ជាតិ
ទោះមិនសូវមានអ្នកទិញ អ្នកស្រី ស្រអែម នៅតែបន្តរបរកែច្នៃត្រឡោក ដែលចេះពីឪពុក អ្នកស្រី ស្រអែម កំពុងអង្គុយច្នៃវត្ថុអនុស្សាវរីយ៍ និងរូបត្រឡោកដូងច្នៃរួច (រូបភាពអ្នកស្រី ស្រអែម)
× អ្នកស្រី សង ស្រអែម បន្តកែច្នៃត្រឡោកដូងជា ប៉ាន់ ចាន វែក និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ អស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកស្រី ស្រអែម មិនហ៊ានផលិតច្រើននោះទេ ព្រោះមិនសូវមានទីផ្សារ។ យ៉ាងណាក៏ដោយ អ្នកស្រី ស្រអែម ដែលចេះជំនាញកែច្នៃនេះ ពីឪពុកខ្លួន ប្ដេជ្ញានៅបន្តប្រកបមុខរបរនេះ ដោយមិនបោះបង់ចោលនោះទេ ។
សិប្បកម្មច្នៃត្រឡោក ជាលក្ខណៈគ្រួសារ ស្ថិតនៅភូមិក្រវ៉ាន់ ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប របស់អ្នកស្រី ស្រអែម បានដំណើរការជាង១០ឆ្នាំមកហើយ ដោយបន្តមុខរបរនេះ ពីឪពុកខ្លួន។ ក្នុងរយៈពេលមួយខែចុងក្រោយនេះ អ្នកស្រី ស្រអែម អាចលក់ប៉ាន់ ដែលច្នៃពីត្រឡោកដូងបានជាង១០ប៉ាន់ប៉ុណ្ណោះ ដោយសារមិនសូវមានអ្នកគាំទ្រ ខណៈទំនិញប្រភេទនេះ មានការនាំចូលពីក្រៅប្រទេសផងដែរ។
«ភាគច្រើនលក់ដាច់ភ្ញៀវបរទេស ចំណែកខ្មែរវិញមានតែពលរដ្ឋក្នុងខេត្តសៀមរាបនេះឯង ដែលទិញយកទៅលក់បន្ត ប៉ុន្តែមិនច្រើនទេ ក្នុងមួយខែខ្ញុំលក់បានប្រហែល១៥ប៉ាន់ និងរបស់អនុស្សាវរីយ៍មួយចំនួនទៀត។ បើតាមខ្ញុំដឹងរបស់ដែលច្នៃពីត្រឡោកដូងនេះ មាននាំចូលពីវៀតណាមរួមទាំងតម្លៃធូរថ្លៃជាងរបស់នៅក្នុងស្រុក»។ នេះបើតាមម្ចាស់សិប្បកម្មអ្នកស្រី ស្រអែម ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។
ត្រឡោកដូងដែលច្នៃរួច (រូបភាពពីអ្នកស្រី សង ស្រអែម)
ទន្ទឹមនឹងនេះ អ្នកស្រី ស្រអែម បានបន្តថា ប៉ាន់ដែលអ្នកស្រីលក់ មានតម្លៃ១ម៉ឺន៥ពាន់រៀលទៅ២ម៉ឺនរៀល ហើយវែកតម្លៃជាង៦ពាន់រៀល។ រយៈពេលមួយខែ ម្ចាស់សិប្បកម្មនេះ អាចរកចំណូលបានជាង៥០ម៉ឺនរៀល ដែលក្នុងនោះ ចំណូលពីការលក់ប៉ាន់បាន២០ទៅ៣០ម៉ឺនរៀល។ ក្នុងមួយថ្ងៃៗ អ្នកស្រី ស្រអែម និងស្វាមី អាចមានលទ្ធភាពធ្វើប៉ាន់តែ វែក និងចាន ចំនួន៨ប៉ុណ្ណោះ ដោយសារត្រូវចំណាយពេលខាត់និងផ្ចិតផ្ចង់ផ្គុំបញ្ជូលគ្នា។
បើតាមអ្នកស្រី ស្រអែម វត្ថុធាតុដើម មិនពិបាករកនោះទេ គឺទិញនៅកន្លែងលក់ដូងតាមផ្សារ ដោយត្រឡោកដូង មួយការុង តម្លៃ៥ពាន់រៀល។ ចំណែកឯ ត្រឡោកដែលបញ្ជាឲ្យឈ្មួញអារទុក សម្រាប់ធ្វើប៉ាន់ត្រឡោកមួយ តម្លៃ១ពាន់រៀល។
«មុខរបរនេះ អាចទ្រទ្រង់បានលើការរស់នៅ តែមិនឆាប់មានធូរធារនោះទេ ព្រោះគ្មានទីផ្សារធំដុំ។ ខ្ញុំនៅតែបន្តធ្វើការងារនេះ រហូតហ្នឹង ព្រោះការងារនៅមួយកន្លែង ហើយខ្ញុំចេះស្រាប់ពីឪពុកខ្ញុំ»។ នេះបើតាមការលើកឡើងរបស់របស់អ្នកស្រី ស្រអែម ដោយបន្ថែមថា អំឡុងខែធ្នូនេះ កំពុងមានអ្នកបញ្ជាទិញ ដែលអាចលក់បានចន្លោះ២០ទៅ៣០ក្នុងមួយថ្ងៃ៕
ប៉ាន់តែច្នៃពីត្រឡោកដូង (រូបភាពពី អ្នកស្រី ស្រអែម)
© រក្សាសិទ្ធិដោយ thmeythmey.com