អន្តរជាតិ
លោក អ៊ែរ​ដូ​ហ្កា​ន់ ប្រាប់​អឺរ៉ុប​៖ តួ​ក​គី​មិនអាច​សែង​អ​ម្រែ​ក​ជនភៀសខ្លួន​ស៊ី​រី​តែឯង​ឡើយ​
23, Dec 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ថ្លែងក្នុងសន្និសីទអន្តរជាតិស្ដីពីជនភៀសខ្លួន។ រូបភាព AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ថ្លែងក្នុងសន្និសីទអន្តរជាតិស្ដីពីជនភៀសខ្លួន។ រូបភាព AFP
​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​រដ្ឋាភិបាល​ស៊ី​រី និង​ទ័ពអាកាស​រុស្ស៊ី​នៅ​ខេត្ត​អ៊ី​ដ​លី​ប កំពុង​បង្ក​ការឈឺ​ក្បាល​ឲ្យ​តួ​ក​គី ដោយសារ​លំហូរ​ជនភៀសខ្លួន​ឥត​ស្រាកស្រាន្ត​។ ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ នៅ​ថ្ងៃទី​២២ ខែធ្នូ បាន​ព្រមាន​អឺរ៉ុប​ថា ក្រុង​អង់កា​រ៉ា មិនអាច​ទ្រាំទ្រ​ចំនួន​ជនភៀសខ្លួន​ស៊ី​រី​ដ៏​ច្រើនតែ​ម្នាក់ឯង​បានឡើយ​។ តួ​ក​គី អាច​បង្ខំចិត្ត​បើកផ្លូវ​ឲ្យ​ជនភៀសខ្លួន​ទាំង​បន្តដំណើរ​ទៅ​អឺរ៉ុប​មិន​ខាន បើ​ព្រុ​ច​សែ​ល​មិន​ជួយ​ទេនោះ​។​

 
​ជនភៀសខ្លួន​ស៊ី​រី​រាប់ពាន់នាក់ បាន​ភៀសខ្លួន​ទៅកាន់​ព្រំដែន​ជាមួយ​តួ​ក​គី​ដើម្បី​គេច​ពី​ការទម្លាក់​គ្រាប់បែក​របស់​យោធា​ស៊ី​រី និង​រុស្ស៊ី​នៅ Maaret al-Numan ចាប់តាំងពី​ថ្ងៃទី​១៦ ខែធ្នូ​មក​។ តំបន់​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​នេះ ជា​មូលដ្ឋាន​ចុងក្រោយ​មួយ​របស់​ក្រុម​ឧទ្ទាម​មាន​ប្រជាជន​ប្រមាណ​បី​លាន​នាក់ ដែល​រាប់បញ្ចូល​ទាំង​ជនភៀសខ្លួន​ពី​តំបន់​នានា​ផងដែរ​។ រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់ ប្រកាស​ម្ដង​ជា​ពីរដង​ថា ខ្លួន​នឹង​វាយ​ដណ្ដើម​ខេត្ត​នេះ​មកវិញ​។​
 
​យុទ្ធនាការ​យោធា​របស់​កងទ័ព​ស៊ី​រី ដែលមាន​ជំនួយ​ពី​ទ័ព​រុស្ស៊ី បង្ក​ឲ្យ​មានការ​ភៀសខ្លួន​មិនចេះ​ដាច់​។ តួ​ក​គី គឺជា​គោលដៅ​របស់​ជនភៀសខ្លួន​ដែល​ស្វែងរក​ទី​សុវត្ថិភាព​។ ទីក្រុង​អង់កា​រ៉ា កំពុង​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​រលក​ជនភៀសខ្លួន​ថ្មី​នេះ ខណៈ​ខ្លួន​បានផ្ដល់​ជម្រក​ដល់​ជនភៀសខ្លួន​ស៊ី​រី​ជាង​បី​លាន​នាក់​ហើយ​នោះ​។ ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ និយាយថា តួ​ក​គី​មិនទាន់​ទ្រាំទ្រ​លំហូរ​ជនភៀសខ្លួន​លើក​នេះឡើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក អ៊ែរ​ដូ​ហ្កា​ន់ អះអាងថា មកទល់ពេលនេះ ជនភៀសខ្លួន​ពី​ស៊ី​រី​ជាង​៨​ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​មក​ក្បែរ​ព្រំដែន​តួ​ក​គី​។ លោក​ប្រធានាធិបតី​ក៏​ព្រមាន​ចំៗ​ទៅកាន់​អឺរ៉ុប​ថា ប្រសិន​ជនភៀសខ្លួន​ស៊ី​រី​បន្ត​កើនឡើង​ទៀត​នោះ តួ​ក​គី នឹងមិន​សែង​អ​ម្រែ​ក​នេះ​តែឯង​ឡើយ ហើយ​អឺរ៉ុប នឹង​ស្គា​ល់ពី​ការលំបាក​ក្នុងការ​សែង​អ​ម្រែ​ក​នេះ ពិសេស​ក្រិ​ក​។ ក្រិ​ក​ជា​ច្រក​ដ៏​សំខាន់​មួយ​របស់​ជនភៀសខ្លួន​ពី​តំបន់​នានា​ឆ្លង​ចូល​អឺរ៉ុប​។​
 
​មេដឹកនាំ​តួ​ក​គី ក៏​ឆ្លៀត​រំឭក​អឺរ៉ុប​ទៀតថា ស្ថានភាព​ឆ្នាំ​២០១៥ អាច​កើតឡើង​ម្ដងទៀត​មិន​ខាន​។ លោក អ៊ែរ​ដូ​ហ្កា​ន់ ចង់​លើកឡើង​ពី​លំហូរ​ជនភៀសខ្លួន​ច្រើនជាង​មួយ​លាន​នាក់​ចូល​អឺរ៉ុប​ដែល​បង្កើត​ទៅជា​វិបត្តិ​មួយ​ដ៏​ធំ​មិន​ធ្លាប់មាន​អឺរ៉ុប​តាំង​សង្គ្រាមលោកលើកទីពីរ​ម​ក​។ ក្រោយមក អឺរ៉ុប ក៏​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​តួ​ក​គី​ដើម្បី​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​នេះ ដោយ​អឺរ៉ុប​ផ្ដល់​លុយ​ឲ្យ​ក្រុង​អង់កា​រ៉ា​ដើម្បី​ផ្ដល់​ជម្រក​ឲ្យ​ជនភៀសខ្លួន​។ 
 
​ក្រោម​កិច្ចព្រមព្រៀង​នេះ អឺរ៉ុប​សន្យា​ផ្ដល់​លុយ​ឲ្យ​តួ​ក​គី​ចំនួន​៦,៦​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ទប់​ស្កាត​លំហូរ​ជន​ភៀស ក៏ដូចជា​ការ​រឹតបន្តឹង​ព្រំដែន​ផងដែរ​។ យ៉ាងណាមិញ ក្រុង​អង់កា​រ៉ា​ធ្លាប់​អះអាងថា អឺរ៉ុប​មិនទាន់​ឲ្យ​លុយ​គ្រប់​តាម​ការសន្យា​ឡើយ​។ បច្ចុប្បន្ន តួ​ក​គី ជា​ជម្រក​ជនភៀសខ្លួន​មកពី​មជ្ឈិមបូព៌ា​ជាង​៥​លាន​នាក់​ហើយ ហើយ​ជិត​បួន​លាន​នាក់ ជា​ជនភៀសខ្លួន​ស៊ី​រី​។ ដូចនេះ បើ​តួ​ក​គី​មិន​បិទ​ព្រំដែន​ទេនោះ ជនភៀសខ្លួន​ទាំងនោះ ប្រាកដជា​សម្រុកចូល​អឺរ៉ុប​មិន​ខាន​៕ 

Tag:
 តួ​ក​គី​
  អឺរ៉ុប​
  តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់
© រក្សាសិទ្ធិដោយ thmeythmey.com