ពីនេះ ពីនោះ
ដីធ្លី​៖ ចិន​ចេញ ងាប់​ខ្មែរ​?
27, Dec 2019 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សំណាង និង សុធី មកដល់​ហាង​កាហ្វេ​នៅ​ម៉ោង​៨​ព្រឹក​។ មកដល់​នៅ​ម៉ោង​ប្រហាក់ប្រហែលគ្នា​។ នៅថ្ងៃនេះ សុធី និង​សំណាង មិន​ទាស់សម្តី​គ្នា​ទេ​។ ផ្ទុយទៅវិញ ប្រធានបទ​ដីធ្លី​បាន​ត្រឡប់មកវិញ​សម្រាប់​សំឡាញ់​ទាំងពីរ​នាក់ បន្ទាប់ពី​ឈប់​ជជែក​គ្នា​អស់​រយៈពេល​មួយខែ​មក​។

 
 
​សំណាង​៖ អា សុធី ម៉េច​បានជា ចិន​ចេញ ដី​ចុះថោក ហើយ​ខ្មែរ​ខ្លះ​ស្ទះ​លុយ រក​ថ្លែង​មិន​ចេញ​? 
 
​សុធី​៖ បើតាម​អញ​ដឹង ជាពិសេស​នៅ​កំពង់សោម គឺថា ពីរ​ឆ្នាំមុន ចិន​ចូលមក​ច្រើន ហើយ​ចិន​ក៏​ទម្លាក់​លុយ​ទិញ​ដី​ខ្លះ តែ​មិន​ច្រើន​ទេ​។ ពេល​ចិនដា​ក់លុយ​ភ្លាម​ខ្មែរ​មួយចំនួន​ឃើញ​ដូច្នេះ ពួកគេ​ក៏​ចាប់ផ្តើម​ជ្រួលច្របល់​ទិញ​តៗ​គ្នា​ដែរ​។ 
 
​សំណាង​៖ អ៊ីចឹង​មានន័យថា ចំនួន​ចិន​មិន​ច្រើន​ទេ​ដែល​ទិញ​ដី​ពិតប្រាកដ តែ​ខ្មែរ​ទេ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​កំពង់សោម​ឡើងថ្លៃ​? 
 
​សុធី​៖ តាមពិត គឺ​អ៊ីចឹង​មែន អា សំណាង​។ 
 
​សំណាង​៖ អ៊ីចឹង ឥឡូវ ពេល​ចិន​ចេញ តើន​រណា​ជា​អ្នករងគ្រោះ​ខ្លាំង អា សុធី​? 
 
​សុធី​៖ បើតាម​អញ​ដឹង​តាម​មាត់ចាប មាត់​ព្រាប គឺថា ខ្មែរ​ជាច្រើន​បាន​ចូលរួម​«​ឆា​»​ដី​ជាមួយ​វត្តមាន​ចិន​កាលពី​២​ឆ្នាំមុន ហើយ​ពេល​ចិន​ចេញ​ទៅវិញ ខ្មែរ​ទាំងនោះ ប៉ះ​សក់​ច្រូង​។ ពិបាក​រកលុយ​បង់​ធនាគារ​។ 
 
​សំណាង​៖ អ៊ីចឹង​មានន័យថា មិនមែន​ចិន​ទិញ​ច្រើន​ទេ​ឬ​? 
 
​សុធី​៖ អា សំណាង តាមពិត ពាក្យ​ថា​«​ចិន​»​នេះ ពេលខ្លះ គ្រាន់តែ​គេ​យកមក​បំប៉ោង​, ឆា​, ស្ល ឲ្យ​ដី​ឡើងថ្លៃ​តែប៉ុណ្ណោះ​។ មែនទែនទៅ ពេលខ្លះ គេ​យកពាក្យ អ្នកវិនិយោគ​ចិន​មក​ប្រើ​ដើម្បី​ប្រយោជន៍ ហើយ​ចិន​មែនទែន មិន​ទាំង​ដឹងខ្លួន​ផង​ហ្នឹង អា សំណាង​។ 
 
​សំណាង​៖ អ្ហើ អញ​ទើប​ដឹង​រឿង​ពិត​ថា វា​អ៊ីចឹង​សោះ​។ អរគុណ​អា សុធី ដែល​ទទួលបាន​ព័ត៌មាន​ច្រើន​ពី​មាត់ចាប មាត់​ព្រាប​៕ 
 
​នៅ​ព្រឹក​នេះ សំឡាញ់​ទាំងពីរ​នាក់​បែក​គ្នា​នៅ​ម៉ោង​៩​ព្រឹក ហើយ​អ្នក​ទាំងពីរ​សន្យា​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ​៕   

© រក្សាសិទ្ធិដោយ thmeythmey.com