អន្តរជាតិ
យន្តហោះ​ចម្បាំង​រុស្ស៊ី Su-57 ធ្លាក់​អំឡុងពេល​ហោះ​សាកល្បង
25, Dec 2019 , 10:21 am        
រូបភាព
យន្តហោះចម្បាំងរុស្ស៊ី Su-57 (ប្រភពរូប៖ RT)
យន្តហោះចម្បាំងរុស្ស៊ី Su-57 (ប្រភពរូប៖ RT)
ដោយ:
​យន្តហោះ​ចម្បាំង Sukhoi Su-57 របស់​រុស្ស៊ី បាន​ធ្លាក់​អំឡុង​ពេលធ្វើ​បេសកកម្ម​ហ្វឹកហ្វឺន នៅ​ថ្ងៃ​អង្គារ ២៤ ខែធ្នូ នៅ​ភូមិភាគ​ចុង​បូព៌ា​នៃ​ប្រទេស​នេះ​។ ក៏ប៉ុន្តែ របាយការណ៍ បញ្ជាក់ថា អ្នកបើកបរ​យន្តហោះ​ចម្បាំង​ទំនើប​ផុត​លេខ​នេះ ពុំមាន​គ្រោះថ្នាក់​អ្វី​ឡើយ​។

 
​ហោះ​បាន​ចម្ងាយ​១១១ គីឡូម៉ែត្រ​ពី​ទីលាន​សាកល្បង​ហោះហើរ​ក្បែរ​ទីក្រុង Komsomolsk-on-Amur យន្តហោះ​ចម្បាំង Su-57 បាន​ដាំ​ក្បាល​ចុះក្រោម​។ នេះ​បើតាម​ការបញ្ជាក់​របស់​សាជីវកម្ម​យន្តហោះ​រុស្ស៊ី (UAC) ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី RIV Novosti ទទួលបាន​។ យ៉ាងណាមិញ មិនមាន​របាយការណ៍​អំពី​ការស្លាប់​និង​ការខូចខាត​នៅលើ​ដី​ទេ​។​
 
​យន្តហោះ​បំបាំងកាយ​ជំនា​ន់ទី​៥ ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Sukhoi នេះ កំពុង​ត្រូវបាន​សាកល្បង​ដោយ​ជន​ស៊ីវិល​នៅពេលនោះ​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​យោធា​រុស្ស៊ី TASS ក្រសួងការពារជាតិ នឹង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ឧបទ្ទវ​ហេតុនេះ ដែល​មើលទៅ​ទំនងជា​បង្កឡើង​ដោយសារ​បញ្ហា​ប្រព័ន្ធ​ចង្កូត​។ 
 
​យន្តហោះ Su-57 ដែល​បាន​ធ្លាក់​នេះ គឺជា​យន្តហោះ​មួយគ្រឿង​ក្នុងចំណោម​យន្តហោះ​ដំបូង​គេ​ដែល​ត្រូវបាន​ផលិត​ទ្រង់ទ្រាយ​ធំ ហើយ​គ្រោង​ប្រគល់​ទៅ​ឲ្យ​កងទ័ពអាកាស​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ​។ យន្តហោះ Su-57 ដែល​បាន​ហោះហើរ​លើកដំបូង​កាលពី​ឆ្នាំ ២០១០ គឺជា​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​របស់​រុស្ស៊ី​។ វា មាន​សមត្ថភាព​បំបាំងកាយ​និង​ដឹក​ឧបករណ៍​និង​អាវុធ​ទំនើបៗ​។ យន្ដហោះ​មាន​ម៉ាស៊ីន​ភ្លោះ​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Sukhoi ដើម្បី​ប្រកួតប្រជែង​ជាមួយ​យន្តហោះ​បំបាំងកាយ F-22 Raptor របស់​សហរដ្ឋអាមេរិក​។​
 
​យន្តហោះ​ស៊េរី​ទំនើប​ផុត​លេខ Su-57 របស់​រុស្ស៊ី ធ្លាប់​ត្រូវបាន​សាកល្បង​ដោយ​ជោគជ័យ​នៅ​ប្រទេស​ស៊ី​រី ។ ការធ្លាក់​យន្តហោះ​លើក​នេះដែរ គឺជា​ការបាត់បង់​ដំបូង​របស់​យន្តហោះ Su-57 ដែល​ក្នុងនោះ ១០ គ្រឿង​ត្រូវបាន​សាងសង់​នៅឯ​រោងចក្រ​របស់ Sukhoi ក្នុង​ទីក្រុង​ចុង​បូព៌ា Komsomolsk-on-Amur សម្រាប់​ការសាកល្បង​មុន​ផលិតកម្ម និង​វាយតម្លៃ​សមត្ថភាព​ប្រយុទ្ធ​។ កងទ័ពអាកាស​រុស្ស៊ី បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ​នេះ​ចំនួន ៧៦ គ្រឿង​ដែល​ត្រូវប្រគល់​ឲ្យ​នា​ឆ្នាំ ២០២៨ ៕

Tag:
 ​រុស្ស៊ី​
  យន្តហោះ​ចម្បាំង​
  Su-57
© រក្សាសិទ្ធិដោយ thmeythmey.com