អន្តរជាតិ
ការបូមខ្សាច់នៅតែបន្តបំផ្លិចបំផ្លាញទន្លេមេគង្គ
× បញ្ហាជាច្រើន បន្តកើតមាននៅតាមបណ្តោយដងទន្លេមេគង្គនៅពេលដែលច្រាំងទន្លេនៅតែបន្តដួលរលំ និងប្រជាជនប្រមាណជាកន្លះលាននាក់ទៀតអាចនឹងបាត់បង់លំនៅដ្ឋានរបស់ខ្លួន។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសកាលពីថ្ងៃទី១៩ ខែធ្នូ។
ស្ថានប្រព័ន្ធធម្មជាតិរបស់ទន្លេនៅក្នុងតំបន់អាស៊ីអាគ្នេយ៌ កំពុងរងការបំផ្លិចបំផ្លាញដោយសារតែតម្រូវការខ្សាច់ទន្លេទៅកាន់ពិភពលោកសម្រាប់ការសាងសង់សំណង់នានា។ ខ្សាច់គឺជាធនធានមួយដែលមានតម្រូវការខ្ពស់ ដោយក្នុងមួយឆ្នាំៗ ៥០ពាន់លានតោននៃធនធានធម្មជាតិមួយនេះត្រូវបានគេគាស់កកាយយកមកដើម្បីធ្វើសំណង់។
«សកម្មភាពបូមខ្សាច់នេះមានការកើនឡើងរហ័សខ្លាំងណាស់។ វាជាឧស្សាហកម្មមួយដែលមានទំហំលើសពីការរំពឹងទុក»។ នេះជាការលើកឡើងរបស់លោក Stephen Darby ដែលជាអ្នកវិទ្យាសាស្ត្រសិក្សាខាងផ្នែកទន្លេនៃសកលវិទ្យាល័យ Southampton នៃប្រទេសអង់គ្លេស។ ការសិក្សារបស់លោកបានបញ្ចាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពស់បាតទន្លេមេគង្គបានធ្លាក់ចុះប្រមាណជា២ទៅ៣ម៉ែត្រ ពេលខ្លះលើផ្ទៃទឹករហូតទៅដល់ចម្ងាយរាប់រយគីឡូម៉ែត្រ។
ក្នុងរយៈពេល២០ឆ្នាំចុះក្រោយនេះ តម្រូវការនៃខ្សាច់ក្នុងពិភពលោកបានកើនឡើងរហូតទៅដល់បីដង។ បើតាមការលើកឡើងរបស់អង្គការសហប្រជាជាតិ។ រវាងឆ្នាំ២០១១ និងឆ្នាំ២០១៣ ប្រទេសចិនបានប្រើប្រាស់ខ្សាច់ច្រើនជាងសហរដ្ឋអាមេរិកប្រើប្រាស់ក្នុងសតវត្សរ៍ទី២០ទៅទៀត។ ខ្សាច់ក៏បានធ្វើឲ្យប្រទេសកោះដូចជាប្រទេសសិង្ហបុរីមានផ្ទៃដីធំៗជាងមុន២០ភាគរយ បើប្រៀបធៀបជាមួយនឹងផ្ទៃដីដើមដែលខ្លួនមាននៅពេលទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៦៥មក។
បើនិយាយពីខ្សាច់ដែលមានវត្តមាននៅតាមវាលលំហខ្សាច់វិញដូចជានៅតាមតំបន់ «សាហារា» ខ្សាច់ទាំងនោះមានលក្ខណៈជាផង់តូចល្អិតៗល្អពេកដែលគេពិបាកយកមកធ្វើជាគ្រឿងផ្សំលាយសម្រាប់សំណង់ ឬរំលាយធ្វើទៅជាកញ្ចក់។ ការបូមខ្សាច់ពីទន្លេនេះបង្កឲ្យមានបញ្ហាជាច្រើនទៅកាន់ប្រព័ន្ធជីវចំរុះនៃសត្វ និងមនុស្ស បង្កឲ្យមានសំនឹក និងបង្កើនជាតិប្រៃក្នុងទឹកសាប។ ទន្លេមេគង្គគឺជាជង្រុកត្រីដ៏ធំនៅក្នុងតំបន់ និងនៅក្នុងពិភពលោក ហើយក៏ជាប្រភពអាហាររបស់មនុស្សប្រមាណជា៦០លាននាក់នៅជុំវិញតំបន់នេសាទ។
ក្នុងការកាត់បន្ថយផលប៉ះពាល់ទៅកាន់ទន្លេដោយសារការបូមខ្សាច់យ៉ាងសន្ធឹកសន្ធាប់នេះ អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Imperial College នៃទីក្រុងឡុងដ៏បានធ្វើការពិសោធន៍លើបច្ចេកវិទ្យាក្នុងការកែប្រែខ្សាច់ដែលជាផង់តូចល្អិតៗទាំងនោះឲ្យទៅជាគ្រើមគួរសមក្នុងការប្រើប្រាស់នៅតាមការដ្ឋានសំណង់ដែលគេដាក់ឈ្មោះថា«Finite»៕
© រក្សាសិទ្ធិដោយ thmeythmey.com