អន្តរជាតិ
ចិន រិះគន់​អាមេរិក​បង្កើត​ទ័ព​អវកាស​
24, Dec 2019 , 9:19 pm        
រូបភាព
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែធ្នូ។ រូបថតពីវេបសាយក្រសួងការបរទេសចិន
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែធ្នូ។ រូបថតពីវេបសាយក្រសួងការបរទេសចិន
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៣ ខែធ្នូ ចេញមុខ​រិះគន់​ការបង្កើត​ទ័ព​អវកាស​របស់​អាមេរិក ដោយ​ចាត់ទុកជា​ការធ្វើ​យោ​ធូប​នីយកម្ម​ទី​លំហ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ចាត់ទុក​ការបង្កើត​អង្គភាព​ទ័ព​ថ្មី​នេះ ជាការ​បំផ្លាញ​តុល្យភាព​យុទ្ធសាស្ត្រ​ពិភពលោក​។ ឯ​ការយក​ចិន និង​រុស្ស៊ី​ដើម្បី​ជា​លេស​ពង្រឹង​អំណាច​យោធា​ដោយ​អាមេរិក ក៏​ជា​រឿង​មិន​ត្រឹមត្រូវ​ដែរ ខណៈ​ចិន​នឹង​បន្ត​អនុវត្ត​គំនិត​សន្តិភាព​និយម​នៅ​ទី​លំហ​ដដែល​។​

 
​ការបង្កើត​កម្លាំង​ទ័ព​អវកាស ដែលជា​អង្គភាព​ទ័ព​ទី​៦ របស់​យោធា​អាមេរិក ធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត​ឡើយ​។ អង្គភាព​ទ័ព​នេះ ត្រូវ​លេច​ជា​រូបរាង​ក្រោម​ច្បាប់​ថវិកា​ការពារជាតិ​ឆ្នាំ​២០២០ ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើ​កាលពី​ចុង​សប្ដាហ៍​មុន​។ គោលដៅ​សំខាន់​របស់​អង្គភាព​ទ័ព​ថ្មី​នេះ គឺ​ការពារ​ប្រយោជន៍​អាមេរិក និង​ឥទ្ធិពល​អាមេរិក​នៅ​ទី​លំហ​ដែល​រង​ការគំរាមកំហែង​ដោយ​រុស្ស៊ី និង​ចិន​។​
 
​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​រិះគន់​អាមេរិក​ដែល​ប្រឹង​ពង្រឹង​យុទ្ធសាស្ត្រ​អនុត្តរភាព​លំហ​អាកាស ហើយ​កំពុងតែ​ធ្វើ​ឲ្យ​ទី​លំហ​ក្លាយជា​ទីតាំង​ប្រកួតប្រជែង​អាវុធ​ទៀតផង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៣ ខែធ្នូ លោក Geng Shuang បន្តថា សកម្មភាព​បែបនេះ បាន​បំពាន​ការ​មូលមតិ​ជាទូទៅ​ដែល​ចាត់ទុក​លំហ​អាកាស​ជា​តំបន់​សម្រាប់​គោលដៅ​សន្តិភាព ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​តុល្យភាព​សាកល បង្ក​ការ​គំរាម​ដល់​សន្តិភាព និង​សន្តិភាព​លំហ​អាកាស​ខាងក្រៅ​។​
 
«​ចិន បារម្ភ​ជាខ្លាំង និង​ប្រឆាំង​ដាច់ខាត​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ដែល​ចង់ដឹង​ពី​ជំហរ​របស់​ចិន​ក្រោយ​អាមេរិក​បង្កើត​ទ័ព​អវកាស​។ មន្ត្រី​ដដែល​បន្តថា សម្រាប់​សន្តិសុខ​ទី​លំហ អាមេរិក​គិតតែ​ពី​សន្តិសុខ​ខ្លួន​ប៉ុណ្ណោះ ខណៈ​គោលដៅ​សហគមន៍​អន្តរជាតិ គឺ​ការពារ​សន្តិសុខ​មនុស្ស​គ្រប់រូប​នៅ​លំហ​ខាងក្រៅ​នេះ​។ 
 
​អ្នកនាំពាក្យ​រូបនេះ ក៏​បន្ត​រិះគន់​អាមេរិក​ដែល​យកឈ្មោះ​ចិន និង​រុស្ស៊ី​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​។ លោក Geng Shuang ចាត់ទុក​ទង្វើ​របស់​អា​មេ​រិ​ក ជាការ​ទម្លាក់កំហុស​លើ​អ្នក​ស្លូតត្រង់ ហើយ​យករួចខ្លួន​តែឯង​។ 
 
​ទន្ទឹមនឹង​ការ​ប្រតិកម្ម​នឹង​អាមេរិក លោក Geng Shuang ក៏​ប្រកាស​ពី​ជំហរ​បស់​ចិន​ក្នុង​ការធានា​សន្តិភាព​នៅ​លំហ​អាកាស​។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា ចិន​ឈរ​ខាង​ការប្រើប្រាស់​ដោយ​សន្តិភាព​លំហ​ខាងក្រៅ ហើយ​ប្រឆាំង​ការរត់​ប្រណាំង​សព្វាវុធ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​ការការពារ​សន្តិ​ភាព​យូរអង្វែង​នៅ​ទី​លំហ និង​ធានាថា ទី​លំហ​មិន​ក្លាយជា​សមរភូមិ​ថ្មី​ឡើយ​៕ 

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com