កីឡាអន្តរជាតិ
អន្តរជាតិ
Yokohama ទិញផ្តាច់យកខ្សែការពារថៃ Theerathon ក្នុងតម្លៃ១,១៦លានដុល្លារ
× ក្រុម Yokohama F. Marino ដែលទើបឈ្នះជើងឯកលីគកីឡាបាល់ទាត់កំពូលជប៉ុន J.League រដូវកាល២០១៩នេះ បានសម្រេចទិញផ្តាច់យកខ្សែការពារក្រុមជម្រើសជាតិថៃ Theerathon Bunmathan ក្រោយផុតកិច្ចសន្យាខ្វីជើងពីក្រុម SCG Muang Thong United។ Theerathon នឹងចូលរួមជាមួយក្លិបនៅជប៉ុនរយៈពេល៣ឆ្នាំ ជាមួយតម្លៃផ្ទេរ ៣៥លានបាត (១,១៦លានដុល្លារអាមេរិក)។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
Theerathon វ័យ២៩ឆ្នាំ ដែលជាអតីតកីឡាករក្រុមជើងឯកលីគកំពូលថៃ SCG Muang Thong United ត្រូវបានគេជឿជាក់ថានឹងទទួលបានថ្លៃឈ្នួលចំនួន ១,២លានបាត (៤ម៉ឺនដុល្លារ) ក្នុងមួយខែពីក្រុម Yokohama F Marinos ដែលខ្លួនលេងក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលនោះ។
ខ្សែការពារក្រុមជម្រើសជាតិថៃរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជួយ Yokohama ឈ្នះជើងឯក J.League ជាលើកដំបូងនៅរយៈពេល១៥ឆ្នាំចុងក្រោយ។ នេះក៏មានន័យថា Theerathon ជាកីឡាករថៃទីមួយក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះពានលីគកីឡាបាល់ទាត់កំពូលជប៉ុនផងដែរ។
«Muang Thong United បានយល់ព្រមតាមការផ្តល់ជូនរបស់ Yokohama F Marinos ដោយអនុញ្ញាតខ្សែការពារ Theerathon Bunmathan ទៅកាន់ទឹកដីជប៉ុនជាអចិន្ត្រៃយ៍តែម្តង។ គាត់គឺជាកីឡាករសំខាន់ម្នាក់ដែលជួយ Yokohama ឈ្នះពាន J-League»។ នេះបើតាមការបញ្ជាក់របស់ប្រភពគួរឲ្យទុកចិត្ត។
ដោយសារភាពអស្ចារ្យនេះក៏បានធ្វើឲ្យ Theerathon ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំពីសហព័ន្ធកីឡាបាល់ទាត់ថៃ FA Thailand Awards ប្រចាំឆ្នាំ២០១៩នេះផងដែរ។
បច្ចុប្បន្ននេះក្រៅពី Theerathon មានកីឡាករថៃពីរូបផ្សេងទៀតកំពុងប្រកបអាជីពនៅ J.League ផងដែរ។ ខ្សែបម្រើ Chanathip Songkrasin កំពុងលេងឲ្យក្លិន Consadole Sapporo ហើយ Thitipan Puangchan លេងឲ្យក្រុម Oita Trinita ក្នុងលក្ខខណ្ឌខ្ចីជើងទាំងពីររូប៕
Tag:
Yokohama F. Marino
J.League
Theerathon Bunmathan
© រក្សាសិទ្ធិដោយ thmeythmey.com