អត្ថបទ៖ ស៊ីធី
ប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានជួបជាមួយលោក Barack Obama អតីតប្រធានាធិបតីអាមេរិក។ លោក Sityodtong អះអាងថា លោក Obama បានវាយតម្លៃខ្ពស់ចំពោះការងារសំខាន់របស់ស្ថាប័ន ONE Championship ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ និង សង្គម ដើម្បីអ្នកជំនាន់ក្រោយជុំវិញពិភពលោក។
លោក Obama បានធ្វើដំណើរទស្សនកិច្ចជុំវិញទ្វីបអាស៊ីជាមួយក្រុមការងារអង្គការ Obama Foundation របស់លោក។ Obama Foundation គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានបេសកកម្ម «លើកទឹកចិត្តមនុស្សជាតិក្នុងការធ្វើកិច្ចការនានា, ផ្ដល់អំណាចឲ្យពួកគេផ្លាស់ប្ដូរពិភពលោកកាន់តែល្អប្រសើរ និង តភ្ជាប់ទំនាក់ទំនងដើម្បីឲ្យពួកគេមានសមិទ្ធផលរួមគ្នា»។
លោក Obama បានថ្លែងទៅកាន់អ្នកចូលរួមជាច្រើនរយនាក់នៅក្នុងកម្មវិធី 2019 Obama Foundation Leaders: Asia-Pacific Convening នាក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីសប្ដាហ៍មុន។ ទោះជាបែបណាក្ដី លោក Obama បានជួបថៅកែក្រុមហ៊ុន និង ថ្នាក់ដឹកនាំសហគ្រាសជាច្រើននៅតំបន់អាស៊ានក្នុងនោះរួមបញ្ចូលទាំងលោកប្រធាន និង ជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong ផងដែរអមដោយកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលមួយ។
«ខ្ញុំត្រូវបានគេអញ្ជើញឲ្យអង្គុយទល់មុខជាមួយអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ក្នុងកិច្ចប្រជុំឯកជនមួយនៅបន្ទប់សណ្ឋាគារ ជាមួយនាយកប្រតិបត្តិមកពីក្រុមហ៊ុនផ្សេងទៀតពីរបីនាក់ទៀត។ យើងមានរយៈពេលប្រហែលមួយម៉ោងដើម្បីជជែកគ្នាអំពីមុខជំនួញនៅតំបន់អាស៊ី»។ លោក Sityodtong បានសរសេរលើហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះ។
តាមរយៈកិច្ចប្រជុំរយៈពេលប្រហែល៦០នាទី លោក Obama បានទទួលភ្ញៀវប្រកបដោយភាពក្លៀវក្លា។ អតីតប្រធានាធិបតីអាមេរិករូបនេះមិនត្រឹមតែបានផ្ដល់មេរៀនជាច្រើនតាមរយៈផ្នត់គំនិត និង កាយវិការរបស់លោក ប៉ុណ្ណោះទេប៉ុន្តែលោកក៏បានយល់ដឹងច្រើនអំពីមុខជំនួញនៅក្នុងតំបន់ផងដែរ។
ប្រធាននិងជានាយកប្រតិបត្តិ ONE Championship បានគូសបញ្ជាក់ទៀតថា៖«ក្នុងនាមជាអ្នកគាំទ្រកីឡាដ៏ងប់ងុល និង ជាកីឡាករបាល់បោះផងនោះ លោក Obama បានវាយតម្លៃខ្ពស់ចំពោះការងារសំខាន់របស់ស្ថាប័ន ONE Championship ដែលផ្សារភ្ជាប់ទៅនឹងវប្បធម៌ , តម្លៃ និង សង្គម ដើម្បីអ្នកជំនាន់ក្រោយជុំវិញពិភពលោក»។
នៅក្នុងកិច្ចប្រជុំនេះ លោក Obama បានទទួលស្គាល់ច្បាស់អំពីបេសកកម្មរបស់ Sityodtong ដែលបង្ហាញឲ្យឃើញថា សារដ៏សំខាន់របស់ The Home Of Martial Arts កំពុងនាំទៅកាន់ទស្សនិកជនទូទាំងពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។
Facebook របស់លោក Sityodtong
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕