ជាតិ
ព្រៃវែង​-​ភ្នំពេញ ជា​ដំណើរ​ផ្លូវ​ជីវិត​របស់​អ្នកស្រី នួន និង​ស្វាមី ដែល​ប្រកប​របស់​លក់​ផ្លែ​ត្នោត​
28, Dec 2019 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី ធី ស្រី​នួន មានមុខរ​បរជា​អ្នកលក់ ផ្លែ​ត្នោត កំពីងត្នោត ទឹកត្នោត និង​ស្ករត្នោត នៅ​ផ្លូវ ២០០៤ ។ ក្រោកពីដំណេក​នៅ​ម៉ោង​៣​ទៀបភ្លឺ អ្នកស្រី នួន និង​ស្វាមី ត្រូវធ្វើ​ដំណើរ​ពី​ផ្ទះ នៅ​ម្តុំ​ទំនប់​កប់​ស្រូវ ឆ្ពោះទៅ​ខេត្តព្រៃវែង ដើម្បី​យក​ផ្លែ​ត្នោត និង​កំពីងត្នោត មក​លក់​នៅ​ភ្នំពេញ រៀងរាល់​ពីរ​ថ្ងៃ​ម្តង​។ អ្នកស្រី នួន ក៏មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែរ ប៉ុន្តែ​វា​ជម្រើស​សម្រាប់​អ្នកស្រី ដែល​គ្មាន​ការងារ​ផ្សេង​ពីនេះ​ឡើយ​។ របរ​លក់​ត្នោត​នេះ ជា​របរ​គោល​មួយទៀត សម្រាប់​គ្រួសារ​អ្នកស្រី នួន បន្ទាប់ពី​ធ្វើស្រែ​ចម្ការ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

  
 
​មាន​វ័យ​២០​ឆ្នាំ អ្នកស្រី ធី ស្រី​នួន និង​ស្វាមី​បាន​ចាប់ដៃគ្នា កសាង​គ្រួសារ​៤​ឆ្នាំ​មកហើយ ។ អ្នក​ទាំង​ពីរបាន​ប្រកបមុខរបរ​លក់​ផ្លែ​ត្នោត កំពីងត្នោត ទឹកត្នោត និង​ស្ករត្នោត ក្រៅពី​ធ្វើស្រែ​ចម្ការ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ជា​របរ​បន្ត​ពី​ម្តាយ​-​ឳ​ពុក​។ កំពុង​ឈរ​លក់​ផ្លែ​ត្នោត​ឲ្យ​ភ្ញៀវ នៅ​ផ្លូវ​២០០៤ ស្ថិតនៅក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ អ្នកស្រី នួន បាន​រៀបរាប់ថា​៖«​ស្ករត្នោត និង​ទឹកត្នោត ខ្ញុំ​យក​ពី​បងជីដូនមួយ​ធ្វើខ្លួន​ឯង​នៅ​ទំនប់​កប់​ស្រូវ​។ ឯ​ផ្លែ​ត្នោត និង គ្រាប់ត្នោត​ទុំ​(​យក​កំពីង​) ត្រូវ​ឡើងទៅ​យក​នៅ​ព្រៃវែង ពីរ​ថ្ងៃ​ម្តង​។ យើង​ទិញ​គេ​ម៉ៅ​ជាដើម ហើយ​ត្រូវ​ឡើង​កាប់​ខ្លួនឯង​ទៀត​(​ស្វាមី​)»​។ 


 
​ជា​អ្នក​ខេត្តកំពង់ចាម និង​ប្តូរ​មក​តាំងទី​លំនៅ​ជាយ​រាជធានី​ភ្នំពេញ​បាន​ជិត​១​ខែ អ្នកស្រី ស្រី​នួន មាន​ក្តីបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​រហូតដល់​៧០​គីឡូម៉ែត្រ ដែល​សម្បូរ​ឡានធំៗ  ឯ​ប្តី​អ្នកស្រី​ក៏ត្រូវ​ឡើង​កាប់​ត្នោត ជួនកាល​មាន​សត្វ​ទិច  ដែលជា​ការងារ​ប្រឈម​នឹង​គ្រោះថ្នាក់​ផងដែរ​។ ដ្បិត​ដឹងថា មាន​បញ្ហា​ប្រឈម​បែបនេះ​ក្តី ប៉ុន្តែ​អ្នកស្រី​មិន​បោះបង់​មុខរបរ​នេះឡើយ ព្រោះ​អ្នកស្រី​មិនដឹងថា​ត្រូវធ្វើ​អ្វី​ក្រៅពីនេះ ។ ដូច្នេះ​អ្នកស្រី នួន និង​ស្វាមី មានតែ​បង្កើន​ការប្រុងប្រយ័ត្ន​ទេ !
 
​មាន​សម្បុរ​ខ្មៅ​ស្រឯម អ្នកស្រី ស្រី​នួន បាន​ឲ្យ​ដឹង​ទៀតថា ត្នោត​ដែល​រក​ទិញ​នៅ ស្រុក​ស្វាយ​ន្ទ​រ ខេត្តព្រៃវែង មួយ​ដើម​ត្រូវ​ម៉ៅ​ក្នុងតម្លៃ ចន្លោះ​ពី​៥០០០-១៥០០០​រៀល និង​ត្រូវ​ដើររក​ទិញ​រហូត​ពេញ​រ៉ឺម៉ក ទើប​ត្រឡប់មក​ភ្នំពេញ​វិញ​នៅពេល​រសៀល​។ 
 
 
​ជា​មធ្យម​អ្នកស្រី និង​ស្វាមី អា​ចរក​ចំណូល បាន​១០​ម៉ឺន​រៀល ដោយ​ការលក់​កំពីងត្នោត និង​ផ្លែ​ត្នោត​១​ថង់​លក់បាន​តម្លៃ ៤​ពាន់​-៥​ពាន់​រៀល ទឹកត្នោត​១​ដប​តម្លៃ​២​ពាន់​រៀល និង​ស្ករត្នោត​តម្លៃ​ចន្លោះ​១៥,០០០-៣0,000​រៀល​។ «​ផាត់​ថ្លៃ​ចំណាយ​ផ្សេងៗ សល់​បាន​៣-៤​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ទុក​សម្រាប់​តម្រូវការ​ផ្សេងៗ​និង​ផ្គត់ផ្គង់​កូនប្រុស​តែ​ម្នាក់ មាន​អាយុ​៣​ឆ្នាំ ដែល​អ្នកស្រី​យកមក​រស់នៅ​ជាមួយ »​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ស្រី​នួន និង​ស្វាមី ដែល​បាន​និយាយ​បន្ថែម​ទាំង​ទឹកមុខ​ញញឹម​ថា ខ្លួន​ប្រឹងប្រែង​ប្រកប​របរ​នេះ ដើម្បី​ឲ្យ​កូន​បាន​រៀន​បាន​ខ្ពង់ខ្ពស់ ហើយ​មាន​ការងារ​ល្អ ព្រោះ​មិន​ចង់​ឲ្យ​ធ្វើ​ការងារ​លំបាក​ដូច​ខ្លួន​៕










 

Tag:
 ​ត្នោត​
 ​របរ​ចិញ្ចឹម​
 ​របរ​លក់​ផ្លែ​ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com