ជាតិ
ស៊ីម៉ាក់បាន ២,៥លានដុល្លារសម្រាប់គម្រោង «ជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា» រូបភាពពីទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា
× ភ្នំពេញ៖ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយ២លាន៥សែនដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។
លោក ហេង រតនា នាយកនៃអង្គភាពស៊ីម៉ាក់បានសរសេរនៅទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៩ ថា ជំនួយឥតសំណងចំនួន២,៥លានដុល្លារ របស់រដ្ឋាភិបាលចិននេះ នឹងត្រូវប្រើប្រាស់ដើម្បីអនុវត្តគម្រោង «ជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា»។
គម្រោងនេះ គាំទ្រការពង្រាយកម្លាំងប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់នៅខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ ខេត្តស្ទឹងត្រែង រួមទាំងកម្លាំងអន្តរាគមន៍នៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម លើផែនការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ជាង១៧គីឡូម៉ែត្រក្រឡា។
គម្រោងជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជានេះ ត្រូវការកម្លាំងជំនាញជិត៣០០នាក់ ក្នុងរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១មករាដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២០។ គម្រោងជំនួយឥតសំណងរដ្ឋាភិបាលចិននេះ មានរយះពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់២០២២ ហើយជំនួយ២.៥លានដុល្លារនេះ គឺជាឆ្នាំទី១។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់បានចុះ ផ្សព្វផ្សាយការអប់រំ ពីការយល់ដឹងអំពី គ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះ ដល់ពលរដ្ឋជាង៥៣ម៉ឺននាក់។ ជាមួយគ្នាដែរ អង្គភាពស៊ីម៉ាក់ បានកម្ទេចចោលគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបជាង៣.៦ម៉ឺនគ្រាប់៕
Tag:
CMAC
បោសសម្អាតមីន
ជំនួយចិន
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com