ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ាន់ រិទ្ធី បារម្ភ «សូម្បីតែក្មេងតូចៗក៏មើលទូរសព្ទច្រើនដែរ»
× លោក ប៉ាន់ រិទ្ធី ហាក់មិនស្ងប់ចិត្តឡើយ ដោយសង្កេតឃើញមនុស្សវ័យក្មេងនៅកម្ពុជា រាប់ចាប់ពីកុមារអាយុប្រាំ ប្រាំមួយឆ្នាំឡើង កាន់ទូរសព្ទចុចលេង និងមើលវីឌីអូផ្សេងៗ។ បើតាមចំណេះរបស់លោក ការមើលបែបនេះធ្វើឲ្យប៉ះពាល់ពីរផ្នែក។ ទី១ ផ្នែករូបកាយ គឺភ្នែក និងខួរក្បាលជាដើម។ លោកជំរុញឲ្យអាណាព្យាបាលស្វែងរកការពន្យល់ពីវេជ្ជបណ្ឌិត បើចង់ដឹងថាវាប៉ះពាល់ធ្ងន់ធ្ងរកម្រិតណា។ ទី២ គឺផ្នែកសតិអារម្មណ៍ គឺសំដៅខ្លឹមសារដែលចេញពីរូបភាព វីឌីអូ ទាំងនោះ ដូចជាខ្លឹមសារបែបអំពើហិង្សាជាដើម ដែលវាជ្រាបចូលក្នុងសតិអារម្មណ៍កុមារ។ ផ្នែកទី២នេះ គឺចំជំនាញរបស់លោក ប៉ាន់ រិទ្ធី តែម្ដង ព្រោះលោកជាផលិតករភាពយន្ត ហើយលោកយល់ដឹងទូលំទូលាយទាក់ទងនឹងរូបភាព វីឌីអូ ឬប្រព័ន្ធផ្សព្វផ្សាយ។
សូមស្ដាប់ការសន្ទនារវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ប៉ាន់ រិទ្ធី ផលិតករភាពយន្ត ដូចតទៅនេះ៖
«វា(ក្មេងៗ)មិនទាន់ចេះជ្រើសរើសទេ ឲ្យវាមើលផ្ដេសផ្ដាសវាទៅហើយ ហើយពួគ(វីឌីអូ..)ធ្វើផ្ដេសផ្ដាស ខ្វះអី? មួយគំនរ»។ នេះជាការលើកឡើងរបស់លោក ប៉ាន់ រិទ្ធី មុននឹងលោកបន្តដូច្នេះថា៖«ការអប់រំទូទៅ គេឲ្យឳពុកម្ដាយដឹង សាលាដឹង ឲ្យគ្រូពេទ្យទៅពន្យល់ទៅតើវារំខានខួរក្បាល ភ្នែក កូនរបស់អ្នកយ៉ាងណា?»។
តែអាណាព្យាបាលថាពិបាក មិនដឹងមានអ្វីផ្សេងឲ្យក្មេងលេងជំនួសទូរសព្ទ?
លោក ប៉ាន់ រិទ្ធី ឆ្លើយតបដូច្នេះថា៖«ចុះពីដើមខ្ញុំលេងជាមួយដីឥដ្ឋផង មានឧបករណ៍ខ្លះលេងទៅអប់រំកូនចៅយើង តែខ្លះទៀតអត់បានការអីទេ ខូចភ្នែកជាដើមផង។ មិនមែនថាមិនឲ្យលេងសោះទេ ឲ្យវាលេងមានម៉ោងផង ឯណាបើគ្រាន់ទៅហូបគុយទាវ ឲ្យកូនមើលដែរ មកពីយើងបណ្ដោយឲ្យក្មេងលេង»។
នៅប្រទេសផ្សេងៗទៀតក៏ព្រួយបារម្ភដែរ ហើយគេបារម្ភមុនទៅទៀត ព្រោះប្រទេសគេជឿនលឿនមុន តែគេរឹតត្បិតការលេងទូរសព្ទរបស់ក្មេង ទាំងនៅផ្ទះ និងមិនអនុញ្ញាតក្នុងសាលារៀនឡើយ។ នេះបើតាមលោក ប៉ាន រិទ្ធី ។
ជាដំណោះស្រាយមួយចំនួនទៀត គឺការអប់រំក្នុងសាលា មានវេជ្ជបណ្ឌិតទៅប្រាប់ពីហានីភ័យសុខភាពចំពោះការលេងទូរសព្ទ។ ការបង្រៀនឲ្យកុមារ និងយុវវ័យ ចេះមើលភាពយន្ត ឬវីឌីអូល្អៗ ជាប្រយោជន៍។ លោកនិយាយថានៅប្រទេសខ្លះគ្រូមើលភាពយន្តជាមួយសិស្ស ហើយវែកញែកអ្វីល្អ អ្វីអាក្រក់ ក្នុងថ្នាក់រៀន។ លោកបន្ថែមថា កម្ពុជាត្រូវផលិតខ្លឹមសារល្អៗបញ្ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយសព្វថ្ងៃ ដើម្បីឲ្យអ្នកមើលមានជម្រើស និងបញ្ជ្រាបនូវអ្វីដែលជារបស់ជាតិខ្លួន ចៀសវាងមើលខ្លឹមសាររបស់បរទេសច្រើនពេក៕
Tag:
ប៉ាន់ រិទ្ធី
ទូរសព្ទ
កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com