អន្តរជាតិ
លោក មូ​ន ជំរុញ​លោក អា​បេ ឲ្យ​ដក​ចោលការ​រឹតត្បិត​លើ​នាំចេញ​សារធាតុ​កម្រ​ទៅ​កូរ៉េខាងត្បូង​
24, Dec 2019 , 10:39 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចាប់ដៃនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នាជំនួបនៅទីក្រុង Chengdu ។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចាប់ដៃនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នាជំនួបនៅទីក្រុង Chengdu ។ រូបភាព AFP
​ក្នុងជំនួប​មួយ​ទល់នឹង​មួយរយៈ​ពេល​ជិត ១​ម៉ោង​នៅ​ទឹកដី​ចិន នា​ថ្ងៃទី​២៤ ខែធ្នូ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន បាន​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ដក​ចោលការ​រឹតត្បិត​លើ​ការនាំចេញ​ធាតុ​កម្រ​បី​ប្រភេទ​មក​កូរ៉េខាងត្បូង​។ បើតាម​លោក មូ​ន ចេ​អ៊ី​ន ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​សេ​អ៊ូ​ល គួរតែ​វិល​ទៅរក​ភាពប្រក្រតី​វិញ​។


 
​តាមរយៈ​ជំនួប​លើកទីមួយ ក្នុង​រយៈពេល ១៥​ខែ​កន្លងមកនេះ លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ទទូច​ឲ្យ ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន លុប​ចោលការ​រឹតត្បិត​លើ​ការនាំចេញ​ធាតុ​កម្រ ៣​ប្រភេទ ទៅ​កូរ៉េខាងត្បូង ឲ្យ​កាន់តែ​ឆាប់រហ័ស ដើម្បី​ឲ្យ​ស្ថានភាព​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ វិល​ទៅរក​ភាពប្រក្រតី​វី​ញ​។ ពោលគឺ ឲ្យ​ដូច​មុន​ថ្ងៃទី​១ ខែសីហា មុនពេល ដែល​ទីក្រុង​តូ​ក្យូ បាន​រឹតត្បិត​លើ​ការនាំចេញ​ធាតុ​កម្រ​បី​ប្រភេទ​ទៅ​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
​ជាមួយគ្នានេះ លោក​មូ​ន ក៏បាន​ស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​ថ្នាក់​មន្ត្រី ឲ្យ​កាន់តែ​ឆាប់រហ័ស​ផងដែរ លើ​បញ្ហា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ 
 
​ចំណែក​បញ្ហា​ប្រាក់​សំណង​លើ​ថ្លៃ​ជនរងគ្រោះ​កូរ៉េខាងត្បូង ដែល​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ធ្វើការ​ក្នុងសម័យ​អាណានិគម មេដឹកនាំ​ប្រទេស​ទាំងពីរ ក៏បាន​អះអាងថា មាន​យល់​ផ្សេងគ្នា​ផងដែរ​។ បើតាម​លោកស្រី Ko Min-jung អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae  ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កូរ៉េខាងត្បូង និង​ជប៉ុន យល់ព្រម​ដោះស្រាយ​បញ្ហា​ទាំងនេះ​តាមរយៈ​កិច្ចចរចា​ជាមួយគ្នា​។​
 
​ក្រៅពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម មេដឹកនាំ​ប្រទេស​ទាំងពីរ ក៏បាន​ជជែក​ពិភាក្សា ពី​បញ្ហា​ស្នូល​នៅលើ​ឧបទ្វីប​កូរ៉េ​ផងដែរ​។ ក្នុងនោះ​លោក អា​បេ បានស្នើ​ឲ្យ​កូរ៉េខាងត្បូង គាំទ្រ​រដ្ឋាភិបាល​របស់​លោក​ជុំវិញ​បញ្ហា​ការចាប់ខ្លួន​ជនជាតិ​ជប៉ុន​ពី​សំណាក់​កូរ៉េខាងជើង ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មុន ហើយ​លោក​មូ​ន ក៏បាន​សន្យា​គាំទ្រ​បញ្ហា​នេះដែរ​។​
 
​សូមបញ្ជាក់ថា បើទោះបីជា​កូរ៉េខាងត្បូង និង​ជប៉ុន មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា​ក៏ពិតមែន ប៉ុន្តែ​ប្រទេស​ទាំងពីរ មិនបាន​ធ្វើ​ឲ្យ​បាក់បែក​សម្ពន្ធមិត្ត​រប​ស់​ខ្លួន​ឡើយ​។ ជាក់ស្តែង​កូរ៉េខាងត្បូង បានប្រកាស​ផ្អាក​ការ​អស់​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ព័ត៌មាន​សន្តិសុខ​យោធា​ទូទៅ (GSOMIA) ជាមួយ​ជប៉ុន​វិញ​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​។ កាលពី​សប្តាហ៍​មុន ជប៉ុន ក៏បាន​បន្ធូរបន្ថយ ការនាំចេញ​ផលិតផល​មួយចំនួន​ទៅ​កូរ៉េខាងត្បូង​វិញ​ផងដែរ​៕

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com