អន្តរជាតិ
លោក​ម៉ា​ក្រុង​៖ ការធ្វើ​អាណានិគម ជា​កំហុស​ធ្ងន់ធ្ងរ​មួយ​របស់​បារាំង​
23, Dec 2019 , 8:19 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងប្រធានាធិបតីកូតឌីវ័រ Alassane Ouattara ។ រូបភាព AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងប្រធានាធិបតីកូតឌីវ័រ Alassane Ouattara ។ រូបភាព AFP
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ចុង​សប្ដាហ៍​មុន និយាយថា ការធ្វើ​អាណានិគម​ជា​កំហុស​ដ៏​ធំ​មួយ​របស់​បារាំង​។ ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាហ្វ្រិក លោក ម៉ា​ក្រុង ដែល​អះអាងថា លោក​ជាម​នុស្ស​ជំនាន់​ក្រោយ​អាណានិគម​នោះ ស្នើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បើក​ទំព័រ​ថ្មី​ដើម្បី​សរសេរ​ប្រវត្តិសាស្ត្រ​ថ្មី​។​

 
​នៅ​ថ្ងៃទី​២១ ខែធ្នូ លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​អា​ប៊ីដ​ហ្ស​ង់ ប្រទេស​កូត​ឌី​វ័រ​ដែលជា​រដ្ឋ​ក្រោម​អាណានិគម​បារាំង​នៅ​អាហ្វ្រិក​។ ពី​ទីនោះ លោក ម៉ា​ក្រុង ក៏​និយាយ​ដល់​ការដាក់​អាណានិគម​របស់​បារាំង​លើ​ប្រទេស​ដទៃ​ពិសេស​នៅ​អាហ្វ្រិក ដែល​លោក​ចាត់ទុកថា ជា​កំហុស​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​កូត​ឌី​វ័រ Alassane Ouattara លោក ម៉ា​ក្រុង និយាយថា បារាំង ត្រូវបាន​គេ​មើលឃើញថា នៅតែមាន​គំនិត​វាតទី​និយម និង​ប្រកាន់​គំនិត​អាណ​និគម​និយម ដែល​នេះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​បារាំង​។ លោក ម៉ា​ក្រុង ដែលមាន​វ័យ​ទើប​៤២​ឆ្នាំ បន្តថា លោក​កើត​ក្នុង​ជំនាន់​ដែល​មិនមែន​ស្ថិតក្នុង​សម័យកាល​អាណានិគម​អ្វី​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​ទ្វីបអាហ្វ្រិក ជា​ទ្វីប​ក្មេងខ្ចី​។ ប្រជាជន​បី​ភាគ​មិន​ស្គាល់​អាណានិគម​ឡើយ​។​» នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​បារាំង ដែល​ចង់​សំដៅ​ចំនួន​មនុស្ស​វ័យក្មេង​របស់​អា​ហ្វ្រិ​ក​។ លោក​ក៏​ស្នើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ទាំងនេះ បង្កើត​ភាពជា​ដៃគូ​ថ្មី​ជាមួយ​បារាំង​។ 
 
​តាមពិតទៅ នេះ​ជា​មិនមែនជា​លើកដំបូង​ដែល​ប្រធានាធិបតី​បារាំង​រូបនេះ បង្ហាញ​ការសោកស្ដាយ​ចំពោះ​គោលនយោបាយ​ពី​អតីតកាល​របស់​បារាំង​។ កាលពី​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី លោក ម៉ា​ក្រុង ក៏បាន​ធ្វើ​ឲ្យ​គេឯង​ភ្ញាក់ផ្អើល​គ្រប់គ្នា ដោយ​លោក​បាន​ហៅ​អាណានិគម​បារាំង​នៅ​អាល់​ហ្សេ​រី ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ 
 
​អំឡុងពេល​ទស្សនកិច្ច​នៅ​កូត​ឌី​វ័រ លោក ម៉ា​ក្រុង ក៏​ចូលរួម​ពិធី​ប្រកាស​ប្ដូរ​ឈ្មោះ​រូបិយវត្ថុ​របស់​ប្រទេស​អាហ្វ្រិក​ខាងលិច​ចំនួន​៨ CFA ទៅជា Eco វិញ​។ CFA នេះ ត្រូវបាន​ចាត់ទុកជា​កេរដំណែល​បន្សល់ទុក​ដោយ​អាណានិគម​បារាំង​។ លោក ម៉ា​ក្រុង ចាត់ទុក​ការប្ដូរឈ្មោះ​នេះ ជា​កំណែទម្រង់​ប្រវត្តិសាស្ត្រ ហើយ​លុយ​ថ្មី នឹង​លេច​ជា​រូបរាង​នៅ​ឆ្នាំ​២០២០​ខាងមុខ​៕

Tag:
 ​បារាំង​
  អាហ្វ្រិក​
  អាណានិគម​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com