ជាតិ
សុខភាព
ស្ថានីយ៍​ផលិត​ទឹក​ប៊ីដុង​សហគមន៍​ជួយ​ពលរដ្ឋ​ជាង​១០០០​គ្រួសារ​នៅ​អូរ​ស្វាយ​មាន​ទឹកស្អាត​ប្រើប្រាស់​
24, Dec 2019 , 7:39 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​អង្គការ​ភ្លែន
រូបភាពពី​ហ្វេសប៊ុក​អង្គការ​ភ្លែន
​ភ្នំពេញ​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានដាក់​ដំណើរការ​ស្ថានីយ៍​ផលិត​ទឹក​ប៊ីដុង​ជា​សហគមន៍​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ នៅក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។ ស្ថានីយ៍​ផលិត​ទឹក​ប៊ីដុង​សហគមន៍​នេះ ជា​សហគ្រាស​ថ្នាក់មូលដ្ឋាន​មួយ​ដែល​អាច​ផលិត​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ពិសេស​កុមារ​ក្នុង​សហគមន៍​។​

 
​ពលរដ្ឋ​នៅ​ឃុំ​អូរ​ស្វាយ ប្រមាណ ១១២៨​គ្រួសារ និង​សាលារៀន​ចំនួន​២ ទទួលបាន​ប្រយោជន៍​ដោយផ្ទាល់​ពី​ស្ថានីយ៍​ផលិត​ទឹកអូរ​ប៊ីដុង​នេះ ដែល​វា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​យុទ្ធសាស្ត្រ​ដែលជា​កម្មវិធី​ទឹកស្អាត និង​អនាម័យ របស់​អង្គការ​ភ្លែ​ន ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ រួមជាមួយ​ដៃគូ​នានា​។​
 
​ចាប់តាំងពី​ឆ្នាំ​២០១៧​មក អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា រួមជាមួយ​ដៃគូ​សហការ សម្រេចបាន​សមិទ្ធផល​មួយចំនួន​នៅតាម​បណ្តា​សហគមន៍​ក្នុង​ខេត្តស្ទឹងត្រែង ជាពិសេស​ការដាក់​ដំណើរការ​ស្ថានីយ៍​ទឹក​ប៊ីដុង​សហគមន៍ អណ្តូងទឹក​សហគមន៍ ប្រព័ន្ធ​ទឹកស្អាត​នៅតាម​សាលារៀន បង្គន់​អនាម័យ ក៏ដូចជា​ប្រព័ន្ធ​ផ្ត​ត់​ផ្គង់​ទឹក​ខ្នាតតូច​តាម​ទុយោ​ជាដើម​។​
 
«​ផលិតផល​ទឹកស្អាត​នេះ​នឹង​ផ្ដល់ជូន​នូវ​តម្លៃ​លក់​ដែលមាន​តម្លៃ​ទាប​គ្រប់គ្រាន់ ដូច្នេះ​អ្នកភូមិ​អាចមាន​លទ្ធភាព​ទិញ​បាន​។ គម្រោង​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ អាកប្បកិរិយា និង​ការអនុវត្ត​របស់​ក្រុមគ្រួសារ​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត​ដើម្បី​ទទួល​សុខភាព​ល្អ និង​អត្ថប្រយោជន៍​សង្គម​នៅក្នុង​សហគមន៍​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យី គីម​ថា​ន នាយករង​នៃ​អង្គការ​ភ្លែ​ន​៕

រូបភាពពី​ហ្វេសប៊ុក​អង្គការ​ភ្លែន


Tag:
 ​អង្គការ​ភ្លែ​ន​
 ​ទឹក​ប៊ីដុង​
 ​សហគមន៍​
  ទឹកស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com