សង្គមអន្តរជាតិ
អន្តរជាតិ
ជើងហោះហើរមួយបានបកក្រោយ ដោយសារស្ត្រីម្នាក់ធ្វើពុតជាឈឺដើម្បីបានកន្លែងអង្គុយទូលាយ
× ស្ត្រីម្នាក់នៅសហរដ្ឋអាមេរិក ត្រូវបានឃាត់ខ្លួន ក្រោមបទចោទប្រកាន់ថា បានធ្វើពុតជាឈឺ ដើម្បីទទួលបានកន្លែងអង្គុយទូលាយនៅក្នុងយន្តហោះ។ បើតាមការផ្សាយរបស់ CNN ករណីនេះ បានបង្ខំឲ្យយន្តហោះបកក្រោយចុះចតនៅអាកាសយានដ្ឋានវិញ។
កាលពីដើមខែធ្នូ កន្លងមក យន្តហោះរបស់ក្រុមហ៊ុន American Eagle ស្ថិតក្នុងដំណើរពីក្រុង Pensacola ទៅក្រុង Miami សហរដ្ឋអាមេរិក។ អង្គុយក្បែរបង្អួច ថ្លង់សំឡេងក្មេងយំ និងមនុស្សនិយាយគ្នាច្រើន បានបង្ខំឲ្យអ្នកដំណើរស្ត្រីម្នាក់ ធ្វើរឿងមួយដែលមិននឹងស្មានដល់។
យោងតាម CNN ស្ត្រីរូបនោះ បានត្អូញត្អែរថា ខ្លួនមិនមានកន្លែងអង្គុយសមរម្យ ហើយស្នើសុំទីតាំងដែលទូលាយ ដោយសារតែគាត់មានជំងឺផ្លូវចិត្ត។ ក្រុមបាហុនិកា មិនអាចឆ្លើយតបតាមសំណូមពរគាត់បាននោះឡើយ ដែលជាហេតុធ្វើឲ្យអ្នកបើកបរយន្តហោះ សម្រេចចិត្តបើកបកក្រោយទៅចុះចតនៅអាកាសយានដ្ឋានវិញ។
ក្នុងពេលធ្វើដំណើរត្រឡប់ក្រោយ ក្រុមបាហុនិកា សង្កេតឃើញច្បាស់ថា អ្នកដំណើរនោះ មិនមានជំងឺអ្វីនោះឡើយ។ ពេលចុះចត ក្រុមប៉ូលិសបានចុះទៅអន្តរាគមន៍ដល់លើយន្តហោះ ប៉ុន្តែស្ត្រីអ្នកដំណើរបដិសេធចុះពីយន្តហោះ។ ក្រោយការបង្ខំ និងបញ្ចុះបញ្ចូលរយៈពេលដ៏យូរទើបគាត់សម្រេចចិត្តចុះ។
ប៉ូលិសក្រុង Pensacola បាននាំស្ត្រីរូបនោះ ទៅកាន់មន្ទីរពិនិត្យចិត្តសាស្ត្រមួយ ដើម្បីវាយតម្លៃពីស្ថានភាពជំងឺ ប៉ុន្តែគេរកមិនឃើញភាពមិនប្រក្រតីណាមួយឡើយ។ ច្បាប់នៅរដ្ឋ Florida បានតម្រូវឲ្យឃុំខ្លួនមនុស្សដែលធ្វើពុតជាឈឺដោយសារជំងឺផ្លូវចិត្ត។
CNN បានបញ្ជាក់ឲ្យដឹងថា ស្ត្រីដែលមិនត្រូវបានបង្ហើបឈ្មោះរូបនោះ មានសេរីភាពវិញហើយ ប៉ុន្តែគាត់ក៏មិនអាចគេចផុតពីការពិន័យនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com