អន្តរជាតិ
រដ្ឋបាល​អាកាសចរណ៍​អាមេរិក ព្រមាន​ក្រុមហ៊ុន​ហោះហើរ​ពី​លទ្ធភាព​ដែល​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​
24, Dec 2019 , 7:19 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
​រដ្ឋបាល​អាកាសចរ​ស៊ីវិល​របស់​អាមេរិក បាន​ព្រមាន​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ឲ្យ​ប្រុង​ប្រយ័ត​ន្ន ខណៈ​កូរ៉េខាងជើង អាច​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ក្រោយ​កូរ៉េខាងជើង​គំរាមថា ផ្ដល់​អំណោយ​ដល់​អាមេរិក ប្រសិនបើ​អាមេរិក នៅតែ​មិន​ផ្លាស់ប្តូរ​របៀបវារៈ​ចរចា​របស់ខ្លួន​នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ​។ អំណោយ​នោះ ត្រូវគេ​ជឿថា ជាការ​សាកល្បង​មី​ស៊ី​ល​។​


 
​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ABC ថ្ងៃទី​២៣ ខែធ្នូ ដែល​ស្រង់​ចេញពី​រដ្ឋបាល​អាកាសចរ​សហព័ន្ធ​អាមេរិក កូរ៉េខាងជើង អាច​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​នៅ​ចុងឆ្នាំ ២០១៩​នេះ ឬ ដើមឆ្នាំ ២០២០​ខាងមុខ​។  តាម​របាយការណ៍ កូរ៉េខាងជើង ក៏​អាច​សាកល្បង​គ្រាប់​រ៉ុក្កែត​ប្រើ​ថាមពល​ឥន្ធនៈ ឬ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​បាញ់​ចេញពី​សមុទ្រ​ផងដែរ​។ 
 
​បើតាម​ទីក្រុង​ព្យុងយ៉ាង ខ្លួន​អាច​លុបចោល​ការសាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ដរាបណា ទីក្រុង​វ៉ាស៊ីនតោន យល់ព្រម​កែប្រែ​របៀបវារៈ​របស់ខ្លួន នៅ​ដំណាច់ឆ្នាំ ២០១៩​នេះ ដើម្បី​បន្ត​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​។ ក្នុងន័យនេះ បើ​អាមេរិក​នៅតែ​ផ្គើន​ដាក់​កូរ៉េខាងជើង អាមេរិក អាច​ទទួល​ការដូ​បុណ្យ​ណូអែល បែបណា​ក៏បាន បើ​ខ្លួន​ពេញចិត្ត​។ ពិតណាស់ កូរ៉េ​ខាង​ខាងជើង ទំនងជា​អាច​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​របស់ខ្លួន​ឡើងវិញ នៅ​ដំណាច់ឆ្នាំ ២០១៩​នេះ​។ 
 
​ថ្មីៗ​នេះ ប្រមុខ​ដឹកនាំ គីម ជុង​អ៊ុន ក៏​ដឹកនាំ​កិច្ចប្រជុំ​យោធា​ជាន់ខ្ពស់​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព និង​ជជែក​លើ​បញ្ហាសំខាន់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ប៉ុន្មាន​ថ្ងៃ​ទៀត បក្ស​ពលករ​កូរ៉េ ក៏​នឹង​បើក​កិច្ចប្រជុំ​របស់ខ្លួន​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នានា និង​ដាក់​ទិសដៅ​ឆ្នាំ​ថ្មី​។ អ្វីដែល​គេ​រំពឹង​នោះ គឺ​កូរ៉េខាងជើង​អាច​ប្រកាស​បញ្ចប់​ការផ្អាក​ការសាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន​ផងដែរ​។​
 
​សូមបញ្ជាក់ថា ទីក្រុង​ព្យុងយ៉ាង បាន​បើក​ការសាកល្បង​សំខាន់ៗ​ពីរលើក​នៅ​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Sohae នា​រយៈពេល​ថ្មីៗ​នេះ​។ ការណ៍​នេះ ត្រូវបាន​អ្នកជំនាញ គិតថា​ទីក្រុង​ព្យុងយ៉ាង អាច​សាកល្បង​ម៉ាស៊ីន​ប៉ា​ញ់​គ្រាប់​រ៉ុក្កែត​សម្រាប់​ជា​ជំនួយ​ក្នុងការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ចម្ងាយ​ឆ្ងាយ​។ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com