ជាតិ
បុប្ផា​ណា​បង្កើត​កិច្ចសន្ទនា​អន្តរ​ជំនាន់ ដើម្បី​កត់ត្រា​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​
23, Dec 2019 , 9:39 pm        
រូបភាព
អ្នករស់រានមានជីវីតក្រោយរបបខ្មែរក្រហម ចូលរួមក្នុងវេទិកាពិភាក្សាឆ្លុះបញ្ចាំងពី ទស្សនៈរបស់យុវជន និងអ្នករស់រានមានជីវិត ក្រោយរបបខ្មែរក្រហម។
អ្នករស់រានមានជីវីតក្រោយរបបខ្មែរក្រហម ចូលរួមក្នុងវេទិកាពិភាក្សាឆ្លុះបញ្ចាំងពី ទស្សនៈរបស់យុវជន និងអ្នករស់រានមានជីវិត ក្រោយរបបខ្មែរក្រហម។
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា បានរៀបចំ​វេទិកា​ពិភាក្សា​និង​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​យុវជន​និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ទៅលើ​កិច្ចសន្ទនា​គ្រួសារ ឬ អន្តរ​ជំនាន់ រវាង​សមាជិកគ្រួសារ ឬ​សាច់ញាតិ នៅ​ថ្ងៃទី​២៣​ខែធ្នូ ឆ្នាំ​២០១៩​នេះ ។ កម្មវិធី​នេះ​បង្កើតឡើង​ដើម្បី ជាការ​លើកទឹកចិត្ត​យុវជន​ជំនាន់​ក្រោយ​ដទៃទៀត ឱ្យមាន​ភាពក្លាហាន​ក្នុងការ​បង្កើត​កិច្ចសន្ទនា​អន្តរ​ជំនាន់​ជាមួយ​សមាជិកគ្រួសារ ឬ​សាច់ញាតិ​របស់ខ្លួន ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​។​

 
​យុវជន​និង​យុវនារី​ចំនួន​៥៣​រូប បានមក​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​យុវជន និង​អ្នក​រស់​រានមាន​ជី​វីត​ពីរ​បប​ខ្មែរក្រហម ចំពោះ​ការបង្កើតឱ្យមាន​កិច្ចសន្ទនា​គ្រួសារ ឬ​កិច្ចសន្ទនា​អន្តរ​ជំនាន់ ។ 
 
​ការរៀបចំ​ឱ្យមាន​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​កត់ត្រា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ សម្រាប់​មនុស្សជាតិ និង​ជាការ​ចែករំលែក​នូវ​ការចងចាំ​របស់​មនុស្ស​ជំនាន់​មុន ដល់​មនុស្ស​ជំនាន់​ក្រោយ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការ​ត្រឡប់មកវិញ នូវ​របប​ដ៏​សាហាវយង់ឃ្នង​មកលើ​កម្ពុជា​ជាថ្មី​។​
 
​យុវជន​ទាំងអស់​ដែល​បាន​ចូលរួម​វេទិការ​នេះ  នឹង​បង្កើត​ក្រុម​ពិភាក្សា​អំពី​ការយល់ឃើញ​របស់​ពួកគេ ជុំវិញ​មូល​ហេតុដែល​បណ្ដាលឱ្យមាន​សង្គ្រាម និង​ការយល់ឃើញ​របស់​ពួកគេ​ទាក់ទង​នឹង​សង្គ្រាម​។ 


សកម្មភាពសិក្ខាកាមចូលរួមក្នុងវេទិកាពិភាក្សាឆ្លុះបញ្ចាំងពី ទស្សនៈរបស់យុវជននិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
 
​កិច្ចសន្ទនា​គ្រួសារ​ឬ​កិច្ចសន្ទនា​អន្តរ​ជំនាន់​នេះ ធ្វើឡើង​ក្រោម “​កម្មវិធី​រំឭក​" ដែលជា​សកម្មភាព​មួយ​នៃ​គម្រោង​«​អេប​-​កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​» ដែល​អនុញ្ញាតឱ្យ​យុវជន​យល់​កាន់តែ​ស៊ីជម្រៅ អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​អនុញ្ញាតឱ្យ​អ្នក​រស់រានមានជីវិត អាច​ចែករំលែក​នូវ​រឿងរ៉ាវ​និង​បទពិសោធ​ជីវិត​របស់ខ្លួន ក្នុង​របប​ខ្មែរក្រហម ។ 
 
​នៅក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ "​កម្មវិធី​រំឭក​" បាន​បណ្ដុះបណ្ដាល​យុវជន​កម្ពុជា​ជាច្រើន​នាក់ អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម តាមរយៈ​ការប្រើប្រាស់ «​អេប​-​កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​» ពី​បច្ចេកទេស​ក្នុងការ​សម្ភាស និង​ការគាំទ្រ​ផ្លូវចិត្ត ទៅដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ 
 
​បន្ទាប់ពី​ទទួលបាន​ការបណ្ដុះបណ្ដាល​នេះ មាន​យុវជន​ចំនួន​៧០​រូប បាន​ចូលរួម​កត់ត្រា​ការចងចាំ​របស់​សមាជិក​គ្រួសារ និង​សាច់ញាតិ​របស់ខ្លួន ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​ពួកគាត់​បាន​ឆ្លងកាត់ ក្នុង​របប​ខ្មែរក្រហម តាមរយៈ​ការធ្វើ​កិច្ចសន្ទនា​អន្តរ​ជំនាន់​។ ជា​លទ្ធផល មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា ទទួលបាន​បទពិសោធ​របស់​អ្នក​រស់រានមានជីវិត ពី​របប​ខ្មែរក្រហម​ចំនួន​៨៧​សាច់រឿង ពី​១៣​រាជធានី​-​ខេត្ត រួមមាន​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល សៀមរាប ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ និង​ព្រះវិហារ​។​


សិក្ខាកាមឡើងមានមតិយោបល់ក្រោយចូលរួម កិច្ចសន្ទនាគ្រួសារ ឬកិច្ចសន្ទនាអន្តរជំនាន់ ក្រោមកម្មវិធីរំឭក
 
«​អេប​-​កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​» គឺជា​គម្រោង​សំណង​មួយ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង និង​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​សហគមន៍​អឺរ៉ុប តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ សម្រាប់​សេវាកម្ម​គម្រោង (United Nations Office for Project Services) និង​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​រៃ (Rei Foundation Limited) ដោយមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ គម្រោង​នេះ បានចាប់ផ្ដើម​ដំណើរការ​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៦​។​
 
​ចំណាំ​៖ របៀប​ទាញយក​«​អេប​-​កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​» ត្រូវ​ចូលទៅ​កាន់ Google play ឬ App Store ហើយ​នៅលើ​ប្រអប់ Search វាយ​ពាក្យ Pol Pot ឬ Khmer Rouge History បន្ទាប់មក​ចុច INSTALL ឬ GET​។ ក្រោយពី​ដំឡើង​ចប់ នុះ​អាច​បើក​ដំណើរការ​កម្មវិធី​នេះ​បាន​ហើយ​។​

Tag:
 បុប្ផា​ណា​
  កិច្ចសន្ទនា​
 ​ប្រវត្តិសាស្ត្រ​
  យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com