កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool នាំមុខ​ដាច់​១៣​ពិន្ទុ ខណៈ Spurs និង Man Utd ឡើង​កៀក​តំបន់ Top4
27, Dec 2019 , 11:44 am        
រូបភាព
​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League នៅ​ថ្ងៃ Boxing Day បន្សល់ទុក​កាដូ​ដ៏​រីករាយ​សម្រាប់ Liverpool, Tottenham Hotspurs ក៏ដូចជា Manchester United និង Everton ជាដើម ដែល​ពួកគេ​សុទ្ធតែ​រកបាន​បី​ពិន្ទុ​រៀងៗ​ខ្លួន​។​


 
Liverpool បន្ត​យុទ្ធនាការ​របស់ខ្លួន​នៅ​សប្តាហ៍​ទី​១៩ ដោយ​មិនទាន់​ស្គាល់​បរាជ័យ​ឡើយ តាមរយៈ​ជ័យជម្នះ​ដល់​ទៅ ៤-០ លើ​ក្រុម​ម្ចាស់ផ្ទះ Leicester City នៅ​យប់​ថ្ងៃទី​២៦ ខែធ្នូ​។ ខ្សែប្រយុទ្ធ Roberto Firmino រកបាន​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង ខណៈ James Milner និង Trent Alexander-Arnold រកបាន​ម្នាក់​១​គ្រាប់​។ ៣​ពិន្ទុ​នេះ បាន​នាំ​ហង្ស​ក្រហម​កើន​ដល់​៥២​ពិន្ទុ ដោយ​នាំមុខ​ក្រុម​លេខ​២ Leicester ចំនួន​១៣​ពិន្ទុ​។​
 
​មាន់​ខ្នាយ​មាស ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Jose Mournho បាន​ឡើង​លេខ​៥ ក្រោយ​វាយបក​យកឈ្នះ Brighton ២-១ ដោយ​កើន​ដល់​២៩​ពិន្ទុ​។ ២​គ្រាប់​របស់ Spurs រកបាន​ដោយ​ខ្សែប្រយុទ្ធ Harry Kane និង Dele Alli មុនពេល Adam Webster តែ​ត​ឲ្យ Brighton នា​មុខ​១​គ្រាប់​មុខ​។ Spurs កាន់​តែមាន​ពិន្ទុ​កៀក Chelsea ដែល​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​ក្រោយ​ចាញ់ Southampton ២-០​។ តៀ​ខៀវ​នៅ​ឈរ​លេខ​៤ ដែលមាន​៣២​ពិន្ទុ​។​
 
​ដោយឡែក Manchester United នៅ​ជំនួប​នៅ​ថ្ងៃ Boxing Day នេះ បាន​យកឈ្នះ Newcastle United​ ​៤-១ ដោយ​គ្រាប់​បាល់​វាយបក បន្ទាប់ពី​ពួកគេ​បរាជ័យ​យ៉ាង​អាម៉ាស​ក្រោយ​ចាញ់​ក្រុម​បាត​តារាង Watford ២-០ កាលពី​សប្តាហ៍​មុន​។ Matthew Longstaff ជា​អ្នក​ស៊ុត​នាំមុខ​ឲ្យ​ក្រុម​សារិកា​ព្រៃ​នៅ​នាទី​១៧ មុនពេល Anthony Martial ស៊ុត​តាម​ស្មើ​នៅ​៧​នាទី​បន្ទាប់​។ Mason Greenwood និង Marcus Rashford រកបាន​ម្នាក់​១​គ្រាប់​បន្តបន្ទាប់ មុនពេល Martial បន្ថែម​គ្រាប់​ទី​២​របស់ខ្លួន​។​
 
​ជ័យជម្នះ​នេះ បាន​ជួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Ole Gunnar Solskjaer កើន​ដល់​២៨​ពិន្ទុ ពី​ការប្រកួត​១៩​លើក និង​កំពុង​រំកិល​ខ្លួន​ទៅ​ចិត្ត​តំបន់ Top4 ដោយមាន​គម្លាត​ពិន្ទុ​ពី​ក្រុម​លេខ​៤ Chelsea ចំនួន​៤​ពិន្ទុ​។​
 
​ជំនួប​គូ​ដទៃទៀត Everton ឈ្នះ Burnley ១-០, Crystal Palace វាយបក​ឈ្នះ West Ham United​ ២-១, Aston Villa ឈ្នះ Norwich City ១-០ រីឯ Bournemouth ស្មើ​ជាមួយ Arsenal ១-១ ដូច​ជំនួប​រវៀង Sheffled United និង Watford ដែរ​៕


Tag:
 Boxing Day
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com