ជាតិ
សង្គមជាតិ
សម្តេច ទៀ បាញ់ ប្រាប់​ទៅ​កងរាជអាវុធហត្ថ​ឲ្យ​ជួយ​ទប់ស្កាត់​ការបំពាន​របស់​អាជ្ញាធ​រលើ​ពលរដ្ឋ​
27, Dec 2019 , 11:20 am        
រូបភាព
សម្តេច ទៀ បាញ់ ធ្វើជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ របស់កងរាជអាវុធហត្ថ (រូបពីក្រសួងការបារជាតិ)
សម្តេច ទៀ បាញ់ ធ្វើជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ របស់កងរាជអាវុធហត្ថ (រូបពីក្រសួងការបារជាតិ)
ដោយ: ថ្មីៗ
​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ណែនាំ​កងរាជអាវុធហត្ថ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​គ្រប់គ្រង​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ ហើយ​ត្រូវ​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ត់ចត់ ក្នុងការ​ការពារ​មិន​ឲ្យ​មាន​អំពើពុករលួយ និង​ «ការរំលោភ​អំណាច​ពី​សំណាក់​អាជ្ញាធរ ទៅលើ​ប្រជាពលរដ្ឋ»​។ ការណែនាំ​របស់​សម្តេច គឺធ្វើឡើង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធ​ផលការងារ​ឆ្នាំ​២០១៩ របស់​កងរាជអាវុធហត្ថ កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​ចុះផ្សាយ​ដោយ​ក្រសួងការពារជាតិ​។​


 
​គេហទំព័រ​របស់​ក្រសួងការពារជាតិ បាន​សរសេរ​ពីស​ម្តី​របស់​សម្តេច ទៀ បាញ់ យ៉ាង​ដូច្នេះ​ថា​៖«​កងរាជអាវុធហត្ថ ត្រូវ​បន្ត​ខិតខំ​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​នៃ​សេវាសាធារណៈ ព្រោះ​វា ជា​បេសកកម្ម​ដ៏​ធំចម្បង​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​។ ត្រូវ​ប្រែក្លាយ​កងរាជអាវុធហត្ថ ឲ្យ​ទៅជា​កម្លាំង​ដែល​ផ្តល់​សេវា​ដ៏​មាន​ប្រសិទ្ធភាព សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង ដោយមាន​ទឹកចិត្ត​មោះមុត មាន​ភក្តីភាព ធ្វើជា​អ្នកផ្តល់​សេវា​គួរ​ឲ្យ​គោរព និង​មាន​សីលធម៌​វិជ្ជាជីវៈ​»​។​
 
​ទន្ទឹមនេះ រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​ដាស់តឿន​កងរាជអាវុធហត្ថ ឲ្យ​ពង្រឹង​ការងារ​និង​គ្រប់គ្រង​កងកម្លាំង​ខ្លួន ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ ដោយ​ត្រូវ​បំបាត់ចោល​អ្នក ដែល​មិន​គោរព​បទបញ្ជា និង​ជំនាញ​វិជ្ជាជីវៈ​។ លើសពីនេះ សម្តេច​រដ្ឋមន្ត្រី បង្គាប់​ឲ្យ​ស្ថាប័ន​កងរាជអាវុធហត្ថ ផ្សព្វផ្សាយ​ពី​សភាពការណ៍​ថ្មីៗ ហើយ​ត្រូវ​អប់រំ​ផ្នែក​នយោបាយ និង​សតិអារម្មណ៍ ដល់​កងរាជអាវុធហត្ថ​នៅ​ទូទាំងប្រទេស​។ ម្យ៉ាងទៀត សម្តេច បាន​ជំរុញ​ឲ្យ​កងរាជអាវុធហត្ថ សហការ​ជាមួយ​ក្រសួង ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប​បទល្មើស​នានា​។ 
 
​របាយការណ៍​របស់​ក​ង​រាជ​អាវុធ ដែល​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០១៩ បង្ហាញថា ក្នុង​ឆ្នាំ​២០១៩ កងរាជអាវុធហត្ថ បាន​បង្ក្រាប​បទល្មើស​ជាង​២,៣​ពាន់​ករណី​៕

Tag:
 ទៀ បាញ់​
  កងរាជអាវុធហត្ថ​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com