កីឡាអន្តរជាតិ
អន្តរជាតិ
«ទំនួលខុសត្រូវ» ជាមូលហេតុនាំឲ្យ Honda ចេញពី Vitesse ក្រោយលេងបាន៤ប្រកួត
× ខ្សែបម្រើ keisuke Honda និងជាអ្នកចាត់ការក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាបានសម្រេចចាកចេញពីក្រុម Vitesse Arnhem នៃលីគក្របខណ្ឌកំពូលហូឡង់ហើយ ក្រោយចូលរួមជាមួយក្រុមនេះបានរយៈពេល៦សប្តាហ៍។ មូលហេតុចម្បងនៃការចាកចេញនេះ ដោយសារ Honda មើលឃើញថាខ្លួន មិនអាចរួមចំណែកជួយក្រុមឲ្យប្រសើរជាងនេះឡើយ។
អតីតសមាជិកក្រុមជម្រើសជាតិជប៉ុន វ័យ៣៣ឆ្នាំរូបនេះ បានទៅចូលរួមក្រុម Vitesse កាលពីថ្ងៃទី៦ ខែវិច្ឆិកា។ រយៈពេលមួយខែកន្លះ Honda បង្ហាញខ្លួនឲ្យក្រុមបានចំនួន៤ប្រកួត ដោយមិនមានគ្រាប់ស៊ុត និងបញ្ជូនបាល់ឲ្យដៃគូសម្រេចទីឡើយ។
Honda បានប្រកាសជាវីដេអូតាមរយៈបណ្តាញសង្គម Instagram ផ្ទាល់របស់ខ្លួនពីការចាកចេញថា៖«នៅពេលខ្ញុំមកទីនេះ [Vitesse] បេសកកម្មរបស់ខ្ញុំគឺផ្លាស់ប្តូរស្ថានភាពអាក្រក់របស់ក្រុម ប៉ុន្តែខ្ញុំមិនបានជោគជ័យទេ។ នៅពេលអ្នកចាត់ការទូទៅលោក Leonid Slutsky ចុះចេញពីតំណែង ខ្ញុំមានអារម្មណ៍ថាត្រូវតែទទួលខុសត្រូវចំពោះរឿងនេះដែរ»។
ដោយសារ Vitesse ធ្លាក់ទម្រង់លេងទើបអ្នកចាត់ការ Slutsky លាលែងពីតំណែងអ្នកចាត់ការតែម្តងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
អតីតខ្សែបម្រើឆ្នើមក្រុម AC Milan, CSKA Moscow, Melbourne Victory បញ្ជាក់បន្ថែមពីជំហរចាកចេញខាងលើថា៖«ទាំងអស់នោះហើយជាមូលហេតុដែលខ្ញុំគិតថាខ្ញុំគួរតែចាកចេញពីទីនេះបន្ទាប់ពីរដូវរងារ។ ខ្ញុំសូមគោរពនិងអរគុណដល់អ្នកទាំងអស់គ្នាដែលជាមិត្តរួមក្រុម និងអ្នកគាំទ្រដែលបានយកចិត្តទុកដាក់ខ្ពស់ដល់រូបខ្ញុំ»។
Vitesse ស្ថិតក្នុងចំណាត់ថ្នាក់ទី៦ក្នុងតារាងចំណាត់ថ្នាក់នៃលីគ Eredivisie បណ្តោះអាសន្ន ក្រោយរកបាន៣០ពិន្ទុ ពីការប្រកួត១៨លើក ដោយតាមពីក្រោយក្រុមកំពូលតារាង Ajax Amsterdam ចំនួន១៤ពិន្ទុ៕
Tag:
keisuke Honda
Vitesse
© រក្សាសិទ្ធិដោយ thmeythmey.com