ភ្នំពេញ៖ តំណាងសហគមន៍១២កន្លែង នៅដែនជម្រកសត្វព្រៃភ្នំព្រេច ស្រែពក និងកែវសីមា ក្នុងខេត្តមណ្ឌលគិរី ទទួលបានសិទ្ធិពេញលេញ ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់ការពារធម្មជាតិ ជាមួយក្រសួងបរិស្ថាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF)។
ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៩ ក្នុងភូមិអញ្ជរ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយការខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និង អង្គការ WWF ចាប់ពីឆ្នាំ២០០៦។ ការខិតខំនេះ គឺដើម្បីទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ (CPA) ស្របច្បាប់ដោយអនុលោមតាមច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិរបស់កម្ពុជា។
សហគមន៍ការពារធម្មជាតិទាំង១២ ដែលទើបតែទទួលស្គាល់នេះ មានផ្ទៃដី៤៤ពាន់ហិកតា ក្នុងនោះមានសមាជិកសហគមន៍ប្រមាណជា១.២ម៉ឺននាក់។ ពលរដ្ឋជាង១.២ម៉ឺននាក់នេះ ទទួលបានសិទ្ធិស្របច្បាប់ ភាពជាម្ចាស់ និងទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពក្នុងសហគមន៍ និងអាចប្រើប្រាស់ធនធានទាំងនេះ ប្រកបដោយចីរភាព។
បើតាម លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា គោលបំណងនៃការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បីជួយពង្រឹងនិងបង្កើនប្រសិទ្ធភាពគ្រប់គ្រងធនធានព្រៃឈើ ជីវៈចម្រុះ និងសត្វព្រៃក្នុងតំបន់ការពារ។ លើសពីនេះ គឺដើម្បីទទួលស្គាល់សិទ្ធិ និងតួនាទីស្របច្បាប់ លើការគ្រប់គ្រង ការចាត់ចែង និងប្រើប្រាស់ធនធានរួមរបស់សហគមន៍។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ម៉ុម ថានី ថាសហគមន៍ជាមូលដ្ឋាន គឺជាកម្លាំងចលករមួយ ដែលរួមចំណែកក្នុងគ្រប់គ្រងធនធានធម្មជាតិ ព្រោះពលរដ្ឋសហគមន៍មូលដ្ឋាន ជាអ្នករស់នៅ និងនៅក្បែរតំបន់ការពារធម្មជាតិ។ លោកស្រី សង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន គាំទ្រ និងចូលរួមជាមួយសកម្មភាពជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងការរៀបចំ និងអនុវត្តការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។
ជាមួយគ្នាដែរ លោក ប្រោយ ខ្វើក ប្រធានសហគមន៍តំបន់ការពារត្រពាំងក្អើម ក្នុងចំណោមសមាគមន៍ទាំង១២ បានលើកឡើងថា បច្ចុប្បន្ននេះ មានសមាជិកក្រុមល្បាតសហគមន៍សរុបចំនួន ៥៧៧នាក់ កំពុងចូលរួមយ៉ាងសកម្ម ក្នុងការការពារព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក។
«ការដើរល្បាត មានសារៈសំខាន់សម្រាប់ខ្ញុំណាស់ ព្រោះធនធានព្រៃឈើ ជាឆ្នាំងបាយរបស់ប្រជាជនសហគមន៍ទាំងអស់ ទាំងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយទៀត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ប្រោយ ខ្វើក។
ខេត្តមណ្ឌលគិរី សម្បូរទៅដោយធនធានព្រៃឈើ និងធនធានជីវចម្រុះដ៏សម្បូរបែប។ ទាំងនេះ ជាជម្រកសត្វព្រៃយ៉ាងច្រើនដូចជា សត្វទន្សោង ខ្លារខិន ដំរីអាស៊ី ខ្ទីង រមាំង ក្ងោក និងត្រយងយក្សជាដើម។ ហេតុនេះ ត្រូវតែពួតដៃគ្នា ក្នុងការពារធនធានធម្មជាតិទាំងអស់នេះ ដែលមានសហគមន៍ជាបេះដូងនៃកិច្ចសហការរួមគ្នា។ នេះបើតាមការលើកឡើងរបស់លោក លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិខាងលើនេះ មានចូលរួមពីសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារសហរដ្ឋអាមេរិក(USAID) ជំនួនប្រទេសអាឡឺម៉ង់ (BMZ GEF) និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UN Environment) តាមរយៈគម្រោង CAMPAS ។ ចំណែកឯ សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្រែពក និងកែវសីមា មានទាំងអស់១៩សហគមន៍ មានទំហំជាង៦ម៉ឺនហិកតា។
សមាជិកសហគមន៍ទាំង១២នេះ មានប្រមាណ១៥ពាន់នាក់ ដែលក្នុងនោះមានស្ត្រី៤២ភាគរយ ដែលបានពឹងអាស្រ័យផលអនុផលព្រៃឈើដោយផ្ទាល់។ សហគមន៍នីមួយៗ នៃសហគមន៍ទាំង១៩នេះ អាចរកប្រាក់ចំណូលបានជាង១.៤ម៉ឺន ដុល្លារ ក្នុងមួយឆ្នាំៗ ពីផលិតផលអនុផលព្រៃឈើ ដូចជាការច្នៃឫស្សី ការយកទឹកឃ្មុំព្រៃ ជ័រទឹក ជ័រចុង បន្លែព្រៃ ផ្សិត និងផ្លែឈើព្រៃជាដើម៕