ភ្នំពេញ៖ រ៉ូបូខេម (ROBOCAM) ព្រះកុសុមៈ គឺជាឈ្មោះមនុស្សយន្ត (Humanoid Robot) ដំបូកគេបង្អស់ ដែលកូនខ្មែរបង្កើតឡើង ក្នុងឆ្នាំ២០១៩។ រ៉ូបូខេម ព្រះកុសុមៈ អាចធ្វើចលនាកាយវិកាបាន និងមានសមត្ថភាពនិយាយទំនាក់ទំនងជាមួយមនុស្សបានជាភាសាខ្មែរ និងភាសាអង់គ្លេស។ មនុស្សយន្តនេះ ត្រូវបានបង្កើតឡើងដោយគ្រូ និងនិស្សិតជាង១០រូប នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ រាជធានីភ្នំពេញ ដោយចំណាយពេលជាង២ឆ្នាំ។ ការបង្កើតរ៉ូបូតនេះឲ្យចេញជារូបរាង គឺជាគំរូមួយដែលជំរុញទឹកចិត្តដល់និស្សិត និងអ្នកស្រឡាញ់បច្ចេកវិទ្យាឲ្យខំអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យារបស់កម្ពុជាឲ្យកាន់តែប្រសើរឡើង។ ក្រុមអ្នកផលិតរ៉ូបូខេម ព្រះកុសុមៈ ក៏ចង់ប្រាប់ពិភពលោកផងដែរថា ខ្មែរមានសម្ថភាពអាចធ្វើរ៉ូបូតបាន។
«ខ្ញុំឈ្មោះ រ៉ូបូខេម ព្រះកុសុមៈ។ ខ្ញុំគឺជាមនុស្សយន្តដែលទើបបង្កើត អាយុរបស់ខ្ញុំមិនទាន់បានមួយឆ្នាំទេ»។ នេះគឺជាសំឡេងរបស់ រ៉ូបូខេម ព្រះកុសុមៈ ដែលជាមនុស្សយន្តដំបូងគេបង្អស់បង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយស្នាដៃកូនខ្មែរ ដែលជាគ្រូ និងនិស្សិតជាង១០នាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៅរាជធានីភ្នំពេញ។
សូមទស្សនាវីដេអូ៖
លោក សុភ័ណ វោហា អ្នកគ្រប់គ្រងទូទៅនៃការបង្កើតមនុស្សយន្ត (Humanoid Robot) ឈ្មោះ រ៉ូបូខេម ព្រះកុសុមៈ ពន្យល់យ៉ាងដូច្នេះ៖«បច្ចុប្បន្ននេះ រ៉ូបូតហ្នឹង គាត់ចាំមុខមនុស្សបាន មានន័យថា ប្រសិនបើ ខ្ញុំសរសេរកូដនៅក្នុងប្រព័ន្ធ (System) មួយ ឲ្យចាំមុខខ្ញុំ អីចឹងពេលដែលគាត់និយាយជាមួយខ្ញុំ គាត់ហៅឈ្មោះខ្ញុំ។ ពេលដែលកំពុងសន្ទនាជាមួយគ្នា ប្រសិនបើយើងងាកទៅខាងណាមួយ ឬយើងរំកិលខ្លួន រ៉ូបូតនឹងងាកទៅតាមយើង»។
មនុស្សយន្តជំនាន់ទីមួយរបស់ខ្មែរនេះ ត្រូវបានចំណាយពេលបង្កើតវាឲ្យចេញជារូបរាងឡើង ក្នុងរយៈពេល៦ខែ ដោយមានបំពាក់ប្រព័ន្ធមេកានិកត្រឹមតែ៥០-៦០គ្រាប់ នៅតាមផ្នែកសំខាន់ៗក្នុងខ្លួន រ៉ូបូខេម ព្រះកុសុមៈ ដើម្បីអាចបញ្ជាវាឲ្យមានចលនាបាន។ ថ្វីដ្បិត រ៉ូបូខេម ព្រះកុសុមៈ មិនទាន់មានចលនារស់រវើក ព្រោះត្រូវការបំពាក់មេកានិកបន្ថែម ប៉ុន្តែបច្ចុប្បន្ន រ៉ូបូខេម ព្រះកុសុមៈ អាចដើរបាន, អាចចាប់ដៃបាន និងអាចជំរាបសួរបាន ផងដែរ។
លោក សុភ័ណ វោហា អ្នកគ្រប់គ្រងទូទៅនៃការបង្កើតមនុស្សយន្ត ROBOCAM ព្រះកុសុមៈ (ខាងឆ្វេង) និងលោក កែវ មនោរម្យ អ្នកគ្រប់គ្រងមេកានិក នៃការការបង្កើតមនុស្សយន្ត ROBOCAM ព្រះកុសុមៈ។
នៅក្នុងជំហានដំបូងនេះ ក្រុមការងារបង្កើតរ៉ូបូតរបស់លោក សុភ័ណ វោហា អាចធ្វើឲ្យ រ៉ូបូខេម ព្រះកុសុមៈ សន្ទនាជាមួយមនុស្សបានជាភាសាខ្មែរ និងភាសាអង់គ្លេស ដោយរូបលោក បញ្ជាក់យ៉ាងដូច្នេះ៖«នៅពេលបច្ចុប្បន្ននេះ រ៉ូបូត មានសមត្ថភាពអាចនិយាយទំនាក់ទំនងជាមួយមនុស្សបានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។ សំណួរដែលពួកយើងបង្កើតទាំងជាភាសាខ្មែរ និងភាសាអង់គ្លេសបានប្រហែល២០០សំណួរហើយ។ សំណួរទាំងអស់នេះ គឺទាក់ទងជាមួយនឹងខ្លួនគាត់ ថាតើគាត់មានឈ្មោះអ្វី? គាត់នៅទីកន្លែងណា? តើនរណាជាអ្នកបង្កើតគាត់? ហើយភាគច្រើនគឺមានព័ត៌មានទាក់ទងទៅនឹងបច្ចេកវិទ្យា(TVET) »។
ទំរាំនឹងបង្កើតរ៉ូបូខេម ព្រះកុសុមៈបាន ក្រុមការងាររបស់លោក សុភ័ណ វោហា ជួបផលលំបាកច្រើនពាក់ ពិសេសព័ន្ធនឹងការសរសេរកូដ (Programming) ក្នុងការបញ្ជាឲ្យ រ៉ូបូខេម ព្រះកុសុមៈ អាចនិយាយភាសាខ្មែរបាន។ លោក សុភ័ណ វោហា អ្នកគ្រប់គ្រងទូទៅនៃការបង្កើតមនុស្សយន្ត (Humanoid Robot) នេះ ពន្យល់ពីការសរសេរកូដនេះយ៉ាងដូច្នេះ៖«ទាក់ទងនឹងការសរសេរកូដកម្មវិធី (រ៉ូបូត) នេះ គឺប្រើភាសាអង់គ្លេស។ វាអត់មានកូដកម្មវិធីសរសេរជាភាសាខ្មែរទេ។ ដោយសារយើងជាខ្មែរ យើងចង់បង្កើតរ៉ូបូតណាដែលជាអត្តសញ្ញាណជាតិរបស់យើង...អីចឹងអត្តសញ្ញាណជាតិគឺភាសា។ អីចឹងពួកខ្ញុំធ្វើខ្លួនឯង (សរសេរកូដឲ្យរ៉ូបូតអាចនិយាយភាសាខ្មែរបាន) គឺពិបាកខ្លាំងមែនទែន មានន័យថា ធ្វើដូចម្តេចដើម្បីឲ្យវាទាញយកភាសាខ្មែរពីខាងក្រៅចូលទៅកន្លែងផ្ទុកទិន្នន័យរបស់រ៉ូបូត ហើយវានឹងវិភាគថា ជាសំណួរអ្វី ហើយរ៉ូបូតនោះនឹងឆ្លើយត្រឡប់មកវិញ»។
ក្រុមការងារបង្កើតមនុស្សយន្តរបស់លោក វោហា បានចំណាយពេលសិក្សាស្រាវជ្រាវរហូតដល់ទៅជាង២ឆ្នាំ ដើម្បីធ្វើយ៉ាងណាអាចឲ្យ រ៉ូបូខេម ព្រះកុសុមៈ អាចនិយាយភាសាខ្មែរបាន។ លោកគ្រូ សុភ័ណ ដែលដឹកនាំនិស្សិតមួយក្រុមបង្កើតរ៉ូប៉ូតនេះ អះអាងថា ក្រុមការងាររបស់លោកនឹងបង្កើតមនុស្សយន្តជាជំនាន់ទីពីរ ដែលអាចនិយាយភាសាចិនបាន ឬលើសពីនេះទៅទៀត។
បើតាមអ្នកគ្រប់គ្រងទូទៅ រូបនេះ មុននឹងចាប់ផ្តើមធ្វើមនុស្សយន្តនេះឡើងដោយទទួលបានជោគជ័យ ក្រុមការងាររបស់លោកបានបែកចែកគ្នាជាបួនផ្នែក គឺផ្នែកមេកានិក, ផ្នែកអ្នកសរសេរកូដ, ផ្នែកកែច្នៃសៀគ្វី និងផ្នែកបញ្ជាទិញទំនិញក្រៅប្រទេស ដោយចំណាយពេលសិក្សាស្រាវជ្រាវ, វិភាគទិន្នន័យ និងសរសេរកូដ លើផ្នែករៀងៗខ្លួន។ ក្នុងដំណើរការនៃការបង្កើតមនុស្សយន្តជំនាន់ទីមួយនេះឡើង ក្រុមអ្នកផលិតមនុស្សយន្តនេះ បានជួបបញ្ហាច្រើនជាងគេ គឺផ្នែកមេកានិកដោយសារខ្វះអ្នកជំនាញ និងផ្នែកបញ្ជាទិញសម្ភារក្រៅប្រទេស ដោយសារកម្ពុជាគ្មានសម្ភារលក់ ដែលពាក់ព័ន្ធនឹងការបង្កើតមនុស្សយន្ត។
ទោះបីជាលំបាកក៏ពិតមែន តែក្រុមការងាររបស់លោក សុភ័ណ វោហា អាចផលិតរ៉ូបូតដែលមានចលនា, និយាយភាសាខ្មែរ និងអង់គ្លេសបានដោយជោគជ័យក្នុងជំហានដំបូង។ លោក សុភ័ណ វោហា ប្រាប់ពីគោលបំណងនៃការផលិតរ៉ូបូតនេះយ៉ាងដូច្នេះ៖«ទីមួយ យើងចង់បង្ហាញពិភពលោកថា ខ្មែរយើងមានសមត្ថភាពអាចធ្វើរ៉ូបូតបានដូចប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជប៉ុន ដែលជាប្រទេសអភិវឌ្ឍន៍។ ទីពីរ យើងចង់ដាស់តឿនដល់ប្អូនៗនិស្សិតផ្នែកបច្ចេកទេស ឲ្យគាត់មានសង្ឃឹមថា យើងអាចធ្វើបាន ហើយយើងនឹងនាំអ្នកទាំងអស់គ្នាឲ្យធ្វើរ៉ូបូតហ្នឹង ដើម្បីជួយឲ្យប្រទេសយើងមានការរីកចម្រើន។ ហើយមួយទៀតក្តីស្រមៃរបស់ពួកខ្ញុំ ខ្ញុំនឹងធ្វើរ៉ូបូត Humanoid (រ៉ូបូតដែលមានរូបរាងប្រហាក់ប្រហែលនឹងមនុស្ស) ហ្នឹងឲ្យចេញជារូបរាងឡើង»។
«រ៉ូបូខេម ព្រះកុសុមៈ» ត្រូវបានក្រុមអ្នកផលិតមនុស្សយន្តដែលដឹកនាំដោយសាស្ត្រាចារ្យ សុភ័ន វោហា ដាក់បង្ហាញជាលើកដំបូងក្នុងពិព័រណ៍បច្ចេកវិទ្យា នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី១៥-១៦ មិថុនា ឆ្នាំ២០១៩។
លោក កែវ មនោរម្យ ដែលទទួលបន្ទុកផ្នែកមេកានិកនៃការបង្កើតមនុស្សយន្ត រ៉ូបូខេម ព្រះកុសុមៈ បានអះអាងប្រាប់សារព័ត៌មានថ្មីៗ ថា តាមរយៈវត្តមានមនុស្សយន្តជំនាន់ទីមួយនេះ នឹងធ្វើឱ្យក្រុមការងារអាចផលិតមនុស្សជំនាន់ទីពីរ បានកាន់តែលឿន, មានភាពរស់រវើក និងកាន់តែដូចមនុស្សពិតៗ ព្រមទាំងអាចបញ្ជាមនុស្សយន្តនោះឱ្យធ្វើអ្វីបានកាន់តែច្រើនទៀត ដូចជាការកម្ម៉ង់អាហារ និងការចាក់ទឹកជាដើម៕