ជាតិ
សេដ្ឋកិច្ច
ទំហំ​ពាណិជ្ជកម្ម​វៀតណាម​-​កម្ពុជា មាន​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩
24, Dec 2019 , 2:57 pm        
រូបភាព
ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Trinh Dinh Dung
ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Trinh Dinh Dung
​ភ្នំពេញ​៖ ទំហំ​ពាណិជ្ជកម្ម​វៀតណាម និង​កម្ពុជា សម្រេចបាន​៥​ពាន់​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៩​នេះ​។​នេះ​បើតាម​លើកឡើង​របស់លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Trinh Dinh Dung នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែធ្នូ នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ «​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​» ឬ «​ផ្សារ​ដារ​»​។​


 
​ក្នុង​ពិធី​សម្ពោធ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម រំពឹងថា ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ នឹង​កើនឡើង​ជាង​នេះ តាមរយៈ​ការដោះដូរ​ទំនិញ​នៅ​«​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​» ឬ «​ផ្សារ​ដារ​»​។ 
 
​ជាមួយគ្នានេះ វៀតណាម ក៏​កំពុងមាន​គម្រោង​វិនិយោគ​២១៤​គម្រោង ដែលមាន​ដើមទុន​ចុះបញ្ជី​ប្រមាណ​៣,៣​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​ដែរ​។ ទឹកប្រាក់​វិនិយោគ​នៅ​កម្ពុជា​នេះ គឺ​ច្រើនជាងគេ បើ​ធៀប​នឹង​ប្រទេស​ចំនួន​៥ ដែល​វៀតណាម​វិនិយោគ​។ នេះ​បើតាម​លោក Trinh Dinh Dung ដែល​អះអាងថា រដ្ឋាភិបាល​វៀតណាម កំពុង​ជួយ​កម្ពុជា​ផ្នែក​ហិរញ្ញប្បទាន​លើ​គម្រោង​មួយចំនួន​ទៀតផង​។​
 
​សូមបញ្ជាក់ថា ផ្សារ​ដារ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​២០១៨ ដោយ​ចំណាយ​ថវិកា​ជិត ២​លាន​ដុល្លារ​អាមេរិក ដែលជា​ថវិកា​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម​។ ផ្សារ​នេះ​មាន​ចំនួន ៦៨​ស្តង់ ចែកចេញជា​៦​ប្រភេទ ហើយ​មាន​ទំហំ​ប្រមាណ​២​ហិកតា ដែលមាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ព្រំប្រទល់​ជាមួយ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។​
 
​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ ត្រូវបាន​អនុញ្ញាតឱ្យ​ដាក់លក់​តែ​ផលិតផល​របស់​កម្ពុជា និង​វៀតណាម ដោយ​មិន​អនុញ្ញាតឱ្យ​លក់​ផលិត​ប្រទេស​ដទៃ​នោះឡើយ​៕  

Tag:
 ទំហំ​ពាណិជ្ជកម្ម​
  វៀតណាម​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com