កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​បាល់ទាត់​ចិន ផ្តើម​រឹតត្បិត​លើ​ប្រាក់ខែ​កីឡាករ ចាប់ពី​រដូវ​កាល​ក្រោយ​
26, Dec 2019 , 10:39 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​សហព័ន្ធ​កីឡាបាល់ទាត់​ចិន (CFA) បានប្រកាស​ពី​ការទប់ស្កាត់​ការចំណាយ​របស់​ក្លិប​បាល់ទាត់​ចិន​នៅមុន​រដូវ​កាល ២០២០ ដោយ​រឹតត្បិត​លើ​ការដំឡើង​ប្រាក់ខែ​សម្រាប់​កីឡាករ​បរទេស និង​ក្នុងស្រុក​។ CFA ធ្វើបែបនេះ​ដើម្បី​ចង់​ទប់ស្កាត់​ការខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្លិប​បាល់ទាត់​អាជីព​របស់ខ្លួន​។​


 
​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​តំណាង​វិនិយោគ​នៃ​ក្លិប​ក្នុង​លី​គ​កីឡាបាល់ទាត់​ចិន (CSL) លោក Chen Xuyuan ប្រធាន CFA ថា​ពួកគេ​បានសម្រេច​ចិត្ត​ដាក់​កម្រិត​ប្រាក់ខែ​យ៉ាង​តឹងរឹង​ចាប់ពី​រដូវ​កាល​ក្រោយ​បន្ទាប់ពី​មានការ​ពិភាក្សា​យ៉ាងច្បាស់​មួយ​ជាមួយ​ក្លិប​ទាំងអស់​។​
 
CFA បានចេញ​គោលនយោបាយ​រឹតត្បិត​លើ​កីឡាករ​ក្នុងស្រុក​ដែល​លេង​ក្នុង​ក្របខណ្ឌ CSL ដោយ​មិន​ឲ្យ​មាន​ប្រាក់​ឈ្នួល​លើសពី​១០​លាន​យន់ (១,៤៥ លាន​ដុល្លារ​អាមេរិក​) ក្នុង​១​ឆ្នាំ​ឡើយ នេះ​មិនទាន់​គិតថ្លៃ​បង់ពន្ធ និង​ប្រាក់រង្វាន់​ទេ ខណៈ​ប្រាក់ខែ​ប្រចាំឆ្នាំ​សម្រាប់​កីឡាករ​បរទេស​មិន​ឲ្យ​លើស​៣,៣៣​លាន​ដុល្លារ​បន្ទាប់ពី​បង់ពន្ធ​រួច​។​
 
​លោក Chen ដែលជា​អតីត​ប្រធាន​ក្លិប Shanghai SIPG ធ្លាប់បាន​ប្តេជ្ញា​ថា​នឹងធ្វើ​ឲ្យ​មាន​សុខភាព​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ក្លិប​បាល់ទាត់​ចិន​នៅពេល​លោក​ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន CFA កាលពី​ខែសីហា​កន្លងទៅ​។​
 
«​ក្លិប​របស់​យើង​ចំណាយលុយ​ច្រើនពេក​ហើយ កីឡាបាល់ទាត់​អាជីព​របស់​យើង​ក៏​មិនបាន​ដំណើរការ​ប្រកបដោយ​និរន្តរភាព​នោះដែរ​។ ប្រសិនបើ​យើង​មិន​ចាត់វិធានការ​ទាន់ពេល​វេលា​ទេ​ខ្ញុំ​ខ្លាច​ថា​វា​នឹង​ដួលរលំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន CFA​។​
 
​សរុប​ក្រោយ​កិច្ចប្រជុំ ស្ថាប័ន CFA បានសម្រេច​កំណត់​ការចំណាយ​ទូទៅ​របស់​ក្លិប​នីមួយៗ​មិន​ឲ្យ​លើសពី ១,១ ពាន់​លាន​យន់ (១៥៩ លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយឆ្នាំ គិត​ចាប់ពី​រដូវ​កាល​ក្រោយ​ទៅ ហើយ​ចំនួន​ប្រាក់ខែ​សម្រាប់​កីឡាករ​ក៏​មិន​ឲ្យ​លើសពី​៦០​ភាគរយ​នៃ​ថ្លៃ​ចំណាយ​សរុប​ដែរ​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ គេ​បានដឹងហើយថា​ក្លិន​នៃ​លី​គ​កំពូល​ចិន​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​លើសលុប​ដើម្បី​នាំយក​កីឡាករ​ដែលមាន​ឈ្មោះ​ល្បី​ទៅលេង​ឲ្យ​ក្រុម​ពួកគេ​ជាមួយនឹង​ប្រាក់​ឈ្នួល​កប់​ពពក​ផងដែរ​។ អ្វី​ទាំងអស់នេះ​ក៏​ព្រោះ​ពួកគេ​ចង់​ឲ្យ​វិស័យ​កីឡាបាល់ទាត់​ចិន​រីកចម្រើន និង​ល្បី​ដូ​ចលីគ​នៅ​តំបន់​អឺរ៉ុប​ដែរ​។ យ៉ាងណាក៏ដោយ ការចំណាយ​ខុស អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្លិប រហូត​ឈានដល់​ការបិទទ្វារ​ទៀតផង​៕

Tag:
 CFA
  ចិន​
  Chen Xuyuan
© រក្សាសិទ្ធិដោយ thmeythmey.com