ចិន ជប៉ុន​និង​កូរ៉េខាងត្បូង ប្តេជ្ញា​ជំរុញ​កិច្ចសន្ទនា​នុយក្លេអ៊ែរ​អាមេរិក​-​កូរ៉េខាងជើង​
អន្តរជាតិ
ចិន ជប៉ុន​និង​កូរ៉េខាងត្បូង ប្តេជ្ញា​ជំរុញ​កិច្ចសន្ទនា​នុយក្លេអ៊ែរ​អាមេរិក​-​កូរ៉េខាងជើង​
24, Dec 2019 , 9:59 pm        
រូបភាព
លោក លី ខឹឈាង (កណ្ដាល), លោក មូន ចេអ៊ីន(ឆ្វេង) និងលោក ស៊ីនហ្សូ អាបេ អំឡុងសន្និសីទរួមគ្នានៅថ្ងៃ ២៤ ខែធ្នូ ២០១៩ ក្នុងទីក្រុង Chengdu ប្រទេសចិន
លោក លី ខឹឈាង (កណ្ដាល), លោក មូន ចេអ៊ីន(ឆ្វេង) និងលោក ស៊ីនហ្សូ អាបេ អំឡុងសន្និសីទរួមគ្នានៅថ្ងៃ ២៤ ខែធ្នូ ២០១៩ ក្នុងទីក្រុង Chengdu ប្រទេសចិន
​មេដឹកនាំ​នៃ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​រំឭក​សារជាថ្មី​នូវ​ការតាំង​ចិត្ត​ពួកគេ​ក្នុងការ​បញ្ចប់​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​ព្រម​ជួយ​ជំរុញ​កិច្ចសន្ទនា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​។ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ក៏​ស្ថិតក្នុង​ប្រធានបទ​ដ៏​លេចធ្លោ​ក្នុង​កិច្ចពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង សម​ភាគី​ជប៉ុន ស៊ិន​ហ្សូ អា​បេ និង​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ មូ​ន ចេ​អ៊ី​ន ដែល​បាន​រៀបចំឡើង​នៅ​ថ្ងៃ​អង្គារ ២៤ ខែធ្នូ នាទី​ក្រុង Chengdu នៃ​ប្រទេស​ចិន​។

 
​ថ្លែង​នៅ​សន្និសីទ​រួមគ្នា​ក្រោយ​ជំនួប លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង គូសបញ្ជាក់ថា ប្រទេស​ទាំងបី បាន​យល់ព្រម​គ្នា​ថា កិច្ចសន្ទនា និង​ការប្រឹក្សា គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​តែមួយគត់​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ AP លោក លើកឡើង​ដូច្នេះ​ថា​៖«​យើង ប្រទេស​ទាំងបី មាន​ឆន្ទៈ​ធ្វើការ​រួមគ្នា​ជាមួយ សហគមន៍​អន្តរជាតិ ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​លើ​ឧបទ្វីប​កូរ៉េខាងជើង ដោយ​ប្រើ​វិធីសាស្ត្រ​នយោបាយ​»​។ 
 
​ចំណែក លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បាន​លើកឡើងថា ភាគី​ទាំងបី បាន​យល់ព្រម​គាំទ្រ​កិច្ចប្រឹងប្រែង​ស្តារឡើងវិញ​នូវ​កិច្ចសន្ទនា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង ដូច្នេះហើយ ការរំសាយ​កម្មវិធី​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​សន្តិភាព ពិតជា​អាច​ជឿនលឿន​បាន​។ ត្រង់ចំណុច​នេះ លោក មូ​ន សង្កត់ធ្ងន់ថា​៖«​សន្តិភាព​លើ​ឧបទ្វីប​កូរ៉េ គឺជា​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងបី​»​។ 
 
​ដោយ​មិន​ផ្លាស់ប្តូរ​ជំហរ លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បន្ត​រិះគន់​ការបាញ់​សាកល្បង​មី​ស៊ី​លពី​សំណាក់​កូរ៉េខាងជើង ដោយ​ចោទថា បំពាន​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ និង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​តំបន់​។ តាម AP លោក និយាយ​បែបនេះ​៖ «​សម្រាប់​គោលបំណង​នេះ វា​បាន​បញ្ជាក់ថា ការអនុវត្ត​ពេញលេញ​នៃ​សេចក្តីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ នៅតែមាន​សារសំខាន់ ហើយ​យើង​ត្រូវការ​រក្សា​សន្ទុះ​នៃ​ការវិវឌ្ឍ​កិច្ចសន្ទនា​កូរ៉េខាងជើង​-​សហរដ្ឋអាមេរិក​»​។​
 
​ទោះបីជា​ប្រភព​ដ៏​សំខាន់បំផុត​មួយ​របស់​ទីក្រុង​ព្យុងយ៉ាង​ទាំង​ក្នុង​វិស័យ​វិនិយោគ ការគាំទ្រ​ការទូត និង​ជំនួយ​សេដ្ឋកិច្ច ក៏ប៉ុន្តែ​ក្រុង​ប៉េកាំង ហាក់​ពុំ​សូវ​ទទួលបាន​ផ្លែផ្កា​ច្រើន​ឡើយ​ក្នុងការ​បញ្ចុះបញ្ចូល​រដ្ឋា​ភិ​បាល​របស់លោក គីម ជុង​អ៊ុន ឲ្យ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។ កូរ៉េខាងជើង បានដាក់​កាលបរិច្ឆេទ​ត្រឹម​ដំណាច់​ឆ្នាំនេះ​សម្រាប់​សហរដ្ឋអាមេរិក​ផ្លាស់ប្តូរ «​គោលនយោបាយ​គ្រោះថ្នាក់​» របស់ខ្លួន ប្រសិនបើ​ចង់​បង្កើត​កិច្ចពិភាក្សា​ណា​ផ្សេងទៀត​ជាមួយ​ខ្លួន​។ 
 
​ឲ្យ​ពិត​ទៅ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​នាល់ ត្រាំ បាន​ជួបគ្នា​៣​លើក​ហើយ ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៨ ក៏ប៉ុន្តែ​វា​ពុំ​សូវ​មាន​វឌ្ឍន​ភាពជា​ខ្លឹមសារ​រណា​មួយ​ក្នុង​កិច្ច​ស​ន្ទា​នា​នេះ ខណៈ​ក្រុង​ព្យុងយ៉ាង​ទាមទារ​ឲ្យ​ដកហូត​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ខ្លួន​ជាមុនសិន​។ ម្យ៉ាងវិញទៀត ក្រុង​ព្យុងយ៉ាង គំរាម​ជូនអំណោយ​ណូអែល​ដល់​សហរដ្ឋអាមេរិក ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​មិន​ផ្តល់​ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​លើ​ខ្លួន​ទេនោះ​។​
 
​ក្រៅពី​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ចិន ក៏​ដើរតួនាទី​សំខាន់​ផងដែរ​ក្នុងការ​សម្របសម្រួលរ​វាង​មេដឹកនាំ​ជប៉ុន​និង​កូរ៉េខាងត្បូង ដោយ​ព្យាយាម​បង្កើត​ការស្រុះស្រួល​គ្នា​មួយ​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​ទាំងពីរ​នេះ​។ ជំនួប​ត្រីភាគី​នេះ ក៏​ជា​ជំនួប​ទល់មុខ​គ្នា​លើកទីមួយ​រវាង​លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ក្នុងពេល​១៥​ខែ​ចុងក្រោយ​។ ចំណងទាក់ទង​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ បាន​កើនឡើង​កម្តៅ​ខ្លាំង​ក្នុងពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម និង​ទំនាស់​ផ្សេងទៀត​ពាក់ព័ន្ធ​រឿង​ប្រវត្តិសាស្ត្រ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង ទទួលស្គាល់​ពី​ភាព​តានតឹង​តាន​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង ក៏ប៉ុន្តែ​អះអាងថា បញ្ហា​នេះ​ពុំ​បង្ក​ឲ្យ​ការតាំង​ចិត្ត​របស់​ចិន​ចំពោះ​ទីផ្សារសេរី និង​ពាណិជ្ជកម្ម​សេរី ប្រែប្រួល​នោះឡើយ​។ ត្រង់នេះ លោក លី គូសបញ្ជាក់ថា ប្រទេស​ចិន អញ្ជើញ​សហគ្រាស​កូ​រ៉​ខាងត្បូង​និង​ជប៉ុន​ឲ្យ​ទទួល​កាលានុវត្តភាព​ដ៏​ធំ​ក្នុង​វិស័យ​ធុរកិច្ច និង​ទទួលជោគជ័យ​ព្រម​គ្នា​។ ចំណែក​លោក មូ​ន ចេ​អ៊ី​ន សង្កត់ធ្ងន់ថា ការផ្លាស់ប្តូរ​ផ្នែក​ឧស្សាហកម្ម បម្រែបម្រួល​អាកាសធាតុ និង​កិច្ច​គាំពារ​និយម​ពាណិជ្ជកម្ម តម្រូវ​ឲ្យ​ប្រទេស​ទាំងបី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​៕

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន​
  ចិន​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  លី ខឹ​ឈាង​
  ស៊ីន​ហ្សូ អា​បេ​
  ដូ​ណា​ល់​ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com