នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សំណាង និង សុធី មកដល់ហាងកាហ្វេនៅម៉ោង៧ព្រឹក។ នៅថ្ងៃនេះ សុធី និងសំណាង មិនទាស់សម្តីគ្នាដូចរាល់ដងឡើយ។ តែសំឡាញ់ទាំងពីរនាក់ខឹងរឿងនារីៗមួយចំនួនលក់តាមអនឡាញបង្ហាញកេរ្តិ៍ខ្មាស និងប្រើពាក្យអាសអាភាសជ្រុលពេក។
សំណាង៖ អា សុធី អ្ហែងមើលអ្ហា ស្រីៗលក់តាមអនឡាញឥឡូវនិយាយចំអេសចំអាសម្ល៉េះ? និយាយចំៗរឿងផ្លូវភេទ។ ពិបាកទាំងមើល ពិបាកទាំងស្តាប់។
សុធី៖ និយាយដល់រឿងនេះ អញឈឺក្បាលយូរហើយ អា សំណាង។ មិនត្រឹមតែចំអេសចំអាសពាក្យសម្តីទេ តែថែមទាំងបង្ហាញកេរ្តិ៍ខ្មាសទៀតផង។ បង្ហាញខាងលើ ខាងក្រោម គ្មានសល់អីបន្តិចទេ។ អញខឹងខ្លាំងណាស់តែមិនដឹងធ្វើម៉េចទេ? ចុះអ្ហែងគិតថា ធ្វើម៉េចវិញ អា សំណាង?
សំណាង៖ អញគិតថា ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ត្រូវតែគិតគូរឿងនេះឲ្យទាន់ពេលវេលា។ បើមិនដូច្នេះទេ ក្មេងៗវ៉ល់អស់ហើយ។ ព្រោះមើលទៅ ដូចជាមិនមែនលក់ផលិតផលទេ ហាក់បីដូចជាលក់…។
សុធី៖ អ្ហែងចង់និយាយថាម៉េច អ្ហា?
សំណាង៖ អញ ពិបាកហាមាត់និយាយណាស់ ព្រោះរបៀបលក់ហ្នឹងវាជ្រុលពេក។ សឹងតែដាក់លក់ […] ទៅហើយ។
សុធី៖ រឿងនេះមិនពិបាកទេ អា សំណាង។ បើការលក់ដូរតាមអនឡាញអត់ច្បាប់ ហើយដើរហួសពីគន្លងប្រពៃណី ក្រសួងពាក់ព័ន្ធអាចចាត់ការតាមផ្លូវច្បាប់បាន។
សំណាង៖ តើមានច្បាប់គ្រប់គ្រងជំនួញអនឡាញដែរទេ អា សុធី?។
សុធី៖ អញមិនច្បាស់ទេ តែអញដូចជាធ្លាប់លឺថាមានច្បាប់ E-Commerce (ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក)។
សំណាង៖ អើ បើមានច្បាប់នេះហើយ អ្នកលក់ឡេ ឬអ្នកលក់ទាំងឡាយណាដែលល្មើសនឹងប្រពៃណី ត្រូវតែទទួលទោស។
នៅព្រឹកនេះ សំឡាញ់ទាំងពីរនាក់បែកគ្នានៅម៉ោង៩ព្រឹក ហើយអ្នកទាំងពីរសន្យាជួបគ្នានៅថ្ងៃស្អែកបន្តទៀត៕