ជាតិ
កូនផ្សោតអាយុ១១ថ្ងៃ ត្រូវគេប្រទះឃើញងាប់នៅអន្លង់កាំពី ខេត្តក្រចេះ កូនផ្សោតដែលបានស្លាប់ (រូបភាពពីទំព័រហ្វេសប៊ុករបស់អង្គការ WWF)
× ភ្នំពេញ៖ កូនផ្សោតអាយុ១១ថ្ងៃ ត្រូវគេប្រទះឃើញស្លាប់អណ្ដែតលើទឹកចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីអន្លង់កាំពីភាគខាងជើងនៃទីរួមខេត្តក្រចេះ កាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)នៅថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១៩។
បច្ចុប្បន្នក្រុមការងារ WWF កំពុងស្រាវជ្រាវរកមូលហេតុនៃការស្លាប់របស់កូនផ្សោតនេះ។ ជាមួយគ្នានេះដែរ អង្គការ WWF សរសេរបញ្ជាក់ថា កត្តាមងនេសាទ គឺជាការគំរាមកំហែងដ៏ចម្បង ចំពោះការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ។
ទន្ទឹមនេះ អង្គការ WWF បានអំពាវនាវឱ្យពង្រឹងការអនុវត្តច្បាប់ជលផលឱ្យបានតឹងរឹង និងពង្រឹងការហាមប្រាមដាច់ខាតចំពោះការប្រើប្រាស់មងនេសាទ។ អង្គការ WWF ស្នើដល់ក្រុមការងារទាំងអស់ រួមមាន ឆ្មាំទន្លេ រដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រួមទាំងអាជ្ញាធរពាក់ព័ន្ធនានា បន្តរួមសហការគ្នាតាមដាន និងបង្ក្រាបរាល់សកម្មភាពនេសាទខុសច្បាប់នៅតាមដងទន្លេមេគង្គ។
សូមបញ្ជាក់ថា ផ្សោតនៅឆ្នាំ២០១៩នេះ មានកូនផ្សោតកើតចំនួន១៣ក្បាលនៅខេត្តស្ទឹងត្រែងនិងក្រចេះ។ បច្ចុប្បន្ននេះ កម្ពុជាមានផ្សោតចំនួន៩២ក្បាលកំពុងរស់នៅក្នុងខេត្តទាំងពីរនេះ។ ដ្បិតមានសត្វផ្សោតចាប់កំណើតថ្មីច្រើនក្តី ប៉ុន្តែក៏មានកូនផ្សោតងាប់៧ក្បាលដែរ បើគិតត្រឹមថ្ងៃទី២២ ធ្នូ ឆ្នាំ ២០១៩នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com