អន្តរជាតិ
អតីត​ទីប្រឹក្សា​សន្តិសុខ​លោក ត្រាំ​៖ គោលនយោបាយ​លើ​បញ្ហា​កូរ៉េខាងជើង បរាជ័យ​ហើយ​
25, Dec 2019 , 8:29 am        
រូបភាព
អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ប៊ូលតុន, រូបភាព៖ Yonhap
អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ប៊ូលតុន, រូបភាព៖ Yonhap
​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ច​ន ប៊ូល​តុ​ន នៅ​ថ្ងៃទី ២៣ ខែធ្នូ បាន​លើកឡើងថា គោលនយោបាយ​អាមេរិក​លើ​កូរ៉េខាងជើង ជុំវិញ​បញ្ហា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ កំពុងតែ​ទទួល​បរាជ័យ ហើយ​អាមេរិក​ត្រូវតែទទួលស្គាល់​ពី​បញ្ហា​នេះ​។ ទន្ទឹមគ្នានេះ លោក ប៊ូល​តុ​ន ក៏បាន​ព្រមាន​ផងដែរ ការគំរាមកំហែង​រប​ស់​ទីក្រុង​ព្យុងយ៉ាង​ទៅលើ​កងទ័ព​អាមេរិក និង​សម្ពន្ធមិត្ត​នៅក្នុង​តំបន់ អាច​កើតឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។


​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter លោក ច​ន ប៊ូល​តុ​ន អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​គូសបញ្ជាក់ថា កងទ័ព​អាមេរិក ក៏ដូចជា​សម្ពន្ធមិត្ត អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ អតីត​ទីប្រឹក្សា​លោក ដូ​ណា​ល់ ត្រាំ រូបនេះ​ក៏​ស្នើ​ឲ្យ​អាមេរិក ត្រូវតែ​កែប្រែ​គោលនយោបាយ​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព នៅ​ចំពោះមុខ​កូរ៉េខាងជើង មុនពេល​ប្រទេសមួយ​នេះ មាន​អាវុធ​ទំនើបៗ ដែល​អាច​គំរាមកំហែង​ដល់​ដែនដី​របស់​អាមេរិក​។ 
 
​ក្នុងន័យនេះ លោក​ជំរុញ​ឲ្យ​អាមេរិក ផ្លាស់ប្តូរ​គោលនយោបាយ​របស់ខ្លួន​ជាបន្ទាន់ បើ​មិន​ចង់​ឲ្យ​កងទ័ព និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ជួប​គ្រោះថ្នាក់​ផ្សេងៗ ដែល​បង្កដោយ​ទីក្រុង​ព្យុងយ៉ាង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ក្រៅពី​ការសរសេរ​លើ​Twitter នា​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អាមេរិក Axios នៅ​ថ្ងៃទី ២៣ ខែធ្នូ លោក ប៊ូល​តុ​ន បាន​អះអាងថា អាមេរិក គ្មាន​បំណង​បញ្ឈប់​មហិច្ឆតា​កូរ៉េខាងជើង ក្នុងការ​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​ទេ​។ បើតាម​អតីត​ទីប្រឹក្សា​អាមេរិក​រូបនេះ ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន មាន​ចេតនា​ចង់​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​មែន​នោះ អាមេរិក អាច​ប្រើប្រាស់​គោលនយោបាយ​ផ្សេង​ពីនេះ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ដដែល​នេះ  លោក ប៊ូល​តុ​ន ត្រូវបាន​គេ​ចោទ​សួរថា តើ​កូរ៉េខាងជើង​អាច​សាកល្បង​ដ៏​សំខាន់ នៅពេល​ផុតកំណត់​ឱសានវាទ​ដែរឬទេ​។ ទាក់ទង​នឹង​បញ្ហា​នេះ អតីត​ទីប្រឹក្សា​ជាតិ​អាមេរិក បាន​និយាយថា អាមេរិក​គួរតែ​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ថា គោលនយោបាយ​អាមេរិក​ទទួល​បរាជ័យ​ហើយ​។ 
 
​សូមបញ្ជាក់ថា កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​កូរ៉េខាងជើង បានទទួល​បរាជ័យ​ជា​បន្តបន្ទាប់ ពោលគឺ​ចាប់តាំងពី​ជំនួប​លើកទីមួយ រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម​ជុង​អ៊ុន នៅ​សិង្ហ​បុរី រហូតដល់ កិច្ចចរចា​ថ្នាក់​មន្ត្រី​នា​ប្រទេស​ស៊ុយ​អ៊ែត​។ ជាពិសេស​មួយរយៈ​ចុងក្រោយ​នេះ ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ព្យុងយ៉ាង បាន​ប្រឈម​ភាព​តានតឹង​ដាក់គ្នា​ឡើងវិញ ដោយសារតែ​បញ្ហា​សិទ្ធិមនុស្ស ការ​កៀក​ថ្ងៃ​ឱសានវាទ​របស់​កូរ៉េខាងជើង​ជាដើម ៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com