អន្តរជាតិ
សកម្មជនប្រឆាំងលោក ពូទីន ម្នាក់ ត្រូវចាប់ឲ្យចូលបម្រើទ័ព ហើយទៅដាក់មូលដ្ឋានតំបន់អាក់ទិក លោក Ruslan Shaveddinov ប្រធានគម្រោង នៅមូលនិធិប្រឆាំងអំពើពុករលួយNavalny។ រូបភាព៖Twitter
× សកម្មជនប្រឆាំងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ម្នាក់ ត្រូវបានចាប់បង្ខំឲ្យចូលបម្រើទ័ព ហើយត្រូវយកទៅដាក់នៅមូលដ្ឋានទ័ពរុស្ស៊ីមួយកន្លែងនៅតំបន់អាក់ទិក។ នេះបើតាមការបញ្ជាក់របស់ប្រមុខបក្សប្រឆាំងរុស្ស៊ី Russia of the Future លោក Alexei Navalny នៅថ្ងៃទី២៥ ខែធ្នូ។ ករណីនេះ ត្រូវបានក្រុមរិះគន់ថា គឺជាករណីចាប់ជំរិត។
លោក Ruslan Shaveddinov ប្រធានគម្រោង នៅមូលនិធិប្រឆាំងអំពើពុករលួយ Navalny បានបាប់ខ្លួនតាំងពីថ្ងៃទី២៣ ខែធ្នូមកម្លេះ បន្ទាប់ពីអាជ្ញាធរបានចុះទៅឆែកឆេរផ្ទះរបស់លោក។ នៅថ្ងៃបន្ទាប់ស្រាប់តែ លោក Shaveddinov បានលេចមុខឡើងនៅមូលដ្ឋានយោធាការពារដែនអាកាសមួយកន្លែងនៅលើកោះ Novaya Zemlya ក្នុងតំបន់អាក់ទិក។
ទាក់ទងនឹងបញ្ហានេះ លោក Alexei Navalny គូបដិបក្ខរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងជាថ្នាក់លើរបស់លោក Shaveddinov បានចេញមុខថា ការចាប់ខ្លួន និងបញ្ជូនមនុស្សទៅមូលដ្ឋានយោធាបែបនេះ គឺជារឿងខុសច្បាប់ និងដកសេរីភាពរបស់បុគ្គល។ នៅលើBlog របស់ខ្លួន មេដឹកនាំប្រឆាំងរូបនេះហៅលោក Shaveddinov ថា «អ្នកទោសនយោបាយ»។ បើតាមប្រមុខបក្សប្រឆាំងរុស្ស៊ី លោក Shaveddinov មិនអាចធ្វើជាយោធាបានឡើយ ព្រោះលោកមានបញ្ហាសុខភាព ដែលត្រូវលេបថ្នាំជាប្រចាំ ហើយបុរសរូបនេះ ត្រូវបានគេបញ្ជូនទៅមូលដ្ឋានយោធា ដោយគ្មានការហ្វឹកហាត់ជាមុនសោះទាំងអស់។
ចំណែកលោកមេធាវីរបស់មូនិធិ Navalny បានចាត់ទុកថា សកម្មភាពនេះ គឺជាការចាប់ជំរិត ដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu និងប្រធានាធិបតី ពូទីន គឺជាអ្នកនៅពីក្រោយបញ្ហាចាប់ខ្លួនលោក Shaveddinov។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេជុំវិញបញ្ហានេះ។ បើតាមអ្នកនាំពាក្យរបស់មូនិធិខាងលើលោកស្រី Kira Yarmysh បុរសវ័យ២៣ឆ្នាំរូបនេះ ទំនងជាត្រូវបានគេចាប់ខ្លួន ដោយសាររូបលោក គឺជាអ្នកទំនាក់ទំនងជាមួយសមាជិកសភាមកពីបក្សប្រឆាំងរបស់រុស្ស៊ី។
ជាការឆ្លើយតបទៅនឹងបញ្ហានេះ យោធារបស់រុស្ស៊ី បានទាត់ចោលករណីរបស់លោក Shaveddinovថា គឺជាការចាប់ខ្លួន និងបញ្ជូនទៅមូលដ្ឋានយោធាដោយបង្ខំ។ បើតាមការអះអាងរបស់យោធារុស្ស៊ី លោក Shaveddinov មានឈ្មោះក្នុងបញ្ជីជាយូរមកហើយ ប៉ុន្តែដោយសារតែអំពើពុករលួយ និងប្រព័ន្ធច្បាប់ខ្វះចន្លោះ ទើបបុរសរូបនេះគេចវេស មិនគោរពកាតព្វកិច្ចយោធា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
តាមច្បាប់រុស្ស៊ី បុរសមានអាយុ ១៨ ដល់ ២៧ឆ្នាំ គឺមានកាតព្វកិច្ចចូលបម្រើកងទ័ព។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធររុស្ស៊ី បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើលោក Navalny ដែលជាប្រមុខបក្សប្រឆាំង និងបក្សពួករបស់លោក។ បញ្ហានេះ ទំនងជាបណ្តាលមកពីបុរសវ័យ ៤៣ឆ្នាំរូបនេះ បានរៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាលរុស្ស៊ីកាលពីប៉ុន្មានខែកន្លងទៅ ជុំវិញបញ្ហាការបោះឆ្នោតមិនយុត្តិធម៌៕
© រក្សាសិទ្ធិដោយ thmeythmey.com