ជាតិ
សង្គមជាតិ
លោក Sylvain Julienne អ្នក​ថតរូប​សារព័ត៌មាន​នា​សម័យ​សង្គ្រាម​ទទួលមរណភាព​ក្នុង​អាយុ​៧២​ឆ្នាំ​
25, Dec 2019 , 11:38 am        
រូបភាព
ដោយ: រួបរួម
​លោក Sylvain Julienne អ្នក​ថតរូប​សារព័ត៌មាន​ជនជាតិ​បារាំង បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្រុង Evreux តំបន់ Normandie ប្រទេស​បារាំង ដែល​ជាទី​កំណើត​របស់លោក​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ L’Oeil de la Photographie ។ លោក Sylvain ជា​អ្នកប្រមាញ់​រូបថត​ដ៏​ល្បីល្បាញ​ក្នុងសម័យ​សង្គ្រាម ជាពិសេស​នា​សម័យ​ខ្មែរក្រហម​ផងដែរ​។​

 
​ក្នុង​អាយុ​២១​ឆ្នាំ លោក Sylvain Julienne បាន​ផ្សាយ​រូបថត​ដំបូងៗ​របស់ខ្លួន​នៅលើ​សារព័ត៌មាន The Village Voice ពេលដែល​លោក​ទៅ​រស់នៅក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។ ក្រោយមក លោក​បាន​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ ដើម្បី​បម្រើការ​ឲ្យ Life Magazine​។​
 
​បេសកកម្ម​ដ៏​ធំ​លើកដំបូង​របស់លោក Sylvain គឺ​ចេញទៅ​ថតរូប​ក្នុង​ព្រឹត្តិការណ៍​ជម្លោះ​នយោបាយ​នៅ​អៀរ​ឡង់​ខាងជើង កាលពី​អំឡុង​ឆ្នាំ​១៩៦៨​។ បន្ទាប់មកទៀត លោក​បាន​ទៅ​ចូលរួម​ជាមួយ​ភ្នាក់ងារ​សារព័ត៌​មានបារាំង Gamma ហើយ​ទៅ​បំពេញបេសកកម្ម​នា​អំឡុង​រដ្ឋប្រហារ​នៅ​ស៊ី​លី អស់​រយៈពេល​ជាច្រើន​ខែ​ក្នុង​ឆ្នាំ​១៩៧៣​។​


 
​នា​អំឡុង​ឆ្នាំ​១៩៧៤ លោក​បាន​ប្តូរ​ទៅ​បម្រើការ​នៅ​ភ្នាក់ងារ​ថតរូប​សារព័ត៌មាន Sygma ក្រោម​ការគ្រប់គ្រង​រប​ស់លោក Hubert Henrotte​។ លោក Sylvain បានមក​កាន់​កម្ពុជា ហើយ​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​ជាច្រើនលើក​ច្រើនសារ​។​
 
​លោក Sylvain ស្ថិតក្នុង​ចំណោម​សាក្សី​ម្នាក់ ដែល​បាន​មើលឃើញ​ព្រឹត្តិការណ៍​កាន់កាប់​ក្រុងភ្នំពេញ នា​ខែមេសា ឆ្នាំ​១៩៧៥ ដោយ​ពួក​ខ្មែរក្រហម ហើយ​លោក​ក៏​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែល​បាន​ជាប់ឃុំ​អស់​រយៈពេល​១៥​ថ្ងៃ​ក្នុង​ស្ថានទូត​បារាំង​ទៀតផង​។​
 
​នៅ​កម្ពុជា លោក Sylvain ក៏បាន​ធ្វើការ​ងារ​មនុ​ស្ស​ធម៌​មួយចំនួន​ផងដែរ ជាពិសេស​ការ​ប្រឹង​ជួយ​ដល់​កុមារ​២​រូប​តែ​ជា​អកុសល​កុមារី ផល្លា​អាយុ​២​ឆ្នាំ បាន​ស្លាប់​ដោយសារ​ខ្សោះ​ជាតិ​ទឹក រីឯ​កុមារា ផល្លី អាច​រស់រានមានជីវិត ដោយ​លោក​រៀបចំ​ឯកសារ​ធា​នាយក​រូបគេ​ទៅ​ចិញ្ចឹម​នៅ​បារាំង​។​
 
៣​ខែ​មុន​មរណភាព លោក Sylvain បានផ្តល់​បទ​សម្ភាស​ដ៏​វែង​មួយ​ជាមួយ​សារព័ត៌មាន La Depeche ហើយ​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់លោក មុនពេល​សម្រេច​ទៅ​រស់នៅ​ស្រុកកំណើត​វិញ​។ លោក​បាន​លើកឡើងថា​៖ «​ខ្ញុំ​ពិតជា​បានធ្វើ​កំហុសឆ្គង​ជាច្រើន​កាលពី​ជាតិ​មុនៗ ដូច្នេះ​ការបញ្ចប់​ជីវិត​នៅ​ទី​ដែល​អ្នក​បានកើត ក្រោយ​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ពី​២០ ទៅ​៣០​លើក ក៏ដូចជា​ការលាង​បាប និង​ការទទួល​ពិន័យ​យ៉ាង​ដូច្នោះ​ដែរ​»​។​


 
​ដំណើរ​ជីវិត​ឯកជន​របស់លោក មិន​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ​ឡើយ ប៉ុន្តែ​ក្នុង​បទ​សម្ភាស​ជាមួយ La Depeche លោក Sylvain បង្ហាញ​ពី​អារម្មណ៍​ឯកោ នៅពេលដែល​កូនប្រុស​តែមួយ​របស់លោក [​ប្រហែលជា​កូនចិញ្ចឹម​ពី​កម្ពុជា​] ចាក​ចេញទៅ​បន្ត​ការសិក្សា​នៅ Rouen​។ នៅ Evreux លោក Sylvain បាន​បើកហាង​លក់ទំនិញ​ដែល​លក់​ផលិត​ពី​ថៃ និង​ឥណ្ឌូណេស៊ី​។ 
 
​ក្រៅពី​អៀរ​ឡង់​ខាងជើង ស៊ី​លី និង​កម្ពុ​ចា លោក Sylvain ក៏បាន​ទៅយក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​នយោបាយ​ក្តៅគគុក និង​សង្គ្រាម​នៅ​ភូមា ព័រ​ទុយ​ហ្គា​ល់ អ៊ីរ៉ង់ លី​បង់ អា​ហ្ស​ង់​ទីន តួ​ក​គី និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។​
 
​លោក​បានឃើញ​មិត្ត​រួម​អាជីព​ជាច្រើន​របួស និង​ស្លាប់ ប៉ុន្តែ​ខ្លួន​គាត់​ផ្ទាល់​មិន​ដែលមាន​បញ្ហា​របួសស្នាម​ឡើយ ដោយ​គ្រាន់តែ​ធ្លាប់មាន​ប្រវត្តិ​ជាប់ឃុំ​នៅ​ទូត​បារាំង​ក្នុងប្រទេស​កម្ពុជា​រយៈពេល​១៥​ថ្ងៃ និង​ត្រូវបាន​ចាប់​ឃុំ​ដោយ​តួ​ក​គី​នៅ​ក្រុង Adana មួយឆ្នាំ​៕







Tag:
 អ្នក​ថតរូប​សារព័ត៌មាន​
  សង្គ្រាម
© រក្សាសិទ្ធិដោយ thmeythmey.com