កីឡាជាតិ
ជាតិ
កីឡាករ ជឿ​ម ពិសិដ្ឋ មាន​វ័យ​១៩​ឆ្នាំ តែ​អាច​លើក​ទម្ងន់​រហូត​១១០​គីឡូក្រាម
26, Dec 2019 , 7:59 am        
រូបភាព
ដោយ:
​មាន​វ័យ​១៩​ឆ្នាំ តែ​កីឡាករ ជឿ​ម ពិសិដ្ឋ អាច​លើក​ដុំ​ដែក​ទម្ងន់​រហូត​១១០​គីឡូក្រាម ដែល​ជួយ​ឲ្យ​រូបគេ​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ការប្រកួត​កីឡា​លើក​ទម្ងន់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩​។ ជ័យជម្នះ​នេះ ទំនង​ជួយ​ឲ្យ​កីឡាករ​មកពី​ខេត្តបាត់ដំបង​រូបនេះ ក្លាយជា​កីឡាករ​ជម្រើសជាតិ ដ្បិត​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា គ្រោង​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០២០​។ ជា​កូន​ទី​៤​ក្នុង​គ្រួសារ​មាន​បងប្អូន​៥​នាក់ ពិសិដ្ឋ ចង់​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការប្រកួត​អន្តរជាតិ​នានា ពិសេស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

 
 
​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​និង​មាន​ការផ្តល់​កម្លាំងចិត្ត​ពី​គ្រួសារ​ជួយ​ឲ្យ​កីឡាករ ជឿ​ម ពិសិដ្ឋ ដែលមាន​ទម្ងន់​ត្រឹម​៨០​គីឡូក្រាម អាច​លើក​ដុំ​ដែក​ទម្ងន់​រហូត​១១០​គីឡូក្រាម និង​អាច​យកឈ្នះ​កីឡាករ ហេង វុទ្ធី ដែលមាន​ទម្ងន់​លើស​ខ្លួន​ជាង​១០​គីឡូក្រាម​។ ការណ៍​នេះ ជួយ​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ការប្រកួត​កីឡា​លើក​ទម្ងន់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ដែល​រៀបចំ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​នៅ​ខេត្តកំពត ដែល​ទើប​បញ្ចប់​កាលពីពេល​ថ្មីៗ​។​
 
​កីឡាករ​មកពី​ខេត្ត​បាត់​ដំបូង​រូបនេះ ទំនងជា​អាច​ក្លាយជា​កីឡាករ​ជម្រើសជាតិ ប្រចាំ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​។ ដ្បិត​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែងរក​កីឡាករ​មាន​សមត្ថភាព និង​ទេពកោសល្យ​សម្រាប់​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០២០ ខាងមុខ​។ 


 
​ជា​កូន​ទី​៤​ក្នុង​គ្រួសារ​មាន​បងប្អូន​៥​នាក់​(​ស្រី​៣​នាក់​) ពិសិដ្ឋ ដែល​ចូលប្រឡូក​ជាមួយ​កីឡា​លើក​ទម្ងន់​បាន​កន្លះ​ឆ្នាំ ចង់​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការប្រកួត​អន្តរជាតិ​អន្តរជាតិ​នានា ពិសេស​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ កត្តា​ដែល​ជំរុញ​ឲ្យ រូបគេ ចូលរួម​ជាមួយ​កីឡា​លើក​ទម្ងន់​ដោយសារ​វា​ជា​ចំណង់​ចំណូលចិត្ត ជាពិសេស​វា​ជា​ប្រភេទ​កីឡា​ថ្មី​របស់​កម្ពុជា​។ 
 
​ពិសិដ្ឋ ចាត់ទុក​ការ​អាច​លើក​បាន​ទម្ងន់​១១០​គីឡូក្រាម​នៅពេលនេះ គឺជា​ការយក​ឈ្នះ​លើ​ការហ្វឹកហាត់ ដ្បិត​ក្នុងអំឡុងពេល​ហ្វឹកហាត់​កន្លងមក​រូបគេ​អាច​លើក​បានតែ​១០៧​គីឡូក្រាម​តែប៉ុណ្ណោះ​។ «​ខ្ញុំ​មាន​មោទកភាព​លើ​ខ្លួនឯង​មែនទែន ដែល​អាច​យកឈ្នះ​លើ​ការហ្វឹកហាត់​។ កត្តា ដែល​ជួយ​ឲ្យ​ខ្ញុំ​អាច​លើក​រហូត​១១០​គីឡូក្រាម​នៅពេលនេះ គឺ​ដោយសារ​មានការ​ជំរុញ​ទឹកចិត្ត​ពី​គ្រួសារ និង​លោកគ្រូ​អ្នកគ្រូ​។ ម្យ៉ាងវិញទៀត ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ បើ​អ្នកឈ្នះ​នឹងត្រូវ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ជឿ​ម ពិសិដ្ឋ​៕  



Tag:
 លើក​ទម្ងន់​
  ជឿ​ម ពិសិដ្ឋ​
  បុណ្យ​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com