អន្តរជាតិ
លោក អាបេ ទទូចឲ្យលោក ស៊ី បន្តរក្សាសេរីភាពនៅហុងកុង នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង មុនជំនួបនៅមហាវិមានប្រជាជន។ រូបភាព Xinhua
× នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី២៣ ខែធ្នូ បានទទូចឲ្យចិនបន្តរក្សាសិទ្ធិសេរីភាព និងការបើកចំហនៅទីក្រុងហុងកុង ខណៈតំបន់រដ្ឋបាលពិសេសនេះកំពុងភាពវឹកវរក្ដី។ លោក អាបេ លើកឡើងបែបនេះនាជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ។ នេះជារឿងគួរឲ្យកត់សម្គាល់ដែលលោក អាបេ លើកឡើងពីបញ្ហារសើបរបស់ចិនចំពោះមុខលោក ស៊ី បែបនេះ។ ប៉ុន្តែលោក ស៊ី បានឆ្លើយវិញថា ហុងកុង ជារឿងផ្ទៃក្នុងរបស់ចិន។
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង នៅទីក្រុងប៉េកាំង មុនបន្តដំណើរទៅកាន់ទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន ដើម្បីចូលរួមជំនួបត្រីភាគីចិន-ជប៉ុន-កូរ៉េខាងត្បូង។ បញ្ហាហុងកុង ស៊ីនជាំង និងកូរ៉េខាងជើង ត្រូវបានលោក អាបេ លើកឡើងក្នុងជំនួបជាមួយលោក ស៊ី នៅមហាវិមានប្រជាជន។
ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួប លោក Otaka Masato អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសជប៉ុន និយាយថា លោក អាបេ បានទទូចចិនឲ្យបន្តរក្សាការអត់ធ្មត់ខ្ពស់លើបញ្ហាហុងកុង និងសង្ឃឹមថា នឹងមានដំណោះស្រាយឆាប់ៗ។ បើតាមមន្ត្រីជប៉ុនដដែល លោក អាបេ បានបង្ហាញក្ដីបារម្ភចំពោះស្ថានការណ៍នៅហុងកុង ហើយក្រោមគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ ហុងកុងគួរបន្តមានសេរីភាព និងការបើកចំហដើម្បីអាចអភិវឌ្ឍទៅមុខទៀត។
ប្រធានាធិបតីចិន ក៏ឆ្លើយនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនវិញថា ហុងកុង ជាបញ្ហាផ្ទៃក្នុងរបស់ចិន។ នេះជាការបញ្ជាក់របស់លោក Masato ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។
ក្រៅពីហុងកុង លោក អាបេ ក៏និយាយដល់បញ្ហានៅស៊ីនជាំងជាទីដែលចិនរងការចោទប្រកាន់ថា ចាប់ឃុំជនភាគតិចវីហ្គ័រ និងជនភាគតិចឯទៀតជាងមួយលាននាក់ក្នុងមន្ទីរឃុំឃាំងរាប់សិបកន្លែង។ ជាច្រើនលើកច្រើនសារ ប៉េកាំង បានពន្យល់ថា ពួកគេ គ្រាន់តែឆ្លងកាត់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញដើម្បីជម្រុះចោលគំនិតជ្រុលនិយម។ ត្រង់ចំណុចនេះ មេដឹកនាំជប៉ុនចង់ឲ្យចិនបកស្រាយឲ្យបានច្បាស់ថែមទៀត។
ក្នុងជំនួបទ្វេភាគីដដែល ប្រមុខរដ្ឋាភិបាលជប៉ុន បង្ហាញជំហរជំទាស់ការលើកលែងទណ្ឌកម្មខ្លះលើកូរ៉េខាងជើង ដែលចិនជាអ្នកស្នើរួមជាមួយរុស្ស៊ីដើម្បីជំរុញដល់ការចរចា។ អ្នកនាំពាក្យខាងលើអះអាងថា ការព្យួរទណ្ឌកម្មពេលនេះ គឺឆាប់រហ័សពេកហើយបើគិតគូរពីស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ។ លោក Masato ទំនងចង់សំដៅដល់ការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់កូរ៉េខាងជើង និងការសាកល្បងប្រព័ន្ធបាញ់រ៉ុក្កែតញឹកញយនោះ៕
Tag:
ជប៉ុន
ហុងកុង
ចិន
ស៊ី ជិនភីង
ស៊ិនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com