កីឡាអន្តរជាតិ
អន្តរជាតិ
Cantona ថា Man Utd បច្ចុប្បន្ន មានស្ថានភាពដូចបុរសចំណាស់ម្នាក់ដែលរួមភេទ
× លោក Eric Cantona បានប្រៀបធៀបស្ថានភាពក្រុមជាទីស្រលាញ់របស់ខ្លួន Manchester United ទៅនឹងការរួមភេទរបស់បុរសដែលមានវ័យចំណាស់ម្នាក់។
ការលើកឡើងរបស់វីរបុរស Man Utd រូបនេះ បន្ទាប់ពីក្រុមដែលមានលោក Ole Gunnar Solskjaer ជាអ្នកដឹកនាំនេះកំពុងតែយ៉ាប់យ៉ើនខ្លាំង។ បិសាចក្រហមស្ថិតក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុងតារាង Premier League ដោយមានគម្លាតពីក្រុមកំពូលតារាង Liverpool ដល់ទៅ២៤ពិន្ទុ ខណៈខ្លួនទើបរកបាន២៥ពិន្ទុប៉ុណ្ណោះពីការប្រកួត១៨លើក។
បុរសសញ្ជាតិបារាំង Cantona បានប្រាប់កម្មវិធី OTRO ដូច្នេះថា៖«Manchester United ជាក្រុមពិសេសមួយក្នុងបេះដូងខ្ញុំ។ ប៉ុន្តែខ្ញុំមើលរបៀបលេងរបស់ពួកគេឥឡូវនេះ គឺដូចជាបុរសចំណាស់ម្នាក់ដែលកំពុងព្យាយាមបង្កើតស្នេហា។ អ្នកកំពុងព្យាយាមអស់ពីកម្លាំងកាយ ប៉ុន្តែចុងបញ្ចប់អ្នកទាំងអស់គ្នាទទួលបានត្រឹមខកចិត្ត»។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិបារាំង វ័យ៥៣ឆ្នាំបានបន្ថែមបែបលេងសើចទៀតថា នៅពេលលោកនិយាយរឿងធ្វើឲ្យមានស្នេហាដូចមនុស្សចាស់នេះលោកសូមទោសផង ហើយលោកមិននិយាយអំពីខ្លួនលោកទេ ដោយគ្រាន់តែជាការប្រៀបធៀបប៉ុណ្ណោះ។
យ៉ាងណាក៏ដោយលោក Cantona នៅតែជឿជាក់លើក្រុម Man Utd ថានឹងវិលត្រឡប់ទៅរកភាពខ្លាំងដូចដើមនៅពេលឆាប់ៗ ពីព្រោះពួកគេជាក្លិបកីឡាបាល់ទាត់ធំបំផុតលើលោក។
ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ នឹងបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីទទួលភ្ញៀវ Newcastle United សម្រាប់ជំនួប Boxing Day នៅយប់ថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង១២ និង ៣០នាទីយប់៕
Tag:
Eric Cantona
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com