កីឡាអន្តរជាតិ
អន្តរជាតិ
Mandzukic ចេញពី Juventus ទៅបន្តអាជីពនៅក្រុមកាតា Al-Duhail
× ខ្សែប្រយុទ្ធ Mario Mandzukic បានចាកចេញពី Juventus ទៅចូលរួមជាមួយក្រុម Al-Duhail នៃលីគកីឡាបាល់ទាត់កំពូលកាតា ដោយគ្មានតម្លៃផ្ទេរ។ នេះបើតាមការបញ្ជាក់របស់ក្លិប Al-Duhail ។
អតីតកីឡាករក្រុមជម្រើសជាតិក្រូអាស៊ី វ័យ៣៣ឆ្នាំរូបនេះ ធ្លាប់ជួយក្រុមរហស្សនាមសេះបង្កង់ឈ្នះពាន Serie A ចំនួន៤លើក និង Coppa Italia ៣ លើក អំឡុងរូបគេស្នាក់នៅក្រុមអ៊ីតាលីនេះរយៈពេល៤ឆ្នាំកន្លះ។
ប៉ុន្តែយ៉ាងណាក៏ដោយ ចាប់តាំងពី Juventus ទទួលបានកីឡាករល្អៗច្រើនបានធ្វើឲ្យ Mandzukic មិនសូវបានលេងនៅជម្រើស១១នាក់ដំបូង និងត្រូវបានចាត់ទុកថាជាកីឡាករលើសតម្រូវការសម្រាប់អ្នកចាត់ការទូទៅលោក Maurizio Sarri នៅរដូវកាលនេះ។
មុនពេល Mandzukic ទៅចូលរួមជាមួយ Al-Duhail ដើម្បីបន្តអាជីពរបស់ខ្លួន អតីតខ្សែប្រយុទ្ធក្រុម Bayern Munich រូបនេះ ក៏ធ្លាប់មានការទាក់ទងទៅនឹងការផ្លាស់ទៅក្រុមបិសាចក្រហម Manchester United ផងដែរ។
ស្របពេលដែលក្លិបយក្សអ៊ីតាលីមិនបានប្រកាសពីការចាកចេញរបស់ Mandzukic ក្លិប Al-Duhail បានបង្ហោះរូបភាពរបស់កីឡាកររូបនេះកំពុងចុះកិច្ចព្រមព្រៀងជាមួយខ្លួន។
Mandzukic គឺជាកីឡាករដ៏សំខាន់ក្នុងការនាំក្រុមជម្រើសជាតិក្រូអាស៊ី ឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ រុស្ស៊ី ប៉ុន្តែចាញ់បារាំងដោយលទ្ធផល ៤-២៕
Tag:
Mario Mandzukic
Al-Duhail
Juventus
© រក្សាសិទ្ធិដោយ thmeythmey.com