩ នឹងធ្វើ​ឡើង​នៅ​ប្រទេស​អេ​ហ្ស៊ី​ប នា​ថ្ងៃទី​៧ មករា ឆ្នាំ​២០២០៕

Tag:
 African Player of the Year
© រក្សាសិទ្ធិដោយ thmeythmey.com