អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ យ៉ាងហោច​២៥​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​ធ្លាក់​ក្នុង​ជ្រោះ​
24, Dec 2019 , 3:29 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​មនុស្ស យ៉ាងហោចណាស់ ២៥​នាក់ បាន​បាត់​បង់ជីវិត និង​១៤​នាក់​ទៀត រងរបួស នៅក្នុង​ឧបទ្ទវហេតុ​ឡាន​ធ្លាក់ចូល​ទៅក្នុង​ជ្រោះ​ជ្រៅ​មួយ​នៅ​ឥណ្ឌូណេស៊ី​។ នេះ​បើតាម​ការអះអាង​ពី​សំណាក់​ក្រុម​អ្នក​ជួយសង្គ្រោះ​នៅ​ថ្ងៃទី​២៤ ខែធ្នូ​។


 
​ហេតុការណ៍​ធ្លាក់​ឡានក្រុង ចូលទៅក្នុង​ជ្រោះ​មួយ​កម្ពស់ ១៥០​ម៉ែត្រ នៅក្នុង​តំបន់​ដាច់ស្រយាល​មួយ នៅក្បែរ​ទីក្រុង Pagar Alam ខេត្ត​ស៊ូ​ម៉ា​ត្រា​ភាគខាងត្បូង ឥណ្ឌូណេស៊ី បានកើត​ឡើង​នៅ​ថ្ងៃទី​២៣ ខែធ្នូ នា​វេលា​ជិត​រំលង​អ​ធ្រា​ត​។ ឧបទ្ទវ​ហេតុនេះ បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២៥​នាក់​បានទទួល​មរណភាព ខណៈពេល​ក្រុម​អ្នក​ជួយសង្គ្រោះ កំពុង​ស្វែងរក​មនុស្ស​មួយចំនួនទៀត ដែល​កំពុង​បាត់​ខ្លួន​នៅឡើយ​។  
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Dolly Gumara អ្នកនាំពាក្យ​ប៉ូលិស​ស្រុក បាន​បញ្ជាក់ថា រថយន្តក្រុង បាន​បើក​បុក​រនាំង​បេតុង មុននឹង​ធ្លាក់​ចូលទៅក្នុង​ជ្រោះ ហើយ​មាន​មនុស្ស​មួយចំនួន កំពុង​ជាប់​នៅក្នុង​រថយន្ត​។ រហូតមកទល់​ពេលនេះ មន្ត្រីប៉ូលិស​មិនទាន់បាន​បញ្ជាក់ថា ករណីនេះ បណ្តាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ប៉ុន្តែ វា​ទំនងជា​បណ្តាលមកពី​ផ្លូវ​ចោត​ពេក​។ 
​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​នៅលើ​តាម​តំបន់​កោះ​ក្នុង​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ គឺ​បណ្តាលមកពី​បញ្ហា​រថយន្ត​ចាស់ គ្មាន​ការថែរក្សា ឬ​ត្រួតពិនិត្យ​ត្រឹមត្រូវ និង​ការមិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម​។ 
 
​កាលពី​មិថុនា គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ១២​នាក់ និង​របួស​ជាច្រើន​នាក់ នៅលើ​កោះ​ជ្វា​ភាគ​ខាងលិច ដោយសារតែ​អ្នកដំណើរ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​បើកឡាន ហើយ​អ្នកដំណើរ ព្យាយាម​ទាញ​ចង្កូត​ឡាន​ពី​អ្នកបើកបរ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com