ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ាន់ រិទ្ធី​៖ ដើម្បី​ឲ្យ​រីកចម្រើន​ខ្លាំង ភាពយន្ត​ខ្មែរ​ត្រូវមាន​ភាព​ពិសេស​ផ្សេង​ពី​ភាពយន្ត​បរទេស​
24, Dec 2019 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  មានការ​កត់សម្គាល់ថា ភាពយន្ត​ខ្មែរ​ហាក់​មិនទាន់មាន​គុណភាព​ប្រកួតប្រជែង​ភាពយន្ត​បរទេស ឬ​មិនទាន់​ដណ្ដើមបាន​ទីផ្សារ​ធំ​នៅឡើយ​។ លោក ប៉ាន់ រិទ្ធី ស្ថាបនិក​មជ្ឈមណ្ឌល​បុប្ផា​ណា និង​ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បី បាន​លើកឡើងថា ឧស្សាហកម្ម​ភាពយន្ត​របស់​កម្ពុជា ត្រូវការ​បង្កើន​គុណភាព​បន្ថែម ការរក​ដៃគូរ​បរទេស និង​ការជួយ​ពី​រដ្ឋាភិបាល​ផងដែរ​។


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ប៉ាន់ រិទ្ធី ដូចតទៅ​នេះ​៖



 
​ចំណុច​សំខាន់​នៃ​ការលើកកម្ពស់​ភាពយន្ត​របស់​ខ្មែរ គឺ​ការបង្កើន​គុណភាព ដែល​និយាយ​ទៅដល់ ការ​តែង​និពន្ធ​រឿង ការដឹកនាំ​រឿង តួ​សម្ដែង និង​បច្ចេកទេស​ថត​។ លោក ប៉ាន់ រិទ្ធី  មិន​ចាត់ទុក​លុយ​ជា​ធនធាន​អាទិ៍ភាព​បំផុត​ក្នុង​ការធ្វើ​ឲ្យ​ភាពយន្ត​មួយ​ល្អ​នោះទេ ហើយ​ភាពយន្ត​ខ្មែរ ត្រូវតែមាន​ភាព​ពិសេស​ដាច់ដោយឡែក​ពី​ភាពយន្ត​បរទេស ទើប​ចាប់យក​ចំណែក​ទីផ្សារ​បាន​ប្រសើរ​។​
 
«​លុយ​ជួនកាល​ធ្វើ​ចេញមក​ភាគច្រើន​អត់​ល្អ​ដែរ គឺ​ការនិពន្ធ​រឿង សម្ដែង​ល្អ គំនិត ការ​ស្រមៃ ធ្វើ​រូប​ម៉េច​ឲ្យ​ស្អាត អ្វី​ជា​អត្តសញ្ញាណ​របស់​វា បើ​ទិញ​ពី​យើង​រឿង​កាប់​ចាក់​ដដែល​ទិញ​អាមេរិក​វិញ​ល្អ​ជាង បើ​ទិញ​កុន​ខ្មែរ​ទាល់​តែមាន​អ្វី​ពិសេស​ក្នុង​ហ្នឹង​»​។ លោក ប៉ាន់ រិទ្ធី គូសបញ្ជាក់​បែបនេះ​។​
 
​លោក​ថ្លែង​ដូច្នេះ​ទៀតថា​៖«​ដូច​ខ្ញុំ​ធ្វើ​រឿង​កង្វះ​រូបភាព គឺ​ធ្វើ​ពី​ដីឥដ្ឋ​ហ្នឹង អត់​ទាំង​មាន​តួរ​ផង​ហ្នឹង អត់​ទាំង​មាន​animation​ផង​ហ្នឹង ក៏​មនុស្ស​មើល​ដែរ​។ អ៊ីចឹង​បើ​គំនិត​យើង​ល្អ យើង​ចេះ​ដឹកនាំ ចេះ​ដាក់​កាមេរ៉ា​កន្លែង​ល្អ ចេះ​វ៉ៃ​ភ្លើង​ល្អ ធ្វើ​ចេញ​ហើយ​។ គំនិតល្អ​រកលុយ​មក​ធ្វើបាន​ហើយ​»​។ ហើយ​បើ​មាន​លុយ​តែ​អត់​គំនិត គឺ​ធ្វើបាន​មួយ​គឺ​បិទ​ហើយ​»​។​
 
​ផលិតករ​ភាពយន្ត​ដ៏​ល្បី​រូបនេះ ប្រាប់ថា បច្ចេកទេស​ផលិតភាព​យន្ត​របស់​ក​ម្ពុ​ជា នៅ​ចាញ់​ថៃ​និង​ប្រទេស​ផ្សេងទៀត​ឆ្ងាយ តែមាន​ចំណុច​ពិសេស​ផ្សេង​ពី​គេ គឺ​នៅត្រង់​វប្បធម៌​និង​ប្រជាពលរដ្ឋ​។ លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​គុណភាព​នៅ​ស្រុក​ខ្មែរ​មិនមែន​សម្ភារៈ​អ្វី​ទេ គឺ​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​បាន​ស៊ើបសួរ​គេ​ហើយ​ថា​ហេតុអ្វី​អ្នកឯង​ចូលចិត្ត​មក​ថត​នៅ​ស្រុក​ខ្មែរ គឺ​មកពី​ពលរដ្ឋ​ខ្មែរ ចេះ​រួសរាយ​រាក់ទាក់ ពូកែ​ផលិត​ពូកែ​ច្នៃ​»​។​
 
​លោក​គាំទ្រ​ឲ្យ​ផលិតករ​ខ្មែរ ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​បរទេស ក្នុងការ​វិនិយោគ​ផលិតភាព​យន្ត ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ​។ ហើយ​ដើម្បី​ទាញ​ក្រុមហ៊ុន​ភាពយន្ត​មក​ផលិត​ក្នុងស្រុក​បាន កម្ពុជា​ត្រូវមាន​ស្ថេរភាព មាន​ផ្លូវ មាន​សណ្ឋាគារ ហើយ​មាន​ធនធានមនុស្ស​ក្នុង​វិស័យនេះ​មួយចំនួន ដែលជា​រួម​គឺមាន​ភាពងាយស្រួល​ដល់​អ្នក​មក​ផលិត​កុន​។ ប្រាង្គ​ប្រាសាទ និង​ទេសភាព​ធម្មជាតិ​ស្រុកស្រែ​ជាដើម ក៏​ជា​ចំណុច​ទាក់ទាញ់​ឲ្យ​ក្រុមហ៊ុន​បរទេស​ចូលមក​ផលិត​នៅ​កម្ពុជា​ផងដែរ​។​
 
​មួយផ្នែក វិស័យ​ភាពយន្ត​ត្រូវ​ការជួយ​ពី​រដ្ឋាភិបាល​។ លោក ប៉ាន់ រិទ្ធី ថ្លែង​ដូច្នេះ​ថា​«(​ស្ថាប័ន​ពាក់ព័ន្ធ​)​ត្រូវ​សិក្សា​រក​មធ្យោបាយ​ថា​តើ​កូរ៉េ និង​អាស៊ាន​ជាដើម គេ​ជួយ​កុន​របស់គេ​ដូចម្ដេច អាច​ថា​ជួយ​អនុគ្រោះ​ពន្ធ​ជាដើម​»​។ 
 
​លោក ប៉ាន់ រិទ្ធី គឺជា​ស្ថាបនិក​មជ្ឈមណ្ឌល​បុប្ផា​ណា និង​ជា​ផលិតករ​ភាពយន្ត​ល្បី​មួយរូប​។ ភាពយន្ត​ដែល​លោក​ផលិត និង​ទទួលបាន​ការគាំទ្រ​ខ្លាំង ភាគច្រើន​គឺ​រឿង​ទាក់ទង​នឹង​របប​ខ្មែរក្រហម ដូចជា​រឿង​កង្វះ​រូបភាព ឬ the missing picture និង​រឿង​ផ្នូរ​គ្មាន​ឈ្មោះ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់ Oscar ៕

Tag:
 ភាពយន្ត​
  កុន​
  ប៉ាន់ រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com