ជាតិ
នាយករដ្ឋមន្ត្រី ហាម​មន្ត្រី​គយ និង​អន្តោប្រវេសន៍ រំខាន​ដល់​ការរកស៊ី​របស់​ពលរ​ដ្ឋ​នៅ​«​ផ្សារ​គំរូ​ព្រំដែន​»
24, Dec 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​គយ និង​អន្តោប្រវេសន៍ មិនត្រូវ​រំខាន​ដល់​ការរកស៊ី​របស់​ប្រជាពលរដ្ឋ នៅ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-​វៀតណាម​(​ផ្សារ​គំរូ​ព្រំដែន កម្ពុជា​) នៅ​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៤ ធ្នូ​។​


 
​សម្ដេច ហ៊ុន សែន បាន​និយាយថា រាល់​ការត្រួតពិនិត្យ​ទំនិញ និង​ឆ្លងដែន​ចេញចូល​កម្ពុជា គឺ​ត្រូវ​ឆ្លងកាត់​មន្ត្រី​គយ និង​អន្តោប្រវេសន៍ ដូច្នេះ​មន្ត្រី​ទាំងអស់​មិនត្រូវ​បង្ក​ឧបសគ្គ​ដល់​ពលរដ្ឋរ​ក​ស៊ី​នៅ​«​ផ្សារ​គំរូ​ព្រំដែន​»​នោះឡើយ​។ ពាក្យ​«​ឧបសគ្គ »​នេះ គឺ​សម្ដេច ហ៊ុន សែន ចង់​សំដៅ​ទៅលើ​ការយក​លុយ​ឬ​ពន្ធ​ទំនិញ នាំចេញ​-​ចូល​ផ្សារ​គំរូ ពី​ពលរដ្ឋ​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន មិន​ចង់ឱ្យមាន​ការរំខាន​ដល់​ពលរដ្ឋ​រកស៊ី​នៅ​ផ្សារ​គំរូ​ព្រំដែន​នេះ ព្រោះ​ដើម្បី​ទប់ស្កាត់​ការដោះដូរ​ទំនិញ​តាម​ច្រករបៀង​ផ្សេងៗ​ទៀត​។​
 
​ថ្លែង​ចំពោះមុខ​មន្ត្រី និង​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ លោកនាយក​រដ្ឋមន្ត្រី បាន​និយាយ​ដូច្នេះ​ថា​៖«​នៅតាម​ច្រកព្រំដែន​ទាំងអស់​អត់​មាន​កាំកុងត្រូល​ទៀត​ទេ មានតែ​មន្ត្រី​គយ និង​នគរបាល​អន្តោប្រវេសន៍​ប៉ុណ្ណោះ (​ដូច្នេះ​) មិនត្រូវ​ធ្វើការ​រំខាន​ណាមួយ​ទៅដល់​ប្រជាជន ក្នុងការ​រកស៊ី​នៅ​តំបន់​(​ផ្សារ​គំរូ​ព្រំដែន​)​នេះ​ទេ​។ ប្រសិនជា​មានការ​ណាមួយ នៅក្នុង​តំបន់​នេះ ប្រជាពលរដ្ឋ​នឹង​បង្កើត​ច្រករបៀង​រកស៊ី​ដោយ​ខ្លួនឯង​។ នោះ​ហើយ​ជា​បញ្ហា ដែល​គ្រប់គ្រង​អត់​បាន​។ ហើយ​ពេល​យើង​គ្រប់គ្រង​អត់​បាន ពួកឧក្រិដ្ឋជន​គ្រឿងញៀន និង​ការធ្វើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ នឹង​ឆ្លៀត​ប្រើ​ច្រករបៀង​ទាំងនោះ​។ ដូច្នេះ​បានជា​ខ្ញុំ​ស្នើឱ្យ​ធ្វើការ​នេះ ឱ្យបាន​ហ្ម​ត​ចត់​»​។​
 
​ប្រមុខ​រដ្ឋាភិបាល​ក៏​ឆ្លៀត​ព្រមាន​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ឱ្យ​យកចិត្តទុកដាក់​គ្រប់គ្រង​ផ្សារ​គំរូ​មួយ​ផងដែរ បើសិនជា​មិន​ចង់​បាត់បង់​តំណែង​។ «​ផ្សារ​នេះ ជា​ផ្សារ​គំរូ​។ បើសិន​ផ្សារ​នេះ​បរាជ័យ ផ្សារ​ដទៃ​ផ្សេងទៀត ដែល​យើង​ត្រៀម​បង្កើតឡើង វា​គ្មាន​វឌ្ឍនភាព​ទេ​។ អ៊ីចឹង​អភិបាលខេត្ត​នៅ​កន្លែង​នេះ ត្រូវឱ្យ​ច្បាស់​នៅ​កន្លែង​ហ្នឹង​។​បើ​ផ្សារ​ហ្នឹង​បរាជ័យ លោក​ឯង​ក៏​អត់​អាចធ្វើ​ចៅហ្វាយខេត្ត​បានដែរ ខ្ញុំ​ដកចេញ​ចោល​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​រដ្ឋាភិបាល គ្រោង​សាងសង់​«​ផ្សារ​គំរូ​» ចំនួន​២​ទៀត នៅក្នុង​ខេត្តកំពត និង​ខេត្តស្វាយរៀង​។​សម្តេច ហ៊ុន សែន បានស្នើ​ទៅ​វៀតណាម​រួចហើយ ចំពោះ​គោលបំណង​សាងសង់​«​ផ្សារ​គំរូ​ព្រំដែន​»​នេះ តែ​វៀតណាម​មិនទាន់​ឆ្លើយតប​វិញ​។ តែ​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា អះអាងថា រដ្ឋាភិបាល​នឹង​ប្រើប្រាស់​ថវិកាជាតិ ក្នុងការ​សាងសង់​ផ្សារ​ព្រំដែន​ទាំងពីរ​នេះ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​២​លាន​ដុល្លារ សម្រាប់​ផ្សារ​នីមួយៗ​។​
 
​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ទាំងពីរ​នេះ សិក្សា​លើ​ទីតាំង​សាងសង់​ផ្សារ​គំរូ ឱ្យបាន​សមរម្យ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ប្រជាពលរដ្ឋ នៅតាម​តំបន់​ព្រំដែន​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការរៀបចំ​ផ្សារ​គំរូ​នៅតាម​ព្រំដែន​នេះ គឺ​ដើម្បី​ថែរក្សា​ស្ថិរភាព និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​។​
 
«​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​» ឬ «​ផ្សារ​ដារ​» ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​រី​ត្បូងឃ្មុំ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ប្រមាណ​២​ហិកតា ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ព្រំប្រទល់​ជាមួយ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ ផ្សារ​នេះ​សាងសង់ឡើង ដោយ​ចំណាយ​ទឹកប្រាក់​ជិត​២​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។​
 
​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ ត្រូវបាន​អនុញ្ញាតឱ្យ​ដាក់លក់​តែ​ផលិតផល​របស់​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាតឱ្យ​លក់​ផលិត​ប្រទេស​ដទៃ​នោះឡើយ​។ នេះ​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រំពឹងថា សក្ដានុពល​នៃ​ផ្សារ​គំរូ​ព្រំដែន​នេះ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ភាគី​ទាំងពីរ​ឱ្យដល់​៥​ពាន់​ដុល្លារ​អាមេរិក តាម​ការគ្រោងទុក​៕

Tag:
 ហ៊ុន សែន​
  អន្តោប្រវេសន៍​
  ពន្ធគយ​
  ផ្សារ​គំរូ
© រក្សាសិទ្ធិដោយ thmeythmey.com