កីឡាជាតិ
ជាតិ
ស៊ន សៀវ​ម៉ី អន់​ចិត្តនឹង​ការលើកឡើង ដែលថា មេដាយមាស​ខ្លួន​បាន​ពី​សំណាង និង​មាន​អ្នក​ជួយ
28, Dec 2019 , 12:59 pm        
រូបភាព
កីឡាការិនី ស៊ន សៀវម៉ី (មួយក្រហម)អំឡុងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសហ្វីលីពីន
កីឡាការិនី ស៊ន សៀវម៉ី (មួយក្រហម)អំឡុងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសហ្វីលីពីន
ដោយ:
​កីឡាការិនី ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន អន់​ចិត្តនឹង​ការលើកឡើង ដែលថា មេដាយមាស​ខ្លួន​កើតចេញពី​សំណាង និង​មាន​ការជួយជ្រោមជ្រែង​ពី​អ្នកដទៃ​។ បើ​អាច​កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូបនេះ ចង់​ឲ្យ​ផ្លាស់ប្តូរ​ពី​ពាក្យរិះគន់​ជំនួស​ដោយ​ពាក្យ​លើកទឹកចិត្ត ព្រោះ​កីឡាករ​ត្រូវការ​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ ឬ​អ្នកគាំទ្រ​។ ទោះបី​យ៉ាងនេះ​ក្តី ម្ចាស់​មេដាយមាស​កីឡា​អាស៊ី Asian Games 2014 រូបនេះ ប្តេជ្ញា​នឹង​បន្ត​ដើរ​លើ​វិថី​នេះ​ជាមួយ​គោលដៅ​ដណ្តើម​មេដាយមាស​ស៊ី​ហ្គេម​ឲ្យ​បាន​៥​ជំនាន់​។

 
 
​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ហាក់​មិន​ពេញចិត្ត​ចំពោះ​ការលើកឡើង ដែល​ចោទថា មេដាយមាស​កីឡា​ស៊ី​ហ្គេម​របស់​នាង​បាន​ដោយ​សំណាង និង​មានការ​អន្តរា​គម​ពី​អ្នកដទៃ​។ ទោះបី​មិន​បញ្ចេញ​ឈ្មោះ តែ​កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូបនេះ អះអាងថា អ្នក​ដែល​លើកឡើង​នូវ​ពាក្យ​ទាំងនេះ គឺជា​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WTF កម្ពុជា​។ នាង​បាន​បន្ថែមថា វា​មិនមែនជា​លើក​ទី​១​នោះទេ ដែល​មន្ត្រី​រូបនេះ​លើកឡើង​ដូច្នេះ ពោលគឺ​តាំងពី​នាង​ឈ្នះ​មេដាយមាស​កីឡា Asian Games តាំងពី​ឆ្នាំ​២០១៤ នៅ​សាធារណរដ្ឋ​កូរ៉េ​មកម្ល៉េះ​។ 
 
​សម្រាប់ ស៊ន សៀវ​ម៉ី រាល់​សមិទ្ធផល​ទាំងអស់ គឺ​កើតឡើង​ពី​ការ​ខិត​ប្រឹងប្រែង មិនមែន​បាន​ដោយ​ងាយៗ​ដូច​ការលើកឡើង​ខាងលើ​នោះទេ​។ «​ខ្ញុំ​មាន​បញ្ហា​បន្តិចបន្តួច​នៅក្នុង​សហព័ន្ធ​ផ្ទាល់ ព្រោះ​មេដាយ​មួយ​នឹង​(​មេដាយមាស​កីឡា​ស៊ី​ហ្គេម​)​បានមកពី​ការ​ខំប្រឹង បើ​មិន​មានការ​ខំប្រឹង ក៏​មិនអាច​ទទួលបាន​ជោគជ័យ​ដែរ​។ ពាក្យសម្តី​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្តជា​យូរ​មកហើយ មិនមែន​ទើបតែ​ឥឡូវ​នឹង​ទេ ព្រោះ​គាត់​បាន​និយាយ​ពាក្យ​នឹង​ជាច្រើនលើក​រួចមកហើយ គាត់​ថា ខ្ញុំ​សំណាង​ទើប​ឈ្នះ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​ណាហ្គា​វើ​ល​ដ៏​។ 


 
​សៀវ​ម៉ី បញ្ជាក់​បន្ថែមថា កីឡាករ​គ្រប់រូប​ត្រូវការ​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ និង​អ្នកគាំទ្រ ដើម្បី​ជា​ចលករ​ក្នុង​ការជួយ​ជំរុញ​ការខិតខំ​ប្រឹងប្រែង​និង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​។ ពួកគេ​ពិបាក​នឹង​ទទួលយក​ខ្លាំងណាស់ នៅពេល​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​មុខមាត់​ប្រទេសជាតិ ទទួលបាន​ផល​ត្រឡប់មកវិញ​នូវ​ពាក្យរិះគន់​ពី​សំណាក់​អ្នកណាម្នាក់​។ 
 
​នៅពេល​សួរថា បើ​សមិទ្ធផល​ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​កើត​ពី​សំណាង តើ​យើង​មាន​អារម្មណ៍​យ៉ាងណា​? សៀវ​ម៉ី ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​៖«​ពិបាក​ទទួលយក​ខ្លាំងណាស់​បង ព្រោះថា បើ​អ្នក​នៅក្រៅ​វិស័យ​កីឡា​អាច​គាត់​មិន​យល់​ពី​កីឡា​ថា​វា​ម៉េច តែ​ពាក្យ​នេះ​លឺ​ចេញពី​អ្នកកីឡា ដែល​អាច​និយាយបានថា ជា​ថ្នាក់ដឹកនាំ​ម្នាក់​ក្នុង​វិស័យ​កីឡា​តេ​ក្វាន់​ដូ ដោយ​គាត់​តែងតែ​និយាយ​គ្រប់ការ​ជោគជ័យ​របស់​ខ្ញុំ គាត់​ថា ខ្ញុំ​ជោគជ័យ​ដោយ​សំណាង និង​មាន​អ្នកនេះ​ជួយ​អ្នកនោះ​ជួយ​ជាដើម​»​។ 
 
​ទន្ទឹមនឹង​ស្នើ​ឲ្យ​ផ្លាស់ប្តូរ​ពី​ពាក្យ​ជោគជ័យ​ដោយសារ​សំណាង និង​មាន​អ្នក​ជួយ​ទៅជា​ពាក្យ​លើកទឹកចិត្ត ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ហ្វីលីពីន​រូបនេះ​បានលើកឡើង​ពី​កត្តា ដែល​ជួយ​ជំរុញ​ឲ្យ នាង អាច​ជម្នះ​ពាក្យរិះគន់​ដូច្នេះ​ថា​៖«​ខ្ញុំ​ចូលចិត្ត​តបស្នង​អ្នកមើល​អត់​ឃើញ​ពី​ការខិតខំ​របស់ខ្ញុំ នូវ​ភាពជោគជ័យ​របស់ខ្ញុំ ព្រោះ​ម៉ាក់​ខ្ញុំ​គាត់​និយាយថា បើ​យើង​ជោគជ័យ​អ្នក​ដែល​អត់​ចូលចិត្ត​យើង​កាន់តែ​អត់​សប្បាយចិត្ត​។ ប៉ុន្តែ​បើ​យើង​ធ្វើតាម​អ្វីដែល​គាត់​ចង់បាន គាត់​រឹតតែ​សប្បាយចិត្ត​។ ដូច្នេះ​ខ្ញុំ​មិនអាច​ឲ្យ​គាត់​ឃើញ​បរាជ័យ​របស់ខ្ញុំ​បានទេ ខ្ញុំ​ត្រូវតែ​យក​ជោគជ័យ​ឲ្យ​គាត់​ឃើញ​»​។ 
 
​ជាមួយ​ការតាំង​ចិត្តនឹង​បន្ត​ដើរ​លើ​វិថី​នេះ កីឡាការិនី​កម្ពស់​១.៨៣​ម៉ែត្រ​រូបនេះ ដាក់​គោលដៅ​ចង់​ឈ្នះ​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ឲ្យ​បាន​៥​សម័យកាល ខណៈ​បច្ចុប្បន្ន​នាង​ឈ្នះ​មេដាយមាស​កីឡា​ស៊ី​ហ្គេម​បាន​៣​លើក​ហើយ គឺ​នៅ​ឆ្នាំ​២០១៣, ២០១៧ និង​ឆ្នាំ​២០១៩​។ គោលដៅ​បន្ទាប់ សៀវ​ម៉ី ចង់​ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​ឆ្នាំ​២០២១ និង​ស៊ី​ហ្គេម​លើក​ទី​៣០​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕   
 

Tag:
 ស៊ន សៀវ​ម៉ី​
  តេ​ក្វាន់​ដូ WTF
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com