ពីនេះ ពីនោះ
អ្នកខ្លះ​ថា ណូអែល តាម​បារាំង រីឯ​អ្នកខ្លះ​ថា គ្រី​ស​ស្មាស់ តាម​អង់គ្លេស​
25, Dec 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​អ្នក​ដែល​និយម​ប្រារព្ធ​ពិធីបុណ្យ​សាសនា​គ្រិស្ត ដែល​ភាគច្រើន​ហៅថា បុណ្យ​ណូអែល​(Noel) ឬ​បុណ្យ​គ្រី​ស​ស្មាស់​(Christmas) ឬ​អ្នក​ដែល​កាន់សាសនា​គ្រឹ​ស្ត ប្រាកដជា​ស្គាល់​ច្បាស់​ពី​ពិធីបុណ្យ​សាសនា​គ្រិស្ត​នេះ​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​គោរព​សាសនាព្រះពុទ្ធ ក៏​និយម​ប្រារព្ធ​ពិធី​នេះដែរ តែបើ​ឲ្យ​រៀបរាប់​ពី​ប្រវត្តិ​នៃ​ពិធីបុណ្យ​នេះ​វិញ ប្រហែលជា​មិនទាន់មាន​អ្នកណា​យល់ច្បាស់​នៅឡើយ​។

 
​អ្នក​ដែល​ចេះ​និយាយ​ភាសា​បារាំង ប្រាកដជា​ស្គាល់​ពាក្យ​ថា ណូអែល​«Noel» ចំណែក​អ្នក​ដែល​ចេះ​ប្រើ​ភាសា​អង់គ្លេស ក៏​ប្រាកដជា​ស្គាល់​ពាក្យ​ថា «Christmas»  តើ​ពាក្យ​ទាំងអស់នោះ មាន​អត្ថន័យ​ពិតប្រាកដ​ដូចម្តេច​?
 
«Noel» ជា​ភាសា​ដើម​របស់​បារាំង ដែល​ពលរដ្ឋ​បារាំង​គ្រប់គ្នា តែង​ច្រៀង​បទ​«Le Premier Noel» ដែល​មានន័យថា រីករាយ​ថ្ងៃបុណ្យ​ណូអែល​។ ក្រៅពី​ច្រៀង​ចម្រៀង​ណូអែល ពួកគេ​រៀបចំផ្ទះ​សម្តែង តុបតែង​ដើមឈើ​អម​ជាមួយ​អំណោយ​ផ្សេងៗ​ផងដែរ​។​
 
«Christmas» ជា​ពាក្យ​ដើម​មកពី​ភាសា​អង់គ្លេស​បុរាណ​ថា Christes Maesse ឬ Christ’s Mass ដែល​មានន័យថា ពិធី​អបអរសាទរ​ជួបជុំគ្នា​រវាង​អ្នក​គោរព​សាសនា​គ្រិស្ត​។ ប្រជាពលរដ្ឋ​អាមេរិក និង​អង់គ្លេស ចាត់ទុក​បុណ្យ​«Christmas» នេះ ជា​ថ្ងៃ​ដែល​លោកតា Santa Claus ផ្តល់​ជា​អំណោយ និង​ជា​ថ្ងៃ​ដែល​គេ​ជួបជុំ​ឲ្យ​កាដូ​គ្នា​ទៅវិញទៅមក ច្រៀង​លេង​កម្សាន្ត ជួន​ពរ​គ្នា​ទៅវិញទៅមក ឬ​ការ​បួងសួង​ជាដើម​។ ពួកគេ​ជឿជាក់ថា​ការ​បួងសួង​របស់​ពួកគេ​នឹង​បាន​ទៅដល់​លោកតា Santa Claus នៅពេល​គេ​បោះ​សំបុត្រ​ចូលក្នុង​ភ្នក់ភ្លើង​។​
 
​អង់គ្លេស ក៏​គេ​មានជំនឿថា នៅពេល​គេ​យក​ស្រោមជើង​ទៅ​ព្យូ​រ​នៅ​ដើមឈើ​នៅក្រោម​បំពុង​បង្ហុយផ្សែង ដើម្បី​ទទួលបាន​ប្រាក់​មាស​ពី​លោកតា Santa Claus​។ ចំណែក​ការ​ព្យូ​រ​ស្លឹក​ដើមឈើ នៅ​ជុំវិញ​ដើមឈើ គេ​រំលឹក​ដល់​រដូវ​ធ្លាក់​ទឹកកក និង​រំលឹក​ដល់​ថ្ងៃ​ផ្កា​រីក​ដែល​ជិត​មកដល់​ឆាប់ៗ​របស់​ប្រទេស​អង់គ្លេស​។ 
 
​ជារួម ពាក្យ​ថា «Noel» ឬ​«Christmas»​ឬ​ម្យ៉ាងទៀត​«X’ mas»​ត្រូវបាន​គេ​កំណត់ថា​ជា​ថ្ងៃ​ដែល​រំលឹក​ដល់​ព្រះ​យេស៊ូ​ដែល​បានប្រសូត​នៅ​ភពផែនដី​នៅ​ថ្ងៃទី​២៥ ខែធ្នូ​។ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​ហៅថា បុណ្យ​ព្រះ​យេស៊ូ​ប្រសូត​នោះទេ​។ សម្រាប់​ពលរដ្ឋ​ខ្មែរ​ហៅថា​បុណ្យ​ណូអែល «Noel» ហើយ​មួយរយៈ​ចុងក្រោយ​នេះ ហៅថា​បុណ្យ​គ្រី​ស្មាស់ «Christmas»​។ 
 
​បច្ចុប្បន្ន​មិនមែន​មានតែ​ប្រជាជន​ដែល​កាន់សាសនា​គ្រិស្ត​ប្រារព្ធ​ពិធី​នេះ​ទេ សូម្បីតែ​ប្រទេស​ដែល​មិន​គោរព​សាសនា​គ្រិស្ត ក៏​គេ​ចូលរួម​ប្រារព្ធ​ពិធី​នេះ​ផងដែរ​។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ផុសផុល​ផងដែរ ដោយ​ពួកគេ​តែង​រៀបចំ​កាដូ​ជូន​គ្នា​ទៅវិញទៅមក ឬ​ការចែក​ស្ករ​គ្រាប់​គ្នា​ទៅវិញទៅមក​ផងដែរ​។ ចំណែកឯ​នៅតាម​ស្ថាប័ន ក្រុមហ៊ុន សាលារៀន ឬ​ផ្ទះ​សម្តែង​នានា ក៏មាន​ការតាក់តែង​ដាក់​បង្ហាញ​ដើម «Christmas» មាន​ភ្លើង​ភ្លឺ​ផ្លេក និង​ប្រអប់​កាដូ​យ៉ាង​ស្រស់ស្អាត​ផងដែរ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com