អន្តរជាតិ
UN ច្រានចោល​ការរិះគន់រ​បស់​រុស្ស៊ី​រឿង​អាមេរិក​ពន្យារពេល​ផ្ដល់​ទិដ្ឋាការ​
27, Dec 2019 , 9:56 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស កំពុងថ្លែងនាកិច្ចប្រជុំមួយ។ រូបភាព Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស កំពុងថ្លែងនាកិច្ចប្រជុំមួយ។ រូបភាព Xinhua
​អង្គការសហប្រជាជាតិ (UN) នៅ​ថ្ងៃទី​២៦ ខែធ្នូ បាន​ច្រានចោល​ការរិះគន់​របស់​រុស្ស៊ី​ពាក់ព័ន្ធ​ការអូសបន្លាយ​រាប់​ខែ​របស់​អាមេរិក​ក្នុង​ការផ្ដល់​ទិដ្ឋាការ​។ អ្នកនាំពាក្យ​អង្គការ​ពិភពលោក​មួយ​នេះ អះអាងថា លោក​អគ្គលេខាធិការ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស មិនបាន​មិន​អើពើ​លើ​បញ្ហា​នេះ​ទេ តែ​ក៏បាន​សួរនាំ​អាមេរិក​ពី​រឿងនេះ​ផងដែរ​។ បើតាម​មន្ត្រី​អង្គការសហប្រជាជាតិ មិនមែន​តែ​រុស្ស៊ី​ឡើយ សូម្បី​ប្រទេស​មួយចំនួន​ក៏​ប្រទះ​បញ្ហា​ដូចនេះ​ដែរ​។

 
​មួយថ្ងៃ​ក្រោយ​រង​ការរិះគន់​ពី​រុស្ស៊ី​ពាក់ព័ន្ធ​ការមិន​ខ្វល់ខ្វាយ​លើ​ករណី​អាមេរិក​ពន្យារពេល​ផ្ដល់​ទិដ្ឋាការ អង្គការសហប្រជាជាតិ ក៏​ចេញមុខ​ឆ្លើយ​វិញ​ភ្លាម​។ ដើមហេតុ គឺ​រុស្ស៊ី​ចោទ​អាមេរិក​ថា ចំណាយពេល​យូរ​ខែ​ក្នុង​ការផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ខ្លួន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក​ដើម្បី​ចូល​រូ​ម​ការប្រជុំ​របស់​អង្គការសហប្រជាជាតិ​។ នៅ​ថ្ងៃទី​២៥ ខែធ្នូ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​ក៏​រិះគន់​អគ្គលេខាធិការ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ថា មិន​យក​ភ្នែក​មើល​សកម្មភាព​របស់​អា​មេ​រិ​ក​។​
 
​លោក Stephane Dujarric អ្នកនាំពាក្យ UN និយាយ​ក្នុ​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២៦ ខែធ្នូ ថា លោក ហ្គូ​តេ​រ៉េ​ស តែង​បានបង្ហាញ​ក្ដីបារម្ភ​របស់លោក​ទៅកាន់​អាមេរិក​លើ​បញ្ហា​ពន្យារពេល​ផ្ដល់​ទិដ្ឋាការ​នេះ ដែល​បញ្ហា​មិនមែន​កើត​លើ​មន្ត្រី​រុស្ស៊ី​តែឯង​ឡើយ​។ លោក​បន្តថា ជាច្រើន​មកនេះ លោក​អគ្គលេខាធិការ និង​ក្រុមប្រឹក្សា​ច្បាប់ UN បាន​បញ្ចេញ​ការព្រួយបារម្ភ និង​ជំហរ​ផ្នែក​ច្បាប់​របស់ខ្លួន​ទៅកាន់​តំណាង​ជាន់ខ្ពស់​របស់​អាមេរិក​ដែលជា​ម្ចាស់ផ្ទះ​។​
 
​លោក ហ្គូ​តេ​រ៉េ​ស និង​ក្រុមការងារ​របស់លោក បន្ត​តាមដាន​រឿង​ជាប់​ជានិច្ច​។ នេះ​ជាការ​បញ្ជាក់​របស់លោក Dujarric ។ 
 
​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​អាមេរិក​របស់ UN ប្រទេស​មួយចំនួនទៀត​មាន​ចិន កូរ៉េខាងជើង អ៊ីរ៉ង់ ស៊ី​រី និង​គុយបា ក៏​តវ៉ា​រឿង​ពន្យារពេល​ទទួលបាន​ទិដ្ឋាការ​នេះដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាមេរិក ក៏​ទទួលស្គាល់​ពី​ទំនួល​ខុសត្រូវ​របស់ខ្លួន​ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​របស់ UN ដែរ ប៉ុន្តែ​ខ្លួន​ក៏​រក្សា​សិទ្ធិ​ក្នុងការ​ត្រួតពិនិត្យ​លើ​ការស្នើសុំ​ទិដ្ឋាការ​ពី​ប្រទេស​នានា​ផងដែរ​។​
 
​បើតាម​របាយការណ៍​ដ​ដែល ទីក្រុង​វ៉ាស៊ីនតោន​បញ្ជាក់ថា ខ្លួន​រក្សា​សិទ្ធិ​ក្នុង​ការមិន​ទទួលយក​បុគ្គល​ខ្លះ​ក្នុងករណី​ជាក់លាក់​មួយចំនួន​ដែលមាន​ភស្តុតាង​ច្បាស់​ថា គោលដៅ​នៃ​ការធ្វើដំណើរ​របស់​ពួកគេ​ចូល​អាមេរិក គឺ​នៅក្រៅ​កិច្ចការ​របស់ UN ហើយ​ប៉ះពាល់​សន្តិសុខ​ជាតិ​របស់​ម្ចាស់ផ្ទះ​។ ក្រោម​ហេតុផល​នេះ គេ​ឃើញ​មាន​ករណី​មួយចំនួន​ដែល​មន្ត្រី​ទូត​ប្រទេស​ខ្លះ ត្រូវ​អាមេរិក​ហាម​ចូល​ទឹកដី​ខ្លួន ឬក៏​កំណត់​ដី​ឲ្យ​ដើរ​ទៀតផង​៕ 

Tag:
 ​អាមេរិក​
  រុស្ស៊ី​
  UN
  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស
© រក្សាសិទ្ធិដោយ thmeythmey.com