អន្តរជាតិ
នៅ​អាស៊ាន ប្រទេស​៥​មាន​នាវាមុជទឹក ឯ​ថៃ​ជា​ប្រទេស​តែមួយគត់​មាន​នាវា​ដឹក​យន្តហោះ​
28, Dec 2019 , 10:59 am        
រូបភាព
នាវាមុជទឹកធុន Kilo របស់កងទ័ពជើងទឹកវៀតណាម។ រូបភាព AFP
នាវាមុជទឹកធុន Kilo របស់កងទ័ពជើងទឹកវៀតណាម។ រូបភាព AFP
​កងទ័ពជើងទឹក ជា​អង្គភាព​សំខាន់​មួយ​ក្នុង​ជួរ​កងទ័ព​របស់​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពិសេស​រដ្ឋ​សមាជិក​ដែលមាន​ដែនទឹក​សមុទ្រ​។ ការពង្រឹង​សមត្ថភាព​លើ​ផ្ទៃ​ទឹកជា​រឿង​សំខាន់ ប៉ុន្តែ​សមត្ថភាព​ក្រោម​ផ្ទៃ​ទឹក​ក៏​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​ដែរ​។ មកទល់​បច្ចុប្បន្ន មានតែ​ប្រទេស​ប្រាំ​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​នាវាមុជទឹក ខណៈ​ថៃ​ជា​ប្រទេស​ក្នុង​តំបន់​តែមួយគត់​ដែលមាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​។

 
​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម សិង្ហ​បុរី និង​មី​យ៉ាន់​ម៉ា ជា​ប្រទេស​បួន​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​នាវាមុជទឹក​ក្នុង​ជួរ​កងទ័ព​របស់ខ្លួន ខណៈ​ប្រទេស​ទាំងនេះ មាន​ដែនសមុទ្រ​ល្វឹងល្វើយ ហើយ​មាន​ជម្លោះ​ដែនទឹក​ទៅទៀត​។ 
 
​ជាមួយ​នាវា​មុជ​៦​គ្រឿង វៀតណាម​ជា​ប្រទេស​មាន​នាវាមុជទឹក​ច្រើនជាងគេ​របស់​អាស៊ាន​។ វៀតណាម​បាន​ទិញ​នាវាមុជទឹក​ធុន Kilo របស់​រុស្ស៊ី​ក្នុងតម្លៃ​សរុប​ជាង​ពីរពាន់​លាន​ដុល្លារ​។ នាវាមុជទឹក​ប្រភេទ​នេះ ត្រូវបាន​អាមេរិក​ឲ្យ​រហស្សនាម​ថា​ចំណុច​ខ្មៅ ព្រោះ​វា​ពិបាក​ក្នុងការ​តាម​ចាប់​ណាស់​។ ឯ​មី​យ៉ាន់​ម៉ា​វិញ ក៏​ទើប​ដាក់​ឲ្យ​ប្រើប្រាស់​នាវាមុជទឹក​ធុន Kilo នេះ​ដែល​ទើប​ទទួលបាន​ពី​រុស្ស៊ី​នៅក្នុង​ខែធ្នូ​នេះដែរ​។​
 
​បើតាម​ការផ្សាយ​របស់​គេហទំព័រ Global Fire Power ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​គេ​ចាត់ទុកជា​បងធំ​របស់​អាស៊ាន និង​ជា​ប្រទេស​មាន​ទ័ព​ជើង​ខ្លាំងក្លា​មួយ​ដែរ មាន​នាវាមុជទឹក​ចំនួន​៥​គ្រឿង ដែល​បី​គ្រឿង​ប្រើប្រាស់​បច្ចេកវិទ្យា​កូរ៉េខាងត្បូង​តម្លៃ​១,២​ពាន់​លាន​ដុល្លារ និង​ពីរ​គ្រឿង​ទិញ​ពី​អាល្លឺម៉ង់​។ នៅ​ឆ្នាំ​២០១៩ កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​ប្រកាសថា ខ្លួន​នឹង​ទិញ​នាវាមុជទឹក​បន្ថែមទៀត​ឲ្យ​គ្រប់​ចំនួន​១២​គ្រឿង​ដើម្បី​ការពារ​ខ្លួន​។​
 
​ម៉ាឡេស៊ី​វិញ ក៏មាន​នាវាមុជទឹក​ដែរ គឺ​ប្រភេទ Scorpene ដែល​ផលិត​រួមគ្នា​ដោយ​បារាំង និង​អេ​ស្ប៉ា​ញ​។ ម៉ាឡេស៊ី ទិញ​នាវាមុជទឹក​នេះ​ចំនួន​ពីរ​គ្រឿង ហើយ​ដាក់​ឲ្យ​ប្រើ​ក្នុង​ឆ្នាំ​២០០៩ ។ នាវា​នេះ អាច​នៅក្រោម​ទឹក​ដល់​ទៅ​ជាង​៥០ ថ្ងៃ​ឯណោះ ដោយ​ដើរ​ថាមពល​ប្រេងឥន្ធនៈ​។ មី​យ៉ាន់​ម៉ា​ឯណោះ ក៏​ទើប​ទិញ​នាវាមុជទឹក​រុស្ស៊ី ហើយ​នាវា​មួយគ្រឿង នឹងដាក់​ឲ្យ​ត្រួតពិនិត្យ​ដែនទឹក​នៃ​សមុទ្រ​អង់​ដា​ម៉ាន់​។ 
 
​ក្រៅពី​ប្រទេស​ធំៗ បុរី​រដ្ឋ​សិង្ហ​បុរី ក៏មាន​នាវាមុជទឹក​ផងដែរ​។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​នាវាមុជទឹក​ថ្នាក់ Challenger និង​ថ្នាក់ Archer ចំនួន​៤​គ្រឿង ដែល​ប្រើប្រាស់​ជាង​ពីរ​ទសវត្សរ៍​មកហើយ​។ ប្រទេស​នេះ កំពុងតែ​ទិញ​នាវាមុជទឹក​ថ្នាក់ Type 218SG ចំនួន​បួន​គ្រឿង​ទៀត​ពី​អាល្លឺម៉ង់ តែ​មិនដឹង​ពី​តម្លៃ​ជាក់លាក់​ឡើយ​។ សិង្ហ​បុរី នឹង​ទទួលបាន​នាវាមុជទឹក​ធុន​នេះ​ដំបូង​នៅ​ឆ្នាំ​២០២១​ខាងមុខ​។​
 
​ថៃ មិនទាន់មាន​នាវាមុជទឹក​ឡើយ តែ​បាន​សម្រេចចិត្ត​ទិញ​បួន​គ្រឿង​ពី​ចិន ដែល​គ្រោង​នឹង​ទទួលបាន​នៅពេល​ខាងមុខ​។ អត់​មាន​នាវាមុជទឹក​មែន តែ​ថៃ​ជា​ប្រទេស​តែមួយគត់​នៅ​អាស៊ាន​ដែលមាន​នាវា​ដឹក​យន្តហោះ​។ នាវា​ដឹក​យន្តហោះ HTMS Chakri Naruebet ដែល​ផលិត​នៅ​អេ​ស្ប៉ា​ញ ហើយ​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​១៩៩៧ អាច​ដឹក​យន្តហោះ​ធុន Sea Harrier AV-8S និង​ឧទ្ធម្ភាគចក្រ SH-70B ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com