អន្តរជាតិ
លោក ពូទីន៖ បើចង់ឈ្នះសង្គ្រាម រុស្ស៊ីត្រូវមានអាវុធខ្លាំងជាងគូប្រជែង ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ថ្លែងក្នុងកិច្ចប្រជុំនៅក្រសួងការពារជាតិ។ រូបភាព Xinhua
× ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី២៤ ខែធ្នូ បានប្រកាសពីអានុភាពកងទ័ពរុស្ស៊ីដែលមានសមត្ថភាពគ្រប់គ្រាន់បំពេញបេសកកម្មការពារទឹកដី។ នាកិច្ចប្រជុំមួយនៅក្រសួងការពារជាតិ លោក ពូទីន ទម្លាយពីការកើនឡើងអានុភាពសព្វាវុធទំនើបដែលរុស្ស៊ីអភិវឌ្ឍបានសម្រេច តែប្រទេសផ្សេងមិនទាន់មាន។ ដោយមិននិយាយចំឈ្មោះអាមេរិក លោក ពូទីន អះអាងថា បើចង់ឈ្នះសង្គ្រាម រុស្ស៊ីតែត្រូវតែខ្លាំងគូប្រជែងរបស់ខ្លួន។
ចំពោះមុខមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីជាច្រើនរូប លោកប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ប្រកាសច្បាស់ៗថា រុស្ស៊ីចំណាយលើវិស័យយោធាតិចជាងប្រទេសផ្សេង តែមានប្រសិទ្ធភាពជាងដោយបានអភិវឌ្ឍអាវុធទំនើបៗដែលប្រទេសផ្សេងព្យាយាមធ្វើតាមដែរ។ លោក ពូទីន ចាត់ទុករឿងនេះ ជាសមិទ្ធផលដ៏ធំមួយរបស់រុស្ស៊ី ព្រោះកន្លងមកអតីតសហភាពសូវៀត មិនអាចធ្វើបែបនេះបានឡើយ និងមានតែអភិវឌ្ឍតាមប្រទេសផ្សេង។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការក្រសួងការពារជាតិនៅថ្ងៃទី២៤ ខែធ្នូ លោក ពូទីន បាននិយាយដល់អាវុធលឿនជាងសំឡេងរបស់រុស្ស៊ី។ បើតាមទូរទស្សន៍រុស្ស៊ី RT ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានប្រទេសណាមានអាវុធបែបនេះទេ កុំថាឡើយដល់អាវុធលឿនជាងសំឡេងបាញ់ឆ្លងទ្វីបនោះ។ រុស្ស៊ី មានអាវុធប្រភេទនេះដែលភ្ជាប់ជាមួយមីស៊ីល Kinzhal ខណៈដែលមីស៊ីលលឿនជាងសំឡេង Avangard កំពុងដាក់ឲ្យប្រើប្រាស់យោធាផងដែរ។
លើសពីនោះ សព្វាវុធនុយក្លេអ៊ែររបស់រុស្ស៊ីដែលបាញ់ចេញពីលើគោក ក្នុងទឹក និងការទម្លាក់ពីអាកាស បានកើនឡើងដល់ទៅ៨២ភាគរយនៃអាវុធទំនើបៗរបស់រុស្ស៊ី។ នេះជាការបន្ថែមរបស់លោក ពូទីន ដែលបន្តថា កងទ័ពរុស្ស៊ីមានសមត្ថភាពការពារផលប្រយោជន៍របស់ខ្លួនបាន។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu ប្រកាសថា នៅឆ្នាំក្រោយ ទ័ពរុស្ស៊ីនឹងទទួលបានមីស៊ីលអន្តរទ្វីប Yars និង Avangard ថែម ខណៈនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែធុន Borei អាចប្រើប្រាស់បានផងដែរ។ នាវាមុជទឹកធុន Borei ចំនួន៦គ្រឿងទៀត នឹងដាក់ឲ្យប្រើប្រាស់បន្តបន្ទាប់
ដោយមិននិយាយចំឈ្មោះអាមេរិក លោកបន្តថា អាវុធរបស់រុស្ស៊ីត្រូវតែល្អលើសគូប្រជែង។ «ប្រសិនបើចង់ឈ្នះសង្គ្រាម បច្ចេកវិទ្យារបស់យើង ត្រូវបានខ្លាំងជាងអាវុធកម្រិតពិភពលោក។ វាមិនមែនជាការលែងអុកដែលការប្រកួតមានស្មើនោះឡើយ។» លោក ពូទីន និយាយដូចនេះក្នុងកិច្ចប្រជុំដដែល។
ក្រៅពីរឿងអាវុធ លោក ពូទីន ក៏និយាយការប្រកួតប្រជែង និងការប្រឈមមុខជាមួយអាមេរិកក្រោយការដើរចេញពីសន្ធិសញ្ញាហាមឃាត់មីស៊ីលបាលីស្ទិកចម្ងាយមធ្យម។ ប្រមុខការទូតអាមេរិក ម៉ាក អេស្ពើ ជាអ្នកបង្ហើបទីតាំងនេះកាលពីប៉ុន្មានខែមុន។ មេដឹកនាំរុស្ស៊ី បានចេញបញ្ជាឲ្យតាមដានឲ្យម៉ត់ចត់លើគម្រោងពង្រាយមីស៊ីលចម្ងាយខ្លី និងមធ្យមរបស់អាមេរិកនៅទូទាំងពិភពលោក ពិសេសនៅអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកដែលនៅជាប់រុស្ស៊ីបំផុត៕
Tag:
អាមេរិក
រុស្ស៊ី
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com